37 C
Phnom Penh

អ្នកភូមិ​​​ជន​​​ជាតិ​​ដើម​​​​ភាគតិច​​​ព្នង​​​បន្ត​​​តវ៉ា​​​ប្រឆាំង​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ភូមិ​​​ជន​​​ជាតិ​ដើម​​​ភាគ​​​តិច​ព្នង​មួយ​ក្រុម ​ដែល​មាន​កំហឹង​​បាន​ប្រឈម​មុខ​ជាមួយ​​នគរ​បាល​ប្រដាប់​អាវុធ​ក្នុង​ខេត្ត​មណ្ឌល​គិរី​កាលពី​ព្រឹក​ម្សិលមិញ ជុំវិញ​ដីស្រែ​​​ចម្ការ​ទំហំ​រាប់​រយ​ហិកតា ដែល​អ្នក​​​ភូមិ​​​ជន​​​ជាតិ​ដើម​​​ភាគ​​​តិច​ទាំងនេះ​​​បាន​​​ចោទ​ក្រុម​ហ៊ុន​ចម្ការ​កៅ​​​ស៊ូ​​​ក្នុង​មូលដ្ឋាន​មួយ​ថា បាន​ប្លន់​យក​។

អ្នកភូមិ​២១១​គ្រួសារ​លើក​ឡើង​ថា ពួកគាត់​បាន​ធ្វើ​ស្រែចម្ការ​លើ​ដី​នេះ​ច្រើន​ជំនាន់​មក​ហើយ ហើយ​បាន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ Binh Phuoc 1 ដែល​បាន​ចាប់​ផ្ដើម​​​យក​​​​​​ត្រាក់​ទ័រ​​មក​​​រាន​ដី​ក្នុង​តំបន់​នេះ​​រយៈ​ពេល​ប្រហែល​១ខែ​មក​ហើយ ថា​បាន​​​ព្យាយាម​យក​ដី​ពី​ពួក​​​គាត់​។

អ្នកភូមិ​ជា​​​ច្រើន​​​គ្រួសារ​ដែល​ផ្ទះ​​​សម្បែង​​​របស់​​​ពួកគាត់​​​នៅ​​​លើ​​​ដី​​​ដែល​​​មាន​​​វិវាទ​​​ត្រូវ​បាន​​​កម្លាំង​សន្តិសុខ​រុះរើ​កាលពី​សប្ដាហ៍​មុន ហើយ​អ្នក​ភូមិ​ប្រហែល​១០០​គ្រួសារ​ទៀត​បាន​ត្រឡប់​មក​កន្លែង​នេះ​វិញ​កាលពី​ព្រឹក​ម្សិលមិញ ដោយ​ស្រែក​ដាក់​បុគ្គលិក​ក្រុម​ហ៊ុន​ និង​ទាមទារ​ដី​របស់​ពួកគាត់​វិញ។

លោក យ៉ាន ម៉ៅ អ្នក​តវ៉ា​ម្នាក់​បាន​និយាយ​ថា នគរ​បាល​ និង​​​កង​រាជ​​​អាវុធ​ហត្ថ​ប្រដាប់​ដោយ​អាវុធ​ប្រហែល​៣០​នាក់​ក៏​មាន​វត្តមាន​ផង​ដែរ ដោយ​គំរាម​ចាប់​ខ្លួន​មេដឹកនាំ​ការ​តវ៉ា​។

លោក​បាន​និយាយ​ថា ” យើង​គិត​ថា នគរ​បាល​​មក​ជួយ​យើង ប៉ុន្តែ​​​ពួកគេ​មក​ការ​ពារ​ក្រុម​ហ៊ុន​​​តែ​​​ប៉ុណ្ណោះ​”។

ការ​តវ៉ា​បាន​កើត​ឡើង​ដោយ​គ្មាន​ឧបទ្ទវហេតុ​អ្វី​ឡើយ​ប្រហែល​ជា​ថ្ងៃ​ត្រង់ ប៉ុន្តែ​លោក យ៉ាន ម៉ៅ បាន​និយាយ​ថា ក្រុម​អ្នក​តវ៉ា​នឹង​​ត្រឡប់​មក​វិញ។

លោក​បាន​និយាយ​ថា ” អ្នកភូមិ​នឹង​មក​តវ៉ា​​​អំពី​​​ដី​​​ដែល​មាន​វិវាទ​នេះ​​​ទៀត​​​ ហើយ​​​ពួកគាត់​មាន​គម្រោង​សាងសង់​ជម្រក​​ទីនោះ​នៅ​ថ្ងៃស្អែក​ [ថ្ងៃ​​​ច័ន្ទ]។ ប្រសិន​បើ​​​អាជ្ញា​​​ធរ​ប្រើ​កម្លាំង​ យើង​​នឹង​តតាំង​ដោយ​ប្រើ​ដំបង​វិញ ពីព្រោះ​ដី​នេះ​ជា​របស់​ដូនតា​យើង​”។

លោក ស៊ិន វ៉នវុធ អភិបាល​ស្រុក​បាន​បដិសេធ​ថា កម្លាំង​​សន្តិសុខ​មិន​ត្រូវ​បាន​​បញ្ជូន​ទៅ​បំភិត​បំភ័យ គំរាម​កំហែង​ឬ​ចាប់ខ្លួន​អ្នក​តវ៉ា​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​បាន​បញ្ជូន​នគរ​បាល​ និង​កង​រាជ​អាវុធ​ហត្ថ​មិន​មែន​ឲ្យ​ចាត់​វិធានការ​ទៅ​លើ​​​ក្រុម​អ្នក​តវ៉ា​ទេ ប៉ុន្តែ​ដោយ​សារ​យើង​បារម្ភ​ថា អាច​មាន​​​អំពើ​​​ហិង្សា​​កើត​ឡើង​”។

លោក​ វ៉នវុធ ក៏​បាន​មានប្រសាសន៍​ផង​ដែរ​ថា ​លោក​បាន​ប្រគល់​ដី​ទំហំ​៣៧៥​ហិកតា​ ក្នុង​ចំណោម​ដី​ដែល​មាន​​​វិវាទ​ដំបូង​ទំហំ​៥០០​ហិក​​​តា​​​រួច​​​ហើយ​​​​ទៅ​អ្នកភូមិ​១២៩​គ្រួសារ ដែល​អាជ្ញាធរ​បាន​កំណត់​ថា ជា​អ្នក​មាន​សិទ្ធិ​កាន់​កាប់​ដី​នេះ​ស្រប​ច្បាប់​ ហើយ​បាន​ចោទ​ប្រកាន់​អ្នកភូមិ​២១១​គ្រួសារ​ ដែល​នៅ​តែ​បន្ត​តវ៉ា​ថា ជា​​​អ្នក​​​មក​​​តាំង​​​ទីលំនៅ​​ថ្មីៗ​ប៉ុណ្ណោះ។

លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​មិន​អាច​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​អ្នក​តវ៉ា​ទាំង​នេះ​បាន​ឡើយ ពីព្រោះ​ពួកគាត់​គឺ​ជា​អ្នក​ចំណូល​ថ្មី”។

លោក ចេង សុវិចិត្រ អ្នក​គ្រប់​គ្រង​នៅ​ចម្ការ​កៅស៊ូ​នេះ​បាន​អះអាង​ថា ក្រុម​ហ៊ុន​របស់​លោក​មាន​សិទ្ធិ​កាន់​​​កាប់​​​ដី​​​នេះ​​​ស្រប​ច្បាប់ ប៉ុន្តែ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ឡើយ។ លោក​បាន​​​មាន​ប្រសាសន៍​ថា ” ដី​នេះ​ជា​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុន ពីព្រោះ​យើង​មាន​ផែនទី​កំណត់​ទីតាំង​ច្បាស់​លាស់”៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស