29 C
Phnom Penh

អ្នក​កាប់ឈើ​ខុស​ច្បាប់​ត្រូវ​ទាហាន​ថៃ​បាញ់​ឲ្យ​រងរបួស​ក្នុង​ទឹក​ដីថៃ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​​​​អាជ្ញាធរ​មូលដ្ឋាន​​បាន​ឲ្យ​ដឹង​ថា បុរស​​ជនជាតិ​ខ្មែរ​ម្នាក់​ត្រូវ​បានគេ​បាញ់​ឲ្យ​រងរបួស​កាលពី​ថ្ងៃ​អាទិត្យ​ ខណៈ​កំពុង​​កាប់​ឈើ​ដោយ​ខុស​ច្បាប់​​​​នៅ​ក្នុង​ទឹក​ដីថៃ​ ក្រោយ​ពេល​ឆ្លង​កាត់​ព្រំដែន​ពី​ខេត្ត​បាត់ដំបង​។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​​​ បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​របស់​ប្រទេស​ថៃ​បាន​លើក​ឡើង​ថា ប្រទេស​របស់​លោក​គ្មាន​បំណង​បាញ់​ប្រហារ​ពលរដ្ឋខ្មែរ​ឡើយ​។

លោក លី ប៊ួយ អធិការ​នគរ​បាល​ស្រុក​សំឡូត​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា លោក ណាត ស៊ីនួន អាយុ​៣៤​ឆ្នាំ ត្រូវ​ទាហាន​​ការ​ពារ​ព្រំដែន​ថៃ​បាញ់​ត្រូវ​ចំ​ត្រង់​ពោះ​​​ ខណៈ​គាត់​កំពុង​កាប់​ឈើ​នៅ​ក្នុង​ទឹក​ដីថៃ​។

លោក លី ប៊ូយ ដែល​បាន​លើក​ឡើងថា លោក​សង្ស័យ​ថា ជនរងគ្រោះ​គឺ​ជា​ទាហាន​នោះ​បាន​មាន​ប្រសាសន៍​ថា ” យើង​ទទួល​បាន​សេចក្ដី​រាយការណ៍​ ប៉ុន្តែ​យើង​មិន​បាន​ជួប​ជាមួយ​អ្នក​ភូមិ​រងរបួស​ម្នាក់​នេះ​ទេ ព្រោះ​សាច់ញាតិ​របស់​គាត់​បាន​បញ្ជូន​គាត់​ទៅ​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​យោធា​ខេត្ត​បាត់ដំបង​បាត់​ហើយ។ គាត់​បាន​រងរបួស​ធ្ងន់​”។

លោក អ៊ាម សេងអឿន មេបញ្ជាការ​​មូលដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ស្រុក​បាន​អះអាង​ថា លោក ស៊ីនួន មិន​មែន​ជា​ទាហាន​ទេ ដោយ​លោក​បាន​បង្វែរ​សំណួរ​បន្ថែម​ទៅ​លោក​ ប្រាក់ ថាន ​មន្ត្រី​​ទំនាក់​ទំនង​នៅ​ច្រក​ព្រំដែន​​ ដែល​បាន​លើក​ឡើង​ថា លោក​គ្មាន​ព័ត៌មាន​ផ្លូវ​ការ​អំពី​ករណី​នេះ​​នោះ​។

ក្នុង​មួយឆ្នាំៗ​​ ពលរដ្ឋ​ខ្មែរ​រាប់​សិប​នាក់​​ត្រូវ​កង​សន្តិសុខ​ថៃ​បាញ់​ប្រហារ​ ហើយ​ជាទូទៅ​ការ​បាញ់​ប្រហារ​​ទាំង​នេះ​បាន​កើត​ឡើង​ខណៈ​​ពួកគេ​កំពុង​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទឹក​ដីថៃ​។ អំឡុង​ពេល​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មួយ​កាលពី​សប្ដាហ៍​មុន លោក ប្រាវីដ វង្សស៊ូវ៉ាន (Prawit Wongsuwan) រដ្ឋមន្ត្រី​​ក្រសួង​ការ​ពារ​ជាតិ​ថៃ​បាន​លើក​ឡើង​ថា រាល់​ការ​បាញ់​ប្រហារ​ទាំង​អស់​សុទ្ធតែ​​គ្មាន​ចេតនា ” ប៉ុន្តែ​វា​មាន​ការ​យល់​ច្រឡំ​ ហើយ​យើង​ត្រូវ​ការ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​​ដោះ​ស្រាយ​បញ្ហា​នេះ​”៕ ស៊ុយឈាង​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស