កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសបុរសជនជាតិតៃវ៉ាន់ចំនួនពីរនាក់ឲ្យជាប់ពន្ធនាគារម្នាក់ៗរយៈពេល២០ឆ្នាំ ពីបទរក្សាទុក និងប្រើប្រាស់ថ្នាំញៀនប្រភេទអុិចស្តាស៊ី ក្រោយពេលនគរបាលបានចាប់ខ្លួនពួកគេនៅក្នុងសណ្ឋាគារមួយកាលពីខែមករា ហើយបានបង្គាប់ឲ្យនិរទេសពួកគេទៅប្រទេសរបស់ខ្លួនវិញ បន្ទាប់ពីអនុវត្តជាប់ពន្ធនាគារចប់សព្វគ្រប់។
បុរសជនជាតិតៃវ៉ាន់ទី៣ ដែលពាក់ព័ន្ធនៅក្នុងករណីនេះត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំពីបទប្រើប្រាស់ថ្នាំញៀនប្រភេទនេះ។
យោងតាមនគរបាលបានឲ្យដឹងថា Lin Luy Chi អាយុ៣៣ឆ្នាំ និង Wupo Tsang អាយុ២៩ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែមករា នៅសណ្ឋាគារភ្នំពេញ ក្នុងខណ្ឌដូនពេញ ជាទីដែលពួកគេទើបតែទៅយកថង់ប្លាស្ទិកមួយ ដែលមានថ្នាំញៀនប្រភេទអុិចស្តាស៊ីប្រមាណ៣.០០០ក្រាម ដោយមានបំណងយកថង់នេះទៅកាន់សណ្ឋាគារអាស៊ីនៅក្បែរនោះ ជាទី ដែលពួកគេស្នាក់នៅជាមួយជនជាតិតៃវ៉ាន់ទី៣ឈ្មោះ Chen Yung Lin។
ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ កែវ មុនី បានប្រកាសនៅក្នុងតុលាការកាលពីម្សិលមិញថា លោក Lin និង លោក Wupo ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារម្នាក់ៗរយៈពេល២០ឆ្នាំ ហើយពិន័យជាប្រាក់ចំនួន៦០លានរៀល (ប្រហែល១៥.០០០ដុល្លារ) រីឯលោក Cheng វិញនឹងត្រូវជាប់ពន្ធនាគាររយៈពេល១ឆ្នាំ។
ចៅក្រម មុនី បានមានប្រសាសន៍ថា ” តុលាការបានបង្គាប់ឲ្យនិរទេស Lin Luy Chi Wupo Tsang និង Chen Yung Lin ពីព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីពួកគេអនុវត្តទោសជាប់ពន្ធនាគារចប់សព្វគ្រប់”។
អំឡុងពេលបើកសវនាការកាលពីថ្ងៃទី១៩ ខែវិច្ឆិកា លោក Lin បានលើកឡើងថា មិត្តភក្ដិម្នាក់នៅកោះតៃវ៉ាន់បានហៅទូរស័ព្ទមកខ្លួន ហើយប្រាប់ខ្លួនឲ្យទៅទទួលយកថង់ប្លាស្ទិកមួយពីបុរសជនជាតិខ្មែរម្នាក់ ហើយយកវាទៅទុកក្នុងបន្ទប់មួយនៅសណ្ឋាគារភ្នំពេញ។ ដោយសារតែខ្លួនជាប់រវល់លេងល្បែងស៊ីសងនៅកាស៊ីណូ ខ្លួនបានឲ្យលោក Wupo ធ្វើការនេះជំនួស។
លោក Lin បាននិយាយពេលបើកសវនាការថា ” ខ្ញុំមិនដឹងថា មានអ្វីនៅក្នុងកញ្ចប់នោះឡើយ”។ លោកបានបន្ថែមថា នៅពេលមិត្តភក្ដិនៅកោះតៃវ៉ាន់បានហៅទូរស័ព្ទមកម្ដងទៀតពីរបីថ្ងៃក្រោយដើម្បីប្រាប់ថា ខ្លួនមិនអាចមកប្រទេសកម្ពុជាដើម្បីយកថង់នេះបាននោះ លោកនិងលោក Wupo បានត្រឡប់ទៅសណ្ឋាគារនេះម្ដងទៀតដើម្បីយកថង់នោះមកទុកនៅសណ្ឋាគារអាស៊ី ត្រង់ចំណុចនេះហើយដែលនគរបាលបានចាប់ខ្លួនពួកគេ។
លោក Lin និងលោក Wupo ដែលក៏បានបដិសេធថា មិនដឹងថាមានអ្វីនៅក្នុងថង់នេះនោះ បានលើកឡើងថា នគរបាលបានបង្ខំឲ្យខ្លួននាំទៅកាន់បន្ទប់របស់ខ្លួននៅក្នុងសណ្ឋាគារអាស៊ី ជាទីដែលលោក Chen ក៏ត្រូវបានចាប់ខ្លួនដែរនោះ៕ ស៊ុយឈាង