26 C
Phnom Penh

កីឡាករ​បាល់​ទាត់​​ជនជាតិ​នីហ្សេរីយ៉ា​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពីបទ​រំលោភ​សេព​សន្ថវៈ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​កីឡាករ​បាល់ទាត់​ជនជាតិ​នីហ្សេរីយ៉ា​ម្នាក់​ ពីបទ​​ចាប់​រំលោភ​ស្ត្រី​​ជនជាតិ​ន័រវែស ​អាយុ​២៧​ឆ្នាំ​ម្នាក់​នៅ​អាផាតមិន​របស់​​ជនសង្ស័យ​​ បន្ទាប់ពី​​ជនសង្ស័យ​បន្លំ​ខ្លួន​ធ្វើ​ជា​អ្នក​រត់តាក់​ស៊ី​ ហើយ​សុំ​ដឹក​ស្ត្រី​ជនរងគ្រោះ​​ចេញ​ពី​ក្លឹប​កម្សាន្ត​មួយ​កន្លែង​ត្រឡប់​ទៅ​ផ្ទះ​របស់​នាង​វិញ​កាលពី​ពេល​ទៀបភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​សុក្រ។​​​​​​​​​

យោង​តាម​ព្រះរាជ​អាជ្ញារង​ កុល បុណ្យ បាន​ឲ្យ​ដឹង​ថា បុរសជនជាតិ​នីហ្សេរីយា៉​​ឈ្មោះ អេកវេ៉ក​បាលី យូហ្គោជុក​វូ យូដូកា (Ekwegbaly Ugochukwu Udoka) អាយុ​២៦​ឆ្នាំ ដែល​​មាន​​របរ​ជា​អ្នក​លេង​បាល់​ទាត់​ពាក់​កណ្ដាល​អាជីព​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​សាលា​​ដំបូង​ធ្វើ​ការ​ចោទ​ប្រកាន់​កាលពី​រសៀល​ម្សិលមិញ ប៉ុន្តែ​ចៅក្រម​ស៊ើបសួរ​នឹង​បន្ត​សាកសួរ​នៅ​ថ្ងៃ​នេះ​ទៀត។ លោក​បាន​បន្ត​ថា ” បន្ទាប់ពី​សាកសួរ​ជនសង្ស័យ​រួច យើង​បាន​សម្រេច​ចោទ​ប្រកាន់​គាត់​ពីបទ​រំលោភ​សេព​សន្ថវៈ​”។

​លោក អ៊ូច សុផារ័ត្ន ស្នង​ការ​រ​ងរាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា បន្ទាប់ពី​ធ្វើ​ការ​ចោទ​ប្រកាន់​រួច អេកវេ៉ក​បាលី យូហ្គោជុក​វូ យូដូកា​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​នគរ​បាល​​អន្តោប្រវេសន៍​​រាជ​ធានី​​ក្នុង​ខណ្ឌ​ឫស្សីកែវ និង​ឃុំខ្លួន​មួយយប់​នៅ​ទីនោះ​ មុន​​ពេល​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃស​នៅ​ថ្ងៃ​នេះ​។

យោង​តាម​លោក ហួ មិញវ៉ាង ​នាយ​នគរ​បាល​ព្រហ្មទណ្ឌ​ខណ្ឌ​​បាន​ឲ្យ​ដឹង​ថា អេកវេ៉ក​បាលី យូហ្គោជុក​វូ យូដូកា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​អាផាតមិន​របស់​ជនសង្ស័យ​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ នៅ​វេលា​ម៉ោង​ប្រហែល​៨​ព្រឹក​ថ្ងៃ​សុក្រ ក្រោយ​ពី​ជនរងគ្រោះ​​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​នគរ​បាល​។

លោក ហួ មិញវ៉ាង បាន​មាន​ប្រសាសន៍​ថា ​អេកវេ៉ក​បាលី យូហ្គោជុក​វូ យូដូកា បាន​កេង​ចំណេញ​លើ​ស្ត្រី​ជនជាតិ​ន័រវែស បន្ទាប់ពី​ឃើញ​នាង​ស្រវឹង​ ពេល​រាំ​នៅ​ក្លឹប​ Cotton Club ​ក្នុង​ខណ្ឌ​ដូនពេញ។ ” នៅ​ម៉ោង​ប្រហែល​៤ទៀប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​សុក្រ នារី​រងគ្រោះ​​ស្រវឹង​ស្រា​ ហើយ​បាន​ចេញ​ទៅ​ខាង​ក្រៅ​ដើម្បី​ហៅ​តាក់​ស៊ី​ជូន​នាង​ទៅ​សណ្ឋាគារ​។ ជនសង្ស័យ​បាន​បន្លំខ្លួន​ជាអ្នក​រត់​តាក់​ស៊ី”។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា បន្ទាប់​មក​ អេកវេ៉ក​បាលី យូហ្គោជុក​វូ យូដូកា បាន​ដឹក​ស្ត្រី​រងគ្រោះ​​ទៅ​កាន់​អាផាតមិន​របស់​ខ្លួន ហើយ​បាន​ហៅ​នាង​ឲ្យ​ចូល​ទៅ​ខាង​ក្នុង​ ដោយ​បញ្ជាក់​ថា រូប​គេ​ភ្លេច​របស់​អ្វីមួយ​ដែល​គេ​ត្រូវ​ការ​។ “ប៉ុន្តែ​​នៅ​ពេល​នារី​រងគ្រោះ​ចូល​ទៅ​ខាង​ក្នុង ​ជនសង្ស័យ​ក៏​បាន​ចាក់​សោ​ទ្វារ រុញ​នាង​ទៅ​នឹង​ឥដ្ឋ ហើយ​អូស​នាង​ទៅផ្ទះ​បាយ​ រួច​ក៏​ចាប់​រំលោភ​នាង​”។

លោក​បាន​បន្ត​ថា ស្ត្រី​រងគ្រោះ​​បាន​លួង​លោម​ អេកវេ៉ក​បាលី យូហ្គោជុក​វូ យូដូកា ឲ្យ​ដោះ​លែង​នាង​នៅ​ម៉ោង​ប្រហែល​៥និង​៣០នាទី​​ ពេល​នោះ​នាង​ក៏បាន​ជិះម៉ូតូឌុប​ទៅ​ប៉ុស្តិ៍​នគរ​បាល​​សង្កាត់​ដង្កោ។ ” បន្ទាប់ពី​យើង​​​ទទួល​បាន​ពាក្យ​បណ្ដឹង យើង​ក៏​ដឹកនាំ​កម្លាំង​​ទៅ​ចាប់​ខ្លួន​​ជនសង្ស័យ​តែ​ម្ដង”៕ សុខុម​​​​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស