រយៈពេលជាងប្រាំបីឆ្នាំមកហើយ លោក ហង្ស វុទ្ធី បានរត់ចេញពីពន្ធនាគារព្រៃស ក្នុងរាជធានីភ្នំពេញ ដោយទើបតែប្រគល់ខ្លួនឲ្យអាជ្ញាធរកាលពីឆ្នាំ២០១២នោះ បានអះអាងថា លោកត្រូវគេបង្ខំឲ្យរត់ចេញទេ។
មន្ត្រីម្នាក់បាននិយាយថា កាលពីដើមសប្តាហ៍នេះ អតីតមន្ត្រីនគរបាលរាជធានីដែលអបយសរូបនេះបានចេញពីពន្ធនាគារម្តងទៀត ក្នុងពេលនេះក្នុងនាមជាអ្នកទោសម្នាក់ក្នុងចំណោមអ្នកទោស១០០នាក់ដែលត្រូវបានបញ្ជូនទៅពន្ធនាគារដែលមានការយាមកាមតឹងរ៉ឹងនៅក្នុងខេត្តត្បូងឃ្មុំដើម្បីជួយសម្រាលអ្នកទោសដ៏ណែនណាន់តាន់តាប់នៅពន្ធនាគារក្នុងរាជធានីភ្នំពេញ។
លោក គា សុវណ្ណា ប្រធានមណ្ឌលអប់រំកែប្រែ៣ក្នុងខេត្តត្បូងឃ្មុំបានមានប្រសាសន៍ថា “វាជានីតិវិធីក្នុងការផ្ទេរអ្នកទោសមកទីនេះ ពីព្រោះពន្ធនាគារព្រៃសមានអ្នកទោសច្រើនណែនណាន់តាន់តាប់ ដូច្នេះហើយយើងត្រូវរំលែកគ្នាខ្លះ”។
លោកបានបន្ថែមថា ឥឡូវនេះមានអ្នកទោសចំនួន១.៤៥៦នាក់រួមទាំងលោក ហង្ស វុទ្ធី នៅក្នុងពន្ធនាគារដែលអាចដាក់អ្នកទោសបានចំនួន១.៦០០នាក់។
លោក ហង្ស វុទ្ធី អតីតនាយរងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៤៥ឆ្នាំកាលពីឆ្នាំ២០០៦ពីបទពាក់ព័ន្ធការសម្លាប់លោក សុខ សេដ្ឋាមុនី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញកាលពីឆ្នាំ២០០៣។
ចាប់តាំងពីពេលនោះមក លោកត្រូវបានគេភ្ជាប់ទៅនឹងការធ្វើឃាតជាច្រើន និងគម្រោងវាយប្រហារដែលរៀបចំឡើងដោយលោក ហេង ពៅ អតីតស្នងការរាជធានីភ្នំពេញ។
យោងតាមនគរបាលបានឲ្យដឹងថា ដើម្បីរត់ចេញបានកាលពីឆ្នាំ២០០៦ លោក ហង្ស វុទ្ធី និងអ្នកទោស១១នាក់ទៀតបានចង និងបិទមាត់អ្នកទោសប្រាំនាក់ បានអារចេញតាមចម្រឹងបង្អួច ហើយលោតមកដីដោយប្រើក្រណាត់ និងមុងធ្វើជាខ្សែ។
លោក ហង្ស វុទ្ធី មិនបានបង្ហាញខ្លួននៅសវនាការជំនុំជម្រះនៅតុលាការកំពូលទេកាលពីខែតុលា ដែលក្នុងនោះ លោក ហេង ពៅ និងអ្នកទោសមួយចំនួនទៀតបានអះអាងថា ពួកគេមិនមានទោសទេ ប៉ុន្តែ ការផ្តន្ទាទោសរបស់ពួកគេត្រូវបានតម្កល់។
អំឡុងសវនាការ ចុងចោទទាំងនោះបានអះអាងថា លោក ហង្ស វុទ្ធី មិនត្រូវបានកោះហៅឲ្យមកចូលរួមសវនាការទេ ពីព្រោះលោកមានព័ត៌មានដែលបង្ហាញថា ក្រុមនេះត្រូវបានទម្លាក់កំហុសដោយលោក ម៉ក់ ជីតូ ដែលបច្ចុប្បន្ននេះជាប្រធាននាយកដ្ឋានកណ្តាលយុត្តិធម៌ក្រសួងមហាផ្ទៃ។
អ្នកស្រី ស៊ុន សុភ័ណ អាយុ៣៤ឆ្នាំជាប្អូនស្រីរបស់លោក ហង្ស វុទ្ធី បាននិយាយកាលពីម្សិលមិញថា អ្នកស្រីបានទទួលការហៅទូរស័ព្ទកាលពីព្រឹកថ្ងៃសៅរ៍ដោយប្រាប់អ្នកស្រីថា បងប្រុសរបស់អ្នកស្រីហៀបនឹងត្រូវបញ្ជូនចេញពីរាជធានីហើយ។
អ្នកស្រីបានបន្ថែមថា “ពួកគេមិនបានប្រាប់ពីមូលហេតុទេ។ ខ្ញុំបានទៅសួរសុខទុក្ខគាត់កាលពីថ្ងៃសៅរ៍ ហើយគាត់បានប្រាប់ខ្ញុំថា គាត់បារម្ភថា ពួកគេនឹងយកគាត់ចេញដើម្បីសម្លាប់គាត់បំបិទមាត់”។
លោក គា សុវណ្ណា ប្រធានពន្ធនាគារបានមានប្រសាសន៍ថា “នេះគឺជាការចោទប្រកាន់ពីមនុស្សមួយចំនួនដែលគ្មានការអប់រំ”៕សារុន