33 C
Phnom Penh

មន្ត្រី​​​កម្ពុជា​​​បដិសេធ​​​ថា គ្មាន​​​ការ​​​បង្កើន​​​វត្ត​​​មាន​​​ទ័ព​​​ទៅ​​​តាម​​​ព្រំ​​​ដែន​​​ថៃ​​​ឡើយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិល​​​មិញ មន្ត្រី​​​កម្ពុជា​​​បាន​​​បដិសេធ​​​ថា ​​​គ្មាន​​​ការ​​​បង្កើត​​​វត្ត​​​មា​​​ន​​​ទ័ព​​​នៅ​​​តាម​​​​​​​​​បណ្តោយ​​​ព្រំដែន​​​ដែល​​​មាន​​​ជម្លោះ​​​​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ​​​ឡើយ​​​​​​ បន្ទាប់​​​ពី​​​​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ថៃ​​​បាន​​​រាយ​​​ការណ៍​​​ថា កម្ពុជា​​​​​​បាន​​​យក​​​គ្រឿង​​​ចក្រ​​​ធន់​​​ធ្ងន់​​​ទៅ​​​អភិវឌ្ឍ​​​តំបន់​​​នេះ​​​ដោយ​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​ទាំង​​​ពីរ​​​បង្កើន​​​វត្ត​​​មាន​​​ទ័ព​​​របស់​​​ខ្លួន​​​។

កាសែត​​​បាង​​​កក​​​ ប៉ុស្តិ៍ បាន​​​ចុះ​​​ផ្សាយ​​​កាល​​​ពី​​​ម្សិល​​​ម​​​ិញ​​​ថា អាជ្ញាធរ​​​ថៃ​​​បាន​​​បិទ​​​ច្រក​​​ព្រំ​​​ដែន​​​អានសេះ​​​នៅ​​​ខាង​​​ផ្នែក​​​របស់​​​ខ្លួន​​​ ព្រោះ​​​កម្ពុជា​​​បាន​​​ដឹក​​​ជញ្ជូន​​​គ្រឿង​​​ចក្រ​​​ឈូស​​​ឆាយ​​​ទៅ​​​រាន​​​តំបន់​​​នេះ​​​សម្រាប់​​​គម្រោង​​​បង្កើត​​​កាស៊ីណូ និង​​​សណ្ឋាគារ​​​ដោយ​​​រំលោភ​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​របស់​​​ប្រទេស​​​ទាំង​​​ពីរ​​​ដែល​​​ឯកភាព​​​គ្នា​​​មិន​​​អភិវឌ្ឍ​​​ដែន​​​ដី​​​មាន​​​ជម្លោះ​​​។

យោង​​​តាម​​​អត្ថបទ​​​របស់​​​កាសែត​​​នេះ​​​ ប្រភព​​​ពី​​​ទាហាន​​​ដែល​​​មិន​​​បញ្ចេញ​​​ឈ្មោះម្នាក់​​​​​​បាន​​​និយាយថា​​​​​​ បន្ទាប់​​​មក​​​កម្ពុជា​​​បាន​​​ចាប់​​​ផ្តើម​​​បញ្ជូន​​​ទាហាន​​​ និង​​​អាវុធ​​​ចូល​​​តំបន់​​​ព្រំដែន​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​។ ជា​​​ការ​​​ឆ្លើយ​​​តប​​​ កង​​​ទ័ព​​​ថៃ​​​​​​បាន​​​​​​បញ្ជូន​​​កង​​​ទ័ព​​​ពង្រឹង​​​សន្តិសុខ​​​របស់​​​ខ្លួន​​​ទៅ​​​កាន់​​​តំបន់​​​នោះដែរ។

លោក កុយ គួង អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ការ​​​បរទេស​​​បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ការ​​​ចុះ​​​ផ្សាយ​​​ដែល​​​ថា កម្ពុជា​​​រំលោភ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ព្រំ​​​ដែន​​​ គឺ​​​វា​​​មិន​​​ត្រឹម​​​ត្រូវ​​​ទេ​​​។

លោក​​​ កុយ គួង បាន​​​មាន​​​ប្រសាសន៍​​​ដោយ​​​សំដៅ​​​ទៅ​​​លើ​​​អនុស្សរណៈ​​​នៃ​​​ការ​​​យោ​​​គ​​​យល់​​​គ្នា​​​ ដែល​​​ថៃ និង​​​កម្ពុជា បាន​​​ចុះ​​​ហត្ថលេខា​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០០០​​​ដោយ​​​ព្រម​​​ព្រៀង​​​ថា ភាគី​​​ទាំង​​​ពីរ​​​នឹង​​​មិន​​​អភិវឌ្ឍតំបន់​​​​​​មាន​​​ជម្លោះ​​​​​​នោះ​​​ថា “យើង​​​មិន​​​បាន​​​​​​ធ្វើ​​​ដូច្នេះ​​​ទេ​​​ ហើយ​​​មិន​​​ធ្វើ​​អ្វី​​​ឲ្យ​​​រំលោភ​​លើ​​​ដែន​​​ដី​​​របស់​​​ប្រទេស​​​ជិត​​​ខាង​​​យើង​​​ឡើយ ​​​​​​ជា​​​ពិសេស​​​ អនុស្សរណៈ​​​នៃ​​​ការ​​​យោគ​​​យល់​​​គ្នា​​​ឆ្នាំ​​​២០០០​​​ជាមួយ​​​ប្រទេស​​​ថៃ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា “កម្ពុជា​​​មិន​​​បាន​​​បញ្ជូន​​​កង​​​ទ័ព​​​ណា​​​មួយ​​​ចូល​​​ទៅ​​​តំបន់​​​នោះ​​​​​​ ដូច​​​ការ​​​ចោទ​​​ប្រកាន់​​​ឡើយ​​​។ លោក កុយ គួង បាន​​​បន្ត​​​ដោយ​​​ចោទ​​​ប្រកាន់​​​ប្រទេស​​​ថៃ​​​ថា បាន​​​រំលោភ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ព្រំ​​​ដែន​​​​​​​​​​​​​​​​​​នេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ថៃ​​​បាន​​​បញ្ជូន​​​កង​​​ទ័ព​​​ប្រហែល​​​២០០នាក់​​​ចូល​​​មក​​​ដោយ​​​មាន​​កាំ​​​ភ្លើង​​​ធន់​​​ធ្ងន់​​​មួយ​​​ចំនួន​​​ផង​​​។ ថៃ​​​បាន​​​រំលោភ​​​អនុស្សរណៈ​​​នៃ​​​ការ​​​យោគ​​​យល់​​​គ្នា​​​​​ឆ្នាំ​​​២០០០ ដោយ​​​សាងសង់​​​អង់តែន​​​ដ៏​​​ធំ​​​មួយ​​​ និង​​​អគារ​​​ថ្ម​​​មួយ​​​ចំនួន​​​ចម្ងាយ​​​ត្រឹម​​​តែ​​​១ឬ២ម៉ែត្រ​​​ពី​​​បន្ទាត់​​​ព្រំដែន​​​ដែល​​​មិន​​​​​​ទាន់​​​កំណត់​​​ច្បាស់​​​លាស់​​​”។

លោក ជា​​​ គឹមសេង អភិបាល​​​ស្រុក​​​ជាំ​​​ក្សាន្ត​​​ជា​​​កន្លែង​​​ដែល​​​ចំណែក​​​ច្រក​​​ព្រះ​​​ដែន​​​​​​​​​​​​​​បាន​​​លើក​​​ឡើង​​​ថា ដើម្បី​​​រៀប​​​ចំ​​​សម្រាប់​​​ការ​​​ចូល​​​រួម​​​ជា​​​មួយ​​​សហគមន៍​​​សេដ្ឋ​​​កិច្ច​​​អាស៊ាន​​​​​​ឆ្នាំ​​​២០១៥នោះ​​​​​​ កម្មករ​​​សំណង់ ​កំពុង​​​ស្ថាបនា​​​ផ្លូវ​​​ក្បែរ​​​ព្រំ​​​ដែន​​​ទៅ​​​កាន់​​​ផ្សារ​​​មួយ​​​ ហើយ​​​បន្ទាប់​​​ទៀត​​​បន្ត​​​ទៅ​​​កាន់​​​​​​​​​រង្វង់​​​មូល​​​។

លោក គឹមសេង​​​​​​ បាន​​​លើក​​​ឡើង​​​បន្ថែម​​​ថា ចំណុច​​​រង្វង់​​​មូល​​​ដែល​​​ត្រង់​​​ចំណុច​​​កណ្តាល​​​មាន​​​រូប​​​វីរបុរស​​​​​​មួួ​យ​​​រូប​​​ជិះ​​​សេះ​​​ គឺ​​​មាន​​​ចម្ងាយ​​​១៥០​​ម៉ែត្រ​​​ពី​​​ព្រំ​​​ដែន​​​មាន​​​ជម្លោះ​​​ រីឯ​​​ផ្សារ​​​វិញ​​​មាន​​​ចម្ងាយ​​​ប្រហែល​​​៥០០ម៉ែត្រ​​​ពី​​​ព្រំ​​​ដែន​​​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​គឺ​​​ជា​​​ដី​​​របស់​​​យើង​​​”។ លោក គឹម​​​សេង បាន​​​លើក​​​ឡើង​​​បន្ត​​​ទៀត​​​ថា កាល​​​ពី​​​ថ្ងៃ​​​សៅរ​​​៍ កង​​​ល្បាត​​​​​​ថៃ​​​ម្នាក់​​​បាន​​​​​​ទៅ​​​ជួប​​​កម្មករ​​​សំណង់​​​ ហើយ​​​ប្រាប់​​​ពួកគេ​​​ឲ្យ​​​ឈប់​​​ធ្វើ​​​ការ​​​ ហើយ​​​អង្គភាព​​​កង​​​ទ័ព​​​​​​ប៉ារ៉ា​​​របស់​​​ថៃ​​​ក៏​​​បាន​​​ប្រាប់​​​ពល​​​រដ្ឋ​​​ថៃ​​​ដែល​​​កំពុង​​​ដើរ​​​ទិញ​​​ទំនិញ​​​នៅ​​​ផ្សារ​​​នេះ​​​​​​ឲ្យ​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​ថៃ​​​វិញ​​​ផង​​​ដែរ​​​។

លោក គឹមសេង បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ កង​​​ល្បាត​​​ថៃ​​​បាន​​​ត្រឡប់​​​មក​​​ម្តង​​​ទៀត​​​ ហើយ​​​បាន​​​ប្រាប់​​​កម្មករ​​​ឲ្យ​​​បញ្ឈប់​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “បន្ទាប់​​​មក​​​កង​​​ទ័ព​​​ថៃ​​​ប្រហែល​​​២០០​​​នាក់​​​​​​ត្រូវ​​​បាន​​​ដាក់​​​ពង្រាយ​​​នៅ​​​តាម​​​បណ្តោយ​​​ច្រក​​​ព្រំ​​​ដែន​​​អាន​​​សេះ​​​ ហើយ​​​ពួក​​​គេ​​​បាន​​​បិទ​​​ច្រក​​​ព្រំ​​​ដែន​​​។ លោក​​​បាន​​​ឲ្យ​​​ដឹង​​​បន្ថែម​​​ថា បន្ទាប់​​​ពី​​​ច្រក​​​ព្រ​​ំ​​​ដែន​​​​​​ត្រូវ​​​បាន​​​បិទ​​​ ហើយ​​​ទាហាន​​​ថៃ​​​ត្រូវ​​​បាន​​​ដាក់​​​ពង្រាយ​​​យ៉ាង​​​ច្រើន​​​ទៀត​​​នោះ​​​ ពល​​​រដ្ឋ​​​នៅ​​​ក្នុង​​​​​​ផ្សារ​​​បាន​​​នាំ​​​គ្នា​​​ចាក​​​ចេញ​​​ដោយ​​​ខ្លាច​​​ក្រែង​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ផ្ទុះ​​​ឡើង​​​។

លោក ស្រី ឌឹក ដែល​​​ជា​​​មេបញ្ជាការ​​​កង​​​ពល​​​ធំ​​​អន្តរាគមន៍​​​​​លេខ​​​៣​​​ ដែល​​​ឈរ​​​ជើង​​​តាម​​​បណ្តោយ​​​ព្រំ​​​ដែន​​​ក៏​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ផង​​​ដែរ​​​ថា គ្មាន​​​ការ​​​បញ្ជូន​​​កង​​​ទ័ព​​​កម្ពុជា​​​ទៅ​​​កាន់​​​តំបន់​​​ព្រំ​​​ដែន​​​ឡើយ​​​ក្នុង​​​សប្តាហ៍​​​នេះ ហើយ​​​ថា ភាព​​​តាន​​​តឹង​​​នៅ​​​ក្នុង​​​តំបន់​​​នេះ​​​គ្រាន់​​​តែ​​​ជា​​​ការ​​​បំផ្លើស​​​ប៉ុណ្ណោះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ទាំង​​​ទាហាន​​​កម្ពុជា​​​ និង​​​ទាហាន​​​ថៃ​​​សុទ្ធ​​​តែ​​​គ្មាន​​​បញ្ហា​​​អ្វី​​​ឡើយ​​​ហើយ​​​​​​បាន​​​សហការ​​​ និង​​​ទាក់​​​ទង​​​គ្នា​​​ជា​​​ធម្មតា​​​”។

ឧត្តម​​​សេនីយ៍​​​ ស្រី ឌឹក ក៏បាន​​​លើក​​​ឡើង​​​បន្ថែមថា ការ​​​បិទ​​​ច្រក​​​ព្រំ​​​ដែន​​​ខាង​​​ភាគី​​​ថៃ​​​គឺ​​​វា​​​មិន​​​មែន​​​ជា​​​រឿង​​​ចម្លែក​​​ទេ​​​។ លោក​​​បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​មិន​​​មែន​​​ជា​​​លើក​​​ទី​​​១​​​ទេ ដែល​​​ទាហាន​​​ថៃ​​​បិទ​​​ច្រក​​​ព្រំ​​​ដែន​​​​​​ ហើយ​​​យើង​​​គ្មាន​​​ការ​​​ភ្ញាក់​​​ផ្អើល​​​ ចំពោះ​​​ទង្វើ​​​បែប​​​នេះ​​​ឡើយ​​​”។

យោង​​​តាម​​​កាសែត​​​បាង​​​កក ប៉ុស្តិ៍​​​ បាន​​​ឲ្យ​​​ដឹង​​​ថា លោក Serm Chainarong អភិបាល​​​ខេត្ត​​​អ៊ូប៊ុន រ៉ាត​​​ថា​​​នី ប្រទេស​​​ថៃ​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ស្ថាបនា​​​ផ្លូវក្បែរ​​​ព្រំ​​​ដែន​​​គឺ​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​​​​ត្រៀម​​​សម្រាប់​​​ការ​​​បង្កើត​​​កាស៊ីណូ និ​​​ង​​​សណ្ឋាគារ​​​ក្នុង​​​តំបន់​​​មាន​​​ជម្លោះ​​​ ដែល​​​លោក​​​បាន​​​ហៅ​​​ថា “មិន​​​មែន​​​ជា​​​ដី​​​របស់​​​នរណា​​​នោះ”។

ប៉ុន្តែ កាល​​​ពី​​​ម្សិលមិញ លោក រ័ត្ន សុភា ប្រធាន​​​មន្ទីរ​​​ព័ត៌​​​មាន​​​ខេត្ត​​​ព្រះ​​​វិហារ​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​អភិវឌ្ឍ​​​ដែល​​​កំពុង​​​ជួប​​​បញ្ហា​​​នោះ​​​ គឺ​​​ស្ថិត​​​ក្នុង​​​ទឹក​​​ដី​​​កម្ពុជា​​​ដោយ​​​មាន​​​ចម្ងាយ​​​១,៥​​​គីឡូម៉ែត្រ​​​​​​ពី​​​ព្រ​​ំ​ដែន​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា “វា​​​មិន​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​ជម្លោះ​​​ព្រំដែន​​​រវាង​​​កម្ពុជា​​​ និង​​​ថៃ​​​ទាល់​​​តែ​​​សោះ”។ លោក​​​បាន​​​បន្ថែម​​​ថា កម្មករ​​​សំណង់​​​បាន​​​យក​​​ឧបករណ៍​​​របស់​​​ខ្លួន​​​​​​ចេញ​​​ឆ្ងាយ​​​ពី​​​ព្រំ​​​ដែន​​​ហើយ​​​។

ភាព​​​តាន​​​តឹង​​​ចុង​​​ក្រោយ​​​នេះ​​​កើត​​​ឡើង​​​ត្រឹម​​​តែ​​​មួ​​យ​​​សប្តាហ៍​​​ប៉ុណ្ណោះ​​​បន្ទាប់​​​ពី​​​លោក ទៀ បាញ់ និង​​​សម​​​ភា​​​គីថៃ​​​របស់​​​លោក គឺ​​​លោក Prawit Wongsuwan បាន​​​ជួប​​​ប្រជុំ​​​គ្នា​​​នៅ​​​ក្នុងរាជ​​​ធានី​​​ភ្នំពេញ​​​ ហើយ​​​សន្យា​​​ថា នឹង​​​ធ្វើ​​​ឲ្យ​​​មាន​​​កិច្ច​​​សហការគ្នា​​​​​​ឲ្យកាន់​​​តែ​​​ប្រសើរ​​​នៅ​​​តំបន់​​​ព្រំ​​​ដែន​​​នោះ​​​៕ស៊ុយ​​​ឈាង​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស