27 C
Phnom Penh

ស្ត្រី​ម្នាក់​ជាប់ពន្ធនាគារ​ពី​បទ​ប្លន់​ប្រដាប់​អាវុធ​ដើម្បី​យក​លុយ​មក​រៀបការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​ថា សាលាដំបូង​ខេត្ត​ស្វាយ​រៀង​​បាន​ចោទប្រកាន់​ស្ត្រី​ម្នាក់​ដែល​បាន​ចាក់​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ដោយ​ប៉ុនប៉ង​ប្លន់​ បន្ទាប់ពី​ស្ត្រី​រូប​នេះ​ចាញ់​ល្បែង​អស់​ប្រាក់​ដែល​ខ្លួន​​ទុក​សម្រាប់​រៀប​ការ​នៅ​ពេល​ខាងមុខ។

យោង​តាម​លោក គាង ស៊ុន​ថារ៉ូ ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​ឲ្យ​ដឹង​ថា ខុន ស្រីឌី អាយុ​២០ ជា​កម្មការិនី​រោងចក្រ​ ត្រូវ​បាន​ចោទ​ប្រកាន់​​កាលពី​ថ្ងៃសៅរ៍ ហើយ​បច្ចុ​ប្បន្ន​នេះ​ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​។ លោក​បាន​មាន​ប្រសាសន៍​ថា “​ជន​សង្ស័យ​រូប​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​បទ​ប្លន់​ដោយ​មានទាំង​ការ​ប្រើ​អំពើ​ហិង្សា​ ពីព្រោះ​គាត់​បាន​ចាក់​ទៅ​លើ​ជន​រងគ្រោះ”។

លោក កែវ សុថា នាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​​បាន​មាន​ប្រសាសន៍​ថា ស្រីឌី​​ ដែល​ធ្វើការ​នៅ​រោងចក្រ​មួយ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ម៉ាន់​ហាតាន់​​​ក្នុង​ក្រុ​​​ង​​​បាវិត​​​ ដែល​​​គ្រោង​​​រៀប​​​ការ​​​នៅ​​​ខែ​​​មករា​​​នេះ បាន​ចាញ់ល្បែង​អស់​ប្រាក់​ដែល​​​ក្រុម​​​គ្រួសារ​​​កូន​​​កំលោះបាន​ផ្តល់​​​ឲ្យ​​​។

លោក សុថា បាន​​​មាន​​​ប្រសាសន៍​​​ថា “បន្ទាប់​​​ពី​នាង​​​ចាញ់​​ល្បែង​​​អស់​​​ប្រាក់​​​នៅ​​​កាសីុណូ​​​ក្នុង​​​ក្រុង​​​បាវិត ម្តាយ​​​របស់​​​នាង​​​បាន​​​សួរ​​​រក​​​លុយ​​​នោះ​​​ ដើម្បី​គាត់​យក​ទៅ​ចាត់ចែង​​​រៀប​​​មង្គលការ​​​​”។ លោក​​​បាន​​​បន្ថែម​​​ថា លោក​​​មិន​​​ដឹង​​​ពី​​​ចំនួន​​​ទឹក​ប្រាក់​នោះ​​​ឡើយ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ស្ត្រី​​​រូប​​​នេះ​​​បាន​​​ប្រាប់​​​ម្តាយ​​​របស់​​​នាង​​​ថា នាងបាន​​​ឲ្យ​​​លុយ​​​នេះ​​​ទៅ​​​មិត្ត​​​ភក្តិ​​​ខ្ចី ហើយ​​​នឹង​​​យក​​​មក​​​វិញ​​​នៅ​​​ពេល​​​ឆាប់​​​ៗ​​​នេះ​​​ ប៉ុន្តែ តាម​​​ពិត​​​នាង​​​មាន​​​គម្រោង​​​ប្លន់​​​អ្នក​​​រត់​​​ម៉ូតូ​​​ឌុប​​​ម្នាក់​​​ ដើម្បី​​​បាន​​​លុយនោះ​​​មក​​​វិញ”។

លោក សុថា បាន​មាន​​​ប្រសាសន៍​​​ថា ស្រីឌី បាន​​​ទៅ​​​ផ្សារ​​​នៅ​​​ជិត​​​កន្លែង​​​ធ្វើ​​​ការ​​​របស់​​​នាង​​​នៅ​​​ក្នុង​​​សង្កាត់​​​បាវិត​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ ហើយ​​​នៅ​​​ពេល​​​នោះ​​​នាង​​​បាន​​​ហៅ​ម៉ូតូ​​​ឌុប​​​ជិះ​​​ ហើយ​​​បាន​​សុំ​​​ឲ្យ​​​ដឹកទៅ​​​បរិវេណ​​​រោង​​​ចក្រ​​​ក្បែរ​​​នោះ ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស តៃសេង ​​​បាវិត​​​។

លោក​​​បាន​មាន​​​ប្រសាសន៍​​​ថា នៅ​​​ពេល​​​ទៅ​​​ដល់​​​ទី​​​នោះ​​​នាង​​​បាន​​​ទិញ​​​កាំបិត​​​ពី​​​ផ្សារ​​​ ហើយ​​​មក​​​ជិះ​ម៉ូតូ​​​នោះ​វិញ ដោយ​​​ប្រាប់​​​អ្នក​​​រត់​​​ម៉ូតូ​​​ឲ្យ​​​ទៅតាម​​​ផ្លូវ​​​មួយ​​​ក្នុង​​​កន្លែង​​​ស្ងាត់​​​ស្ថិត​​​ក្នុង​​សង្កាត់​ព្រៃ​​​អង្គុញ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ពេល​​​នោះ​​​ជន​​​សង្ស័យ​​​រូប​​​នេះ​​​បាន​​​ដក​​​កាំបិត​​​ភ្ជង់​​​ខ្នង​​​ជន​​​រង​​​គ្រោះ ហើយ​ជន​​​រង​​​គ្រោះ​​​​​​បាន​​​ឈប់​​​មូ៉តូ​​​​​​​​​​​​​។ បន្ទាប់​​​មក​​​ពួក​​​​​​គេ​​​បាន​​​ប្រវាយ​​​ប្រតប់​​​គ្នា​​​ ហើយ​​​នាង​បាន​​​ចាក់​​​គាត់​​​ត្រូវ​​​ត្រង់​​​ពោះ​​​”។

លោក សុថា បាន​មាន​​​ប្រសាសន៍​​​ថា មិត្ត​​​ភក្តិ​​​ម្នាក់ និង​​​សាច់​​​ញាតិ​​​អ្នក​​​រត់​​​ម៉ូតូ​​​ឌុ​​​ប ដែល​​​បាន​​​ឃើញ​​​ស្ត្រី​​​រូប​​​នេះ​​​ទិញ​​​កាំបិត​​​ និង​​​មាន​​​ការ​​​សង្ស័យ​​​ ហើយ​​​បាន​​​មក​​​​​​ដល់​​​កន្លែង​​​កើត​​​ហេតុ​​​ភ្លាម​​​ៗ​​​ បន្ទាប់​​​ពី​​​សកម្មភាព​កើត​ឡើង​​​​ ហើយ​​​បាន​​​ចាប់​​ ស្រីឌី ទុករហូត​​​ដល់​​​នគរ​​​បាល​​​​​​ក្រុង​​​បាវិត បាន​​​មក​​​ដល់​​​ ហើយ​​​បានចាប់​​​ខ្លួន​​​នាង​​​។

លោក គឹម ឡៃ នាយ​​​នគរ​​​បាល​​​ព្រហ្ម​ទណ្ឌ​កម្រិត​​​ធ្ងន់​ខេត្ត​​​បាន​មាន​​​ប្រសាសន៍​​​ថា ជន​​​រង​​​គ្រោះ​​​បាន​​​ធូរ​​​ស្រាល​​​ពី​​​របួ​​​ស​ហើយ​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​។ លោក​​​បាន​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​ខ្វល់​​​ថា នាង​​​ព្យាយាម​​​យក​​​លុយ​​​មក​​​​រៀប​​​ការ​​​​​​​​ឡើយ​​​។ នាង​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​ ហើយ​​​ធ្វើ​ឲ្យ​​​​ជន​​​រង​​​គ្រោះ​​​រង​របួស​ធ្ងន់”៕សារុន​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស