34 C
Phnom Penh

​កម្មកររោងចក្រ​នាំគ្នា​ធ្វើ​ការ​តវ៉ា​នៅ​មុខ​ស្ថានទូត​កូរ៉េ​ខាងត្បូង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​ប្រហែល​៦០០​នាក់​នៅ​រោងចក្រ​កាត់​ដេរ​​មួយ​​​គ្រប់​គ្រង​​​ដោយ​ជនជាតិ​កូរ៉េខាង​ត្បូង បាន​នាំគ្នា​ធ្វើ​ការ​តវ៉ា​នៅ​ខាង​មុខ​ស្ថានទូត​កូរ៉េខាង​ត្បូង​ប្រចាំ​ក្នុង​រាជ​ធានី​កាលពី​ម្សិលមិញ​ ដើម្បី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ជួយ​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​វិវាទ​របស់​ពួកគេ​ជាមួយ​អ្នក​គ្រប់គ្រង​រោងចក្រ​។

អ្នក​តវ៉ាទាំង​នេះ​គឺ​ស្ថិត​ក្នុង​ចំណោម​​កម្មករ​ប្រហែល​១.២០០​នាក់ នៅ​​រោងចក្រ​កាត់​ដេរ​ Cambo Kotop ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ដែលបាន​នាំគ្នា​ធ្វើ​កូដកម្ម​តាំងពី​ថ្ងៃទី១៦ ខែធ្នូ​មក ដើម្បី​ទាមទារ​ឲ្យ​​មាន​ការ​ផ្ដល់​ការ​ងារ​ឡើង​វិញ​ដល់​តំណាង​សហជីព​ចំនួន​ប្រាំ​នាក់​​​ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​​ពី​ការ​ងារ​នៅ​ថ្ងៃ​នោះ​។

សម្ព័ន្ធសហជីព​ចលនាកម្ពុជា​ ជា​សហជីព​ដែល​នៅ​ពីក្រោយ​ការ​តវ៉ា​នេះ​​បាន​លើក​ឡើង​ថា តំណាង​សហជីព​ទាំង​ប្រាំ​នាក់​នោះ​ត្រូវ​បាន​បណ្ដេញ​ចោល​​ ព្រោះ​ពួកគេ​​​កំពុង​រៀបផែន​ការ​ដឹកនាំ​កូដកម្ម​​មួយ​​នៅ​រោងចក្រ​ ដែល​ជួល​កម្មករ​សរុប​ចំនួន​ប្រហែល​​២.៥០០​នាក់​។

កម្មករ​​​ដែល​បដិសេធ​មិនព្រម​ចូល​ធ្វើ​ការ​ងារ​វិញ ថ្វីបើ​​​សេចក្ដី​បង្គាប់​​របស់​តុលាការ​​កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ បង្គាប់​ឲ្យ​ពួកគេ​​ចូល​ធ្វើ​ការ​វិញ​ក្ដី ​បាន​​នាំគ្នា​ប្រមូល​ផ្ដុំ​នៅ​ខាង​ក្រៅ​​ក្រសួង​ការ​ងារ​ជាលើក​ដំបូង​នៅ​ម៉ោង​ប្រហែល​៨​ព្រឹក​ម្សិលមិញ មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ស្ថានទូត​កូរ៉េ។ នៅ​ពេល​ពួកគេ​បាន​ទៅ​ដល់​ សន្តិសុខ​ខណ្ឌ​ដូនពេញ​ និង​នគរ​បាល​រាប់​សិប​នាក់​បាន​រារាំង​ពួកគេ​​មិន​ឲ្យ​ចូល​ទៅ​ដល់​ខ្លោង​ទ្វារ​មុខ​ស្ថានទូត​ឡើយ។

នៅពេល​មន្ត្រី​ស្ថានទូត​មិន​បាន​ចេញ​មក​ខាង​ក្រៅ​ដើម្បី​ទទួល​យក​ញត្តិ​របស់​ពួកគេ​នោះ ​កម្មករ​ទាំង​នេះ​បាន​​​​​​បង្វែរ​ទិស​ដៅ​​ទៅ​​រដ្ឋសភា​វិញនៅម៉ោង​ប្រហែល​១១ព្រឹក ជាទី​ដែល​លោក ចាន់ ចេង និង​លោក ជា ប៉ូច សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​បាន​ទទួល​យក​ញត្តិ​របស់​ពួកគេ។ នៅ​ក្នុង​ការ​ជួប​ប្រជុំជាមួយ​តំណាង​កម្មករ​ប្រហែល​ប្រាំបី​នាក់​កាលពី​រសៀល​ម្សិលមិញ សមាជិក​សភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​សន្យា​ថា នឹង​ព្យាយាម​ដោះស្រាយ​វិវាទ​នេះ​ឲ្យ​បាន​ឆាប់។

លោក ចេង ឆន អគ្គលេខាធិការ​សម្ព័ន្ធសហជីព​ចលនាកម្ពុជា​ ដែល​ដឹកនាំ​ការ​តវ៉ា​បាន​លើក​ឡើង​ថា សហជីព​​មិន​អាច​ទទួល​យក​សេចក្ដី​សម្រេច​របស់​​រោងចក្រ​ ដែល​បណ្ដេញ​តំណាង​របស់​ខ្លួន​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​មុនៗ ក្រុម​ហ៊ុន​​មិន​បាន​ទទួល​យក​កម្មករ​វិញ​ឡើយ ព្រោះ​ពួកគេ​អះអាង​ថា កម្មករ​បង្ក​បញ្ហា​ដែល​ធ្វើ​ឲ្យ​រោងចក្រ​​ខាត​បង់​ប្រាក់​ចំណេញ”។

​លោក វង្ស សុវណ្ណ អគ្គនាយក​រង​នៃ​អគ្គ​នាយក​​ដ្ឋាន​ដោះ​ស្រាយ​វិវាទ​ការ​ងារ​នៅ​ក្រសួង​ការ​ងារ បាន​លើក​ឡើង​ថា អាជ្ញាធរ​បាន​ស្នើ​រោងចក្រ​ឲ្យ​ផ្ដល់​ការ​ងារ​ដល់​តំណាង​សហជីព​ទាំង​នោះឡើង​វិញ ប៉ុន្តែ​អ្នក​គ្រប់​គ្រង​​​បាន​បដិសេធ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” ភាគី​ទាំង​ពីរ​សុទ្ធតែ​ខុស​ដូច​គ្នា ព្រោះ​រោងចក្រ​​ផ្អាក​ការ​ងារ​របស់​កម្មករ​ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​ រីឯ​​កម្មករ​វិញ​​បាន​ចូល​រួម​ក្នុង​ការ​ធ្វើ​កូដកម្ម​ដោយ​មិន​ជូន​ដំណឹង​ដល់​អាជ្ញាធរ”។

គេ​មិន​អាច​​ទាក់ទង​លោក ពេជ្រ សុខហេង ប្រធាន​រដ្ឋបាល​នៅ​រោងចក្រ​នេះ​​ដើម្បី​សុំ​ការ​​ធ្វើ​អត្ថាធិប្បាយ​បាន​ឡើយ​៕ ស៊ុយឈាង​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស