ជំនួយការផ្ទាល់របស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលកាលពីថ្ងៃសៅរ៍ បានចោទប្រកាន់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងថា មានការជាប់ពាក់ព័ន្ធនឹងអំពើពុករលួយដ៏ធំ ត្រូវបានបណ្តេញចេញពីគណបក្សប្រឆាំងកាលពីម្សិលមិញ ។

លោកស្រី ឡាក់ សុភាព ដែលជាសមាជិកនៃបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីលោក សម រង្ស៊ី បានបង្កើតគណបក្សជាតិខ្មែរកាលពីឆ្នាំ១៩៩៥មក ត្រូវបានបណ្តេញចេញពីបក្ស បន្ទាប់ពីកិច្ចប្រជុំជាលើកទី២របស់គណៈកម្មាធិការវិន័យនៃគណបក្សសង្គ្រោះជាតិ។
លោក អ៊ូ ច័ន្ទឫទ្ធិ សមាជិកសភាមណ្ឌលខេត្តកណ្តាល ដែលជាប្រធានគណៈកម្មាធិការនេះបានមានប្រសាសន៍ថា “យើងបានដកគាត់ចេញពីគណបក្សសង្គ្រោះជាតិ ហើយគាត់លែងមានតួនាទីនៅក្នុងគណបក្សសង្គ្រោះជាតិទៀតហើយ។ អ្វីដែលគាត់បានធ្វើ វាប៉ះពាល់ដល់កិត្តិយសរបស់មេដឹកនាំ និងគណបក្សរបស់យើង។ ហេតុដូច្នេះគណៈកម្មាធិការវិន័យមានសិទ្ធិបណ្តេញគាត់ចេញ”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា អ្វីដែលគាត់បាននិយាយគឺតែងតែមិនត្រឹមត្រូវហើយមិនពិតឡើយ ហើយវា [ឮសុះសាយ] ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ហើយនេះមិនមែនជាលើកទី១នោះទេដែលគាត់បានធ្វើដូច្នេះ។ ប្រសិនបើគាត់មិនពេញចិត្តចំពោះការសម្រេចនេះ គាត់អាចដាក់ពាក្យប្តឹងទៅគណៈកម្មាធិការអចិន្ត្រៃយ៍បានក្នុងរយៈពេលប្រាំពីរថ្ងៃ”។
លោកស្រី សុភាព ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំរបស់បណ្តាញសង្គម “ខ្មែរដើម្បីខ្មែរ” ដឹកនាំដោយលោក កែម ឡី អ្នកវិភាគនយោបាយឯករាជ្យក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍ បានចោទប្រកាន់លោក សម រង្ស៊ី ថាបានដកយកប្រាក់ដោយខុសច្បាប់រាប់លានដុល្លារ។
លោកស្រីបានមានប្រសាសន៍នៅពេលនោះថា “នៅថ្ងៃទី៥ [ខែធ្នូ] លោក កឹម សុខា បានរិះគន់ថា ក្នុងទឹកប្រាក់ចាប់ពីប្រហែល៣០លានដុល្លារ ឬ៤០លានដុល្លារ លោក សម រង្ស៊ី បានយកអស់២០លានដុល្លារទៅហើយ។ ខ្ញុំមិនអាចចូលរួមក្នុងសង្គមមួយដែលមានមេដឹកនាំប្រព្រឹត្តអំពើពុករលួយបានឡើយ”។
ក្រោយមក លោកស្រី សុភាព បានលើកឡើងថា លោកស្រីគ្រាន់តែនិយាយអ្វីដែលលោកស្រីបានចងចាំនៅក្នុងកិច្ចប្រជុំរបស់គណបក្សសង្គ្រោះជាតិឡើងវិញតែប៉ុណ្ណោះ ហើយលោកស្រីបានអះអាងថា លោកស្រីមិនមែនចោទប្រកាន់លោក សម រង្ស៊ី ថាបានប្រព្រឹត្តអំពើពុករលួយនេះដោយខ្លួនលោកស្រីផ្ទាល់ឡើយ។
អំឡុងសន្និសីទកាសែតមួយនៅខាងមុខរដ្ឋសភាកាលពីម្សិលមិញ លោកស្រី សុភាព បានលើកឡើងថា អំឡុងកិច្ចប្រជុំកាលពីថ្ងៃទី៥ ខែធ្នូលោក កឹម សុខា បានធ្វើឲ្យលោកស្រីមានការតក់ស្លុត ដោយសារលោកបានយកលោកស្រីធ្វើជាប្រភពនៃការអះអាងរបស់លោកអំពី លោក សម រង្ស៊ី។
លោកស្រី សុភាព បានមានប្រសាសន៍បន្ថែមថា “មនុស្សម្នាក់បានចោទប្រកាន់ថា ខ្ញុំបាននិយាយថា លោក សម រង្ស៊ី បានទទួលប្រាក់ចំនួន៤០លានដុល្លារ ហើយដកទុក២០លានដុល្លារ នេះមិនមែនជាការពិតទេ។លោក កឹម សុខា បានលើកឡើងពីបញ្ហានេះនៅក្នុងកិច្ចប្រជុំ ហើយបន្ទាប់មកបានឆ្លើយដាក់ខ្ញុំ”។
លោកស្រីបានមានប្រសាសន៍ទាក់ទិននឹងលោក កឹម សុខា និងលោក សម រង្ស៊ី ថា “ពួកគាត់ទាំងពីរកំពុងតែលេងបាល់ ហើយបន្ទាប់មកស៊ុតគ្រាប់បាល់នោះដាក់ខ្ញុំ។ ខ្ញុំទទួលរងថ្មបាក់ ហើយខ្ញុំមិនអាចទទួលយករឿងបែបនេះបានឡើយ”។
លោកស្រី សុភាព បានបន្តអះអាងថា គណៈកម្មាធិការរបស់ លោក អ៊ូ ច័ន្ទឫទ្ធិ គ្មានសិទ្ធិបណ្តេញលោកឡើយ ព្រោះលោកស្រីគឺជាសមាជិកដែលត្រូវបានជ្រើសរើសមួយរូបនៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិ។
លោកស្រីបានមានប្រសាសន៍ថា “យោងតាមច្បាប់ គណៈកម្មាធិការវិន័យមិនអាចបណ្តេញខ្ញុំចេញបានទេ។ ដោយសារគណៈកម្មាធិការអចិន្ត្រៃយ៍ត្រូវបានបង្កើតឡើងដោយសមាជ [របស់គណបក្សសង្គ្រោះជាតិ] នោះ ហេតុដូច្នេះមានតែសមាជនេះទេដែលអាចបោះឆ្នោតបណ្តេញសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ណាមួយ”។
លោកស្រី សុភាព ក៏បានលើកឡើងផងដែរថា គណបក្សសង្គ្រោះជាតិត្រូវតែកោះប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីធ្វើការបោះឆ្នោត ប្រសិនបើចង់ដកសមាជិកភាពបក្សរបស់លោកស្រី។
លោកស្រី សុភាព បានមានប្រសាសន៍ថា “ដើម្បីបណ្តេញនរណាមួយចេញពីបក្ស វាសនារបស់បេក្ខភាពនោះត្រូវតែសម្រេចដោយគណៈកម្មាធិការអចិន្ត្រៃយ៍ ដែលមានសមាជិក១២៣រូប។ ការបោះឆ្នោតនេះត្រូវតែមានសំឡេងភាគច្រើន ឬសំឡេងពីរភាគបីដើម្បីបណ្តេញខ្ញុំចេញ។ ប្រសិនបើការសម្រេចបណ្តេញខ្ញុំចេញនេះត្រូវបានធ្វើឡើងដោយការចុះហត្ថលេខារបស់លោក អ៊ូ ច័ន្ទឫទ្ធិ នោះ អ៊ីចឹងគាត់គឺជាជនផ្តាច់ការហើយ”។
លោក ច័ន្ទឫទ្ធិ បានលើកឡើងថា លោកស្រី សុភាព មានការយល់ច្រឡំ ហើយថា គណៈកម្មាធិការរបស់លោកមានសិទ្ធិបណ្តេញសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍។
លោកបានមានប្រសាសន៍ថា “អ្វីដែលគាត់បានលើកឡើង គឺជាការស្រមើលស្រមៃរបស់គាត់ ហើយវាគ្មានអ្វីដែលរំលោភបទបញ្ជាផ្ទៃក្នុង ឬលក្ខខណ្ឌបក្សឡើយ។ យើងមានសិទ្ធិគ្រប់គ្រាន់ដើម្បីដាក់ទោសទណ្ឌលើសមាជិកបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់”។
លោក មុត ចន្ថា នាយខុទ្ទកាល័យរបស់លោក កឹម សុខា បានលើកឡើងថា ថ្វីបើមានការសម្រេចពីគណៈកម្មាធិការវិន័យក៏ដោយក្តី តែលោកស្រី សុភាព នៅតែជាជំនួយការរបស់លោក កឹម សុខា ដដែលនៅក្នុងពេលឥឡូវ។
លោក ចន្ថា បានមានប្រសាសន៍ថា “តំណែងរបស់គាត់ គឺនៅដដែលសិន។ ខ្ញុំបាននិយាយជាមួយប្រធានគណៈកម្មាធិការវិន័យរួចហើយ ហើយគាត់នៅមានពេលប្រាំពីរថ្ងៃដើម្បីប្តឹងជំទាស់នឹងសេចក្តីសម្រេចនេះ”។
លោកបានមានប្រសាសន៍បន្ថែមថា “យើងក៏កំពុងតែរង់ចាំលោក កឹម សុខា អនុប្រធានទី១ត្រឡប់មកពីអឺរ៉ុបវិញផងដែរដើម្បីពិភាក្សាអំពីបញ្ហារឿងនេះ”៕ស៊ុយឈាង