26 C
Phnom Penh

ទារិកា​អាយុ​៤​ខែ​ម្នាក់​ត្រូវ​បាន​ធ្វើ​តេស្ត​ថា មាន​ផ្ទុក​មេរោគ​អេដស៍​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​មូល​​​ដ្ឋាន​​​ម្នាក់​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពីម្សិលមិញ​​​ថា ទារិកា​​​អាយុ​​​៤​​​ខែ​​​ម្នាក់​​​ ជា​​​មនុស្ស​​​ម្នាក់​​​ក្នុង​​​ចំណោមអ្នកភូមិនៅ​​​ក្នុង​​​ឃុំ​​​រកា ខេត្ត​​​បាត់​​​ដំបង​​​ដែលត្រូវ​​​បាន​​ធ្វើ​​​តេស្ត​​​ឈាម​​​រក​​​ឃើញ​​​​​​ថា​​​មាន​​​ផ្ទុក​​​មេរោគ​​​អេដស៍​ដែរ ខណៈ​មនុស្ស​​​មួយ​​​ចំនួន​​​ដែល​បាន​​​ឆ្លង​​​មេរោគ​​​នេះ​​​បាន​​​បន្ត​​​កើន​​​ឡើង​​​។

មនុស្ស​​​ជាង​​​២០០នាក់​​​ក្នុង​​​ចំណោម​​​មនុស្ស​​​ប្រហែល​​​១.៧០០នាក់​​​ រស់​​​នៅ​​​ក្នុង​​​ឃុំ​​​នេះ​​​នៅ​​​ក្នុង​​​ស្រុក​​​សង្កែ​​​ ឥឡូវ​​​នេះ​​​ត្រូវ​​​បាន​​​ធ្វើ​​​តេស្ត​​​ឈាម​​​រក​​​ឃើញ​​​ថា​​​មាន​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​នៅ​​​​​​មណ្ឌល​​​សុខភាព​​​ក្នុង​​​មូល​​​ដ្ឋាន​​​នេះ​​​ចាប់​​​តាំង​​​ពី​​​ការ​​​ធ្វើ​​​តេស្ត​​​ឈាម​​​លើក​​​ដំបូង​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ។

មូល​​​ហេតុ​​​នៃ​​​ការ​​​ផ្ទុះឡើងនូវ​​​​ជំងឺ​​​នេះ​​​មិន​​​ទាន់​​​ដឹង​​​នៅ​​​ឡើយ​​​ទេ ប៉ុន្តែ​​​ ក្រុម​មន្ត្រី​​​បាន​​​បន្ទោស​​​ទៅ​​​លើ​​​លោក យ៉ែម ជ្រិន ជា​​​គ្រូពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ម្នាក់​​​ដែល​​​តែង​​​តែ​​​ព្យាបាលជំងឺ​​​អ្នក​​​ភូមិ​​​ តាម​​​រយៈ ការ​​​ចាក់​​​ថ្នាំ ហើយគាត​់​​​​បាន​​​ទទួល​​​ស្គាល់​​​ថា គាត​់បាន​​​ប្រើ​​​សឺរ៉ាំង​​​​ដដែលៗ​​​​​​ជា​​​ច្រើន​​​លើក​មែន​​​។

កាល​​​ពី​​​សប្តាហ៍​​​មុន​​​សាលា​​​ដំបូង​​​ខេត្ត​​​បាត់​​​ដំបង​​​បាន​​​ចោទ​​​ប្រកាន់​​​ លោក យ៉ែម ជ្រិន ពីបទ​​​មនុស្ស​​​ឃាត ដែល​អាច​​​មាន​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​អស់​​​មួយ​​​ជីវិត​​​ ហើយ​​​បាន​​​បញ្ជូន​​​ទៅ​​​​​​ពន្ធនា​គារ​​​ខេត្ត​​​។

លោក សឿម ឈុំ ជំទប់​​​ឃុំ​​​រកា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​ជិត​​​ខាង​​​របស់​​​លោក​​​​​​ជា​​​ច្រើន​​​នាក់​​​​​​​​​បាន​​​ទៅ​​​ធ្វើ​​​តេស្ត​​​ឈាម​​​នៅ​​​មណ្ឌល​​​សុខភាព​​​ឃុំ​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មនុស្ស​​​ប្រាំ​​​នាក់​​​ធ្វើ​​​តេស្ត​​​ឈាម​​​រក​​​ឃើញ​​​ថា មាន​​​ផ្ទុក​​​មេរោគ​​​អេដស៍ រួម​​​មាន​​​ស្ត្រី​​​វ័យ​​​ចំណាស់​​​ពីរ​​​នាក់​​​អាយុ​​​៨១ឆ្នាំ និង​​៨៣ឆ្នាំ​​​​​​ ទារិកា​​​អាយុ​​​៤​​​ខែ​​​ម្នាក់ និង​​​បុរស​​​ពីរ​​​នាក់​​​”។

លោក​​​ សឿម ឈុំ បាន​​​មាន​​​ប្រសាសន៍​​​ថា ពល​​​ករ​​​ចំណាក​​​ស្រុក​​​​​​បី​​​នាក់​​​ដែល​​​ទើប​​​តែ​​​ត្រឡប់​​​មក​​​ពី​​​ប្រទេស​​​ថៃ​​​ថ្មីៗ​​​ក៏​​​ត្រូវ​​​បាន​​​ធ្វើតេស្តរក​​​ឃើញ​​​ថា មាន​​​ផ្ទុក​​​មេរោគ​​​នេះ​​​ដែរ​​​កាល​​​ពី​​​ម្សិល​មិញ​​​ ដោយ​​​បន្ថែម​​​ពីលើ​ពល​​​ករ​​​ចំណាក​​​ស្រុក​​​​​១៧​​​នាក់​​​ទៀត​​​ ដែល​​​បាន​​​ធ្វើ​​​តេស្ត​​​រក​​​ឃើញ​​​ថា មាន​​​ផ្ទុក​​​មេរោគ​​​នេះ​​​​​​ បន្ទាប់​​​ពី​​​ត្រឡប់​​​មក​​​ដល់​​​ផ្ទះ​​​វិញ​​​តាំង​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍។

ក្រុម​​​ដែល​​​មាន​​​ភារកិច្ច​​​កំណត់​​​ប្រភព​​​នៃ​​​ការ​​​ផ្ទុះ​​​ឡើង​​​នូវជំងឺ​​​នេះ ដែល​​​ដឹក​​​នាំ​​​ដោយ​​​មជ្ឈ​មណ្ឌល​​​ជាតិ​​​ប្រយុទ្ធ​​​នឹង​​​ជំងឺ​​​អេដស៍ សើ​​​ស្បែក​​​ និង​​​កាម​​​រោគ​​​ នៃក្រសួង​​​សុខាភិបាល​​​ និង​​​មជ្ឈមណ្ឌល​​​អាមេរិក​​​ផ្នែកគ្រប់​​​គ្រង​​​និង​​​ទប់​​​ស្កាត់​​​ជំងឺ​​​ឆ្លង​​​ អង្គការ​​​ UNAIDS អង្គការ​​​យូនី សេហ្វ និង​​​អង្គការ​​​សុខភាព​​​ពិភព​​​លោក​​​បាន​​​បញ្ចប់​​​ការ​​​ប្រមូល​​​ទិន្នន័យ​​​នៅ​​​ក្នុង​​​តំបន់​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​។

លោក​​​ ម៉ាសាមិ ហ្វូជីតាក់​​​ ប្រធាន​​​ក្រុម​​​ផ្នែកគ្រប់គ្រង​​​មេរោគ​​​អេដស៍​​​របស់​​​អង្គការ​​​សុខភាព​​​ពិភព​​​លោក​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​បាន​​​បដិសេធ​​​មិន​​​បញ្ជាក់​​​ថា តើ​​​សំណួរ​​​អ្វី​​​ដែល​​​សួរ​​​ទៅ​​​កាន់​​​ក្រុម​​​អ្នក​​​ភូមិ​​​ឡើយ​​ ប៉ុន្តែ បាន​​​មាន​​​ប្រសាសន៍​​​ថា មូល​​​ហេតុ​​​នៃ​​​ការ​​​ឆ្លង​​​មេរោគ​​​អេដស៍​​​ត្រូវ​​​បាន​​​គេ​​​យក​​​មក​​​ពិចារណា​​​នៅ​​​ក្នុង​​​ការ​​​ស្ទង់​​​មតិ​​​នេះ​​​។

លោក​​​វេជ្ជបណ្ឌិត​​​ ហ្វូជីតាក់ បាន​​​បន្ថែម​​​ថា ក្រុម​​​នេះ​​​មិន​​​ទាន់​​​កំណត់​​​ថា តើ​​​ប្រភព​​​នៃ​​​ការ​​​ផ្ទុះ​​​ឡើង​​​នូវ​​​​​​ជំងឺ​​​នេះ​​​​​​អាច​​​បណ្តាលមកពី​​​ទង្វើ​​​របស​​​់​​​លោក យ៉ែម ជ្រិន ​តែម៉្យាង ឬ​​​ថា​​​តើ​​​ជា​​​កត្តា​​​រួម​​​ផ្សំ​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ឡើយ​​​ រួម​​​មាន​​​ការ​​​ឆ្លង​​​តាម​​​រយៈ​​​ការ​​​រួម​​​ភេទ​​​ ការ​​​ឆ្លង​​​ពី​​​ម្តាយ​​​ទៅ​​​កូន​ជាដើម​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នេះ​​​ជា​​​បញ្ហា​​​ដែល​​​យើង​​​ទាំង​​​អស់​​​គ្នា​​​ត្រូវ​​​ដឹង​​​ វា​​​លំបាក​​​និយាយ​​​ណាស់​​​”។

លោកស្រី កែ សុវណ្ណរតន៍ សមាជិក​​​សភា​​​គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​ប្រធាន​​​គណៈ​​​កម្មការ​​​គាំពារ​​​សុខភាព​​​នៃរដ្ឋសភា​​​​​​បាន​​​មាន​​​​​ប្រសាសន៍​​​ថា លោកស្រី​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​បង្កើត​​​ “កញ្ចប់​​​ថវិកា​​​” ដើម្បី​​​ផ្តល់​​​ជំនួយ​​​ដល់​​​អ្នក​​​ភូមិ​​​​​​ដែល​​​មាន​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​ ហើយ​​​នៅ​​​ពេល​​​ឆាប់​​​នេះ​​​នឹង​​​កោះ​​​ហៅ​​​លោក ម៉ម ប៊ុនហេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សុខាភិបាលឲ្យ​មក​ឆ្លើយបំភ្លឺ​​​​​​នៅ​​​ចំពោះ​​​គណៈ​​​កម្មការ​​​នេះ​​​៕សារុន 

(រាយការណ៍​​​បន្ថែម​​​ដោយ Alex Consiglio)​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស