26 C
Phnom Penh

ជំនួយ​ការ​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាត​ិ​​ប្រឈម​វិធាន​ការ​វិន័យ​របស់​បក្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​​​គណៈកម្មាធិការ​​​វិន័យ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​មិញ​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​​​ថ្ងៃ​​​នេះ​​​នឹង​​​សម្រេច​​​ថា តើ​​​ត្រូវ​​​ដាក់​​​ទោស​​​ជំនួយ​​​ការ​​​លោក​​​ កឹម សុខា អនុ​​​ប្រធាន​​​គណបក្ស​​ ដែល​​​កាល​​​ពីថ្ងៃ​​​សៅរ៍ បាន​​​ចោទ​​​លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​​​​ពីបទ​​​ពុក​​​រលួយ​​​ឬយ៉ាងណានោះ។​​​

លោក អ៊ូ ច័ន្ទ​​​ឫទ្ធិ បានមាន​​​ប្រសាសន៍​​​ថា “លោកស្រី ឡាក់ សុភាព ដែល​​​បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​នៅ​​​​ការ​ជួបជុំ​របស់​​​​​​ក្រុម​​​តស៊ូ​​​មតិ​​​ខ្មែរ​​​ដើម្បី​​​ខ្មែរ​​​របស់​​​លោក កែម ឡី អ្នក​​​អត្ថា​ធិប្បាយ​​​នយោ​បាយ​​​ថា លោក សម រង្ស៊ី បាន​​​ទទួល​​​ប្រាក់​​​ចំនួន​​​២០​​​លាន​​​ដុល្លារ​​​ ដោយ​​​ខុស​​​ច្បាប់នោះ​​ ​​​កាល​​​ពី​​​ម្សិលមិញ បាន​​​បដិសេធថា មិន​បាន​​លើក​ឡើងដូច​នោះទេ។

លោក អ៊ូ ច័ន្ទឫទ្ធិ បានមាន​​​ប្រសាសន៍​​​ថា “យើង​​​គណៈកម្មាធិការ​​​វិន័យ​​​បាន​​​ជួប​​​ប្រជុំ​​​ជា​​​មួយ​​​លោក​​​ស្រី​​​ប្រហែល​​​១ម៉ោង​​​ ហើយ​​​យើង​​​បាន​​​សុំ​​​ឲ្យ​​​លោក​​​ស្រី​​​បញ្ជាក់​​​ឲ្យ​​​បាន​​​ច្បាស់​​​ពីអ្វី​​​ដែល​​​​​​លោក​​​ស្រី​​​បាន​​​និយាយ​​​ទៅ​​​​​​កាន់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​។ លោក​​​ស្រី​​​បាន​​​ប្រាប់​​​យើង​​​ថា លោក​​​ស្រី​​​មិន​​​បាន​​​និយាយ​​​អ្វី​​​ដូច​ដែល​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​រាយការណ៍​​​ទាក់​​​ទង​​​នឹង​​​អំពើ​​​ពុក​​​រលួយ​​​របស់​​​មេដឹក​​​នាំ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ឡើយ​​​”។

លោក ច័ន្ទ​​​ឫទ្ធិ បាន​​​បន្ត​​​ថា “លោក​​​ស្រី​​​បាន​​​បដិសេធ​​​រឿង​​​នោះ​​​ ដូច្នេះ​​​ហើយ​​​ខ្ញុំ​​​បាន​​​ព្យាយាម​​​អាន​​​កាសែត​​​​​​ឲ្យ​​​គាត់​​​ស្តាប់​​​”។

ថ្លែង​​​នៅ​​​វេទិកា​​​របស់​​​លោក កែម ឡី លោកស្រី សុភាព បាន​​​លើក​​​ឡើង​​​ថា លោក សម រង្ស៊ី ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​អំពើ​​​ពុក​​​រលួយ​​​។

លោក​​​ស្រី​​​ សុភាព​​​ បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ពេល​​​នោះថា  “នៅ​​​ថ្ងៃទី​​​៥ ខែ​ធ្នូ​​​ លោក​ កឹម សុខា បាន​​​រិះ​​​គន់​​​ថា ក្នុង​​​​ទឹក​​​ប្រាក់​​​ប្រហែល​​​៣០​​​ឬ៤០​​​លាន​​​ដុល្លារ​​​  លោក សម រង្ស៊ី បាន​​​យក​​​២០​​​លាន​​​ដុល្លារ​​​។ ខ្ញុំ​​​មិន​​​អាច​​​ចូល​​​រួម​​​ក្នុង​​​សង្គម​​​ដែល​​​មាន​​​មេ​​​ដឹក​​​នាំ​​​ប្រព្រឹត្ត​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​ឡើយ”។

លោក ច័ន្ទ​​​ឫទ្ធិ បានមាន​​​ប្រសាសន៍​​​ថា លោកស្រី សុភាព បាន​​​ពន្យល់​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោកស្រី​​​គ្រាន់​​​តែ​​​និយាយតាមសំដីដែលលោកស្រី​​​បាន​​​ឮលោក កឹម សុខា ​​​លើក​​​ឡើង​​​អំឡុង​​​កិច្ច​​​ប្រជុំ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៥ ខែ​​​ធ្នូ​​​​​​​​​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា វា​​​ប្រហែល​​​ជា​​​លោក​​​ស្រី សុភាព យល់​​​ខុសលើលោក​​​ កឹម សុខា នៅ​​​កិច្ច​​​ប្រជុំ​​​នោះ ដូច្នេះ​​​ហើយ​​​គណបក្ស​​​បាន​​​ទុក​​​ពេល​​​ឲ្យ​​​លោក​​​ស្រី​​​ដល់​​​ម៉ោង​​​៥​​​ល្ងាច​​​ម្សិលមិញ​​​ដើម្បី​​​កែ​​​កំហុស​​​របស់​​​ខ្លួន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ពេល​​​រសៀល​​​ថា “យើង​​​បាន​​​ផ្តល់​​​ឱកាស​​​ដល់​​​លោក​​​ស្រី​​ឲ្យ​​​ធ្វើការ​បកស្រាយ​​​ឲ្យ​​​បាន​​​ច្បាស់​​​ទៅ​​​កាន​​​់ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ថា ‘ខ្ញុំ​​​មិន​​​បាន​​​និយាយ​​​អ្វី​​​ដូច​​​ដែល​​គេ​​​បាន​​​ដក​​​ស្រង់​​​សំដី​​​ខ្ញុំ​​​នោះ​​​ឡើយ​​​’។ ប្រសិនបើ​​​អ្នកស្រី​​​មិន​​​ធ្វើ​​​ទេ​​​នោះ​​​…យើង​​​នឹង​​​ចាត់វិធាន​​​ការ​​​តាម​​​បទ​​​បញ្ជា​​​ផ្ទៃ​​​ក្នុង​​​បក្ស​​​”។

លោក ច័ន្ទ​​​ឫទ្ធិ បានមាន​​​ប្រសាសន៍​​​ បន្ទាប់​​​ពី​​​ម៉ោង​​​៥​​​ល្ងាចបន្តិច​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មិន​​​បាន​ទទួលព័ត៌មាន​ពី​​​លោក​​​ស្រី សុភាព ​​​តាម​​​ពេល​​​កំណត់នេះ​​​ឡើយ​​​ ហើយ​​​ថា គណៈកម្មាធិការ​​​វិន័យ​​​នឹង​​​កោះ​​​ប្រជុំ​​​ម្ត​ងទៀតនៅ​​​ថ្ងៃ​​​នេះ​​​ដើម្បី​​​ពិភាក្សា​​​ថា តើ​​​ត្រូវ​​ចាត់​​​វិធាន​​​ការ​​​អ្វី​​​។

លោក សម រង្ស៊ី បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​​​​។

លោក មុត ចន្ថា ប្រធាន​​​ខុទ្ទកាល័យ​​​លោក កឹម សុខា បាន​​​ចោទ​​​ប្រកាន់​​​លោកស្រី​​​ សុភាព ថា​​​បាន​​​ប្រឌិត​​​រឿង​​​នេះ​​​។

លោក​​​ស្រី សុភាព មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​៕សារុន​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស