លោក ជាម យៀប សមាជិកសភាជាន់ខ្ពស់មកពីគណបក្សកាន់អំណាចបានបើកសន្និសីទកាសែតមួយកាលពីម្សិលមិញ ដើម្បីរិះគន់លោក សុន ឆ័យ សមាជិកសភាមកពីគណបក្សប្រឆាំងចំពោះអ្វីដែលលោកបាននិយាយថា ជាការអះអាងបំផ្លើសអំពីការគ្រប់គ្រងមិនត្រឹមត្រូវលើប្រាក់ចំណូលបានមកពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ។
លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្មនៅរដ្ឋសភានិងលោក សុន ឆ័យ ដែលជាអនុប្រធានគណៈកម្មការនេះបានចុះទៅការិយាល័យអាជ្ញាធរអប្សរាដែលគ្រប់គ្រងតំបន់អង្គរក្នុងខេត្តសៀមរាបកាលពីសប្តាហ៍មុន។
ពេលថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្រោយកិច្ចប្រជុំ លោក សុន ឆ័យ បានអះអាងថា អាជ្ញាធរនេះបានរាយការណ៍មិនគ្រប់ចំនួនយ៉ាងច្រើននៃការលក់សំបុត្រសម្រាប់ការចូលទស្សនាអង្គរវត្ត។
លោក ជាម យៀប បានលើកឡើងកាលពីម្សិលមិញថា លោកមិនយល់ស្របនឹងលោក សុន ឆ័យទេ ហើយថា សមាជិកសភាមកពីគណបក្សប្រឆាំងរូបនេះគឺតម្រូវឲ្យធ្វើតាមលោកជាប្រធានគណៈកម្មការ។
លោកបានមានប្រសាសន៍ទាក់ទិននឹងការអះអាងរបស់លោក សុន ឆ័យ ថា “នេះគឺជាការបំផ្លើស ហើយខ្ញុំមិនអាចទទួលយកបានឡើយ។ ខ្ញុំនឹងមិនបណ្តោយឲ្យគណៈកម្មការរបស់ខ្ញុំបែកបាក់ឡើយ ហេតុដូច្នេះខ្ញុំសូមនិយាយថា ប្រសិនបើអ្នកមិនធ្វើតាមទេ ខ្ញុំនឹងដាក់ពាក្យប្តឹង។ ខ្ញុំនឹងជូនដំណឹងដល់ប្រធានរដ្ឋសភា ឬគណៈកម្មាធិការអចិន្ត្រៃយ៍នៅរដ្ឋសភា”។
នៅពេលសួរថា តើបណ្តឹងអ្វីដែលលោកនឹងប្តឹងលោក សុន ឆ័យ លោក ជាម យៀប ទំនងជាពាក្យសំដីរបស់ខ្លួនវិញ។
លោក ជាម យៀប បានមានប្រសាសន៍ថា “ខ្ញុំមិនបានប្រើពាក្យថាប្តឹងនោះទេ។ ប៉ុន្តែ គណៈកម្មាធិការអចិន្ត្រៃយ៍មានសិទ្ធិធ្វើការសម្រេចចិត្តលើបញ្ហាគ្រប់ប្រភេទ”។
គណៈកម្មាធិការអចិន្ត្រៃយ៍ គឺត្រូវបានបង្កើតឡើងដោយមានការបូករួមបញ្ចូលគ្នារវាងប្រធានគណៈកម្មការទាំង១០នៅរដ្ឋសភា ក៏ដូចជាប្រធានរដ្ឋសភា និងអនុប្រធានរដ្ឋសភាទាំងពីររូប។ គណបក្សប្រជាជនកម្ពុជាមានសមាជិករបស់ខ្លួនចំនួនប្រាំរូបកាន់តំណែងជាប្រធានគណៈកម្មការ មួយរូបជាប្រធានរដ្ឋសភា និងមួយរូបទៀតជាអនុប្រធានរដ្ឋសភា ដោយធ្វើឲ្យគណបក្សនេះមានសំឡេងភាគច្រើនប្រាំពីរទល់នឹងប្រាំមួយនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍។
លោក ជាម យៀប បានពន្យល់ថា ការរិះគន់របស់លោកលើលោក សុន ឆ័យ គឺវាមានឫសគល់ចេញពីប្រវត្តិអាកប្បកិរិយាមិនល្អរបស់លោក សុន ឆ័យ នៅក្នុងគណៈកម្មាធិការ ទោះបីជាអ្នករួមការងាររបស់លោកខិតខំសហការយ៉ាងណាក៏ដោយ។ លោក ជាម យៀប បានមានប្រសាសន៍ទៀតថា “គាត់មិនដែលស្តាប់នរណាទេនៅក្នុងគណៈកម្មការ”។
សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជារូបនេះបានលើកឡើងទៀតថា ការនិយាយស្តីមិនស្តាប់គេឯងរបស់លោក សុន ឆ័យ អាចធ្វើឲ្យលោកឈានទៅដល់ការប្រវាយប្រតប់ដូចនៅក្នុងសភាផ្សេងៗ ប៉ុន្តែ នៅក្នុងសភាកម្ពុជាគឺវាមិនដូចទៅនឹងសភាគេផ្សេងៗឡើយ។
លោក ជាម យៀប បានមានប្រសាសន៍ថា “នៅក្នុងសភាផ្សេងៗមួយចំនួន ពួកគេយកមីក្រូហ្វូនវាយគ្នា ដូចជានៅក្នុងប្រទេសជប៉ុន កូរ៉េ កោះតៃវ៉ាន់ និងប្រទេសឥណ្ឌាជាដើម”។ លោកបានមានប្រសាសន៍បន្ថែមថា “ឯកឧត្តម សុន ឆ័យ ចាត់ទុកខ្លួនឯងជាបុគ្គលប្រឆាំង។ ទោះបីជាអ្វីត្រូវក៏ដោយតែគាត់ប្រឆាំងជានិច្ច។ ប្រសិនបើ២បូក២ស្មើ៤ លោក សុន ឆ័យ និយាយថា វាស្មើ ៤,១ ឬ៣,៩”។
គេមិនអាចទាក់ទងលោក សុន ឆ័យ សុំការអធិប្បាយបានឡើយ។
លោក ជាម យៀប ក៏បានឆ្លៀតឱកាសអំឡុងសន្និសីទកាសែតនោះលើកឡើងម្តងទៀតអំពីផែនការរបស់រដ្ឋាភិបាលដែលមានបំណងរើទីតាំងអាកាសយានដ្ឋានសៀមរាបចេញឲ្យឆ្ងាយពីអង្គរវត្តផងដែរ។
លោកបានមានប្រសាសន៍ថា “សម្តេច [នាយករដ្ឋមន្ត្រី ហ៊ុន សែន] មានផែនការរើទីតាំងអាកាសយាន្តដ្ឋានចេញឆ្ងាយពីតំបន់បេតិកភណ្ឌពិភពលោកនេះ។ នៅថ្ងៃអនាគតអាកាសយាន្តដ្ឋាននេះនឹងរើទៅបែ៉កភាគខាងលិចនៃខេត្តសៀមរាប ដែលមានចម្ងាយឆ្ងាយពីទីតាំងចាស់ប្រហែល៤០គីឡូម៉ែត្រ”។
លោក ជាម យៀប បានពន្យល់ថា ការរើទីតាំងនេះ គឺវាមានសារសំខាន់ណាស់ក្នុងការការពារអង្គរវត្តពីហានិភ័យដែលអាចកើតមានដោយសារយន្តហោះ។ លោកបានមានប្រសាសន៍បន្ថែមថា “យើងមិនអាចមើលឃើញទេ ជួនកាលចៃដន្យអាក្រក់នៅពេលយន្តហោះ ចុះចត ហើយមិនអាចចុះត្រូវផ្លូវរត់នោះវាអាចជ្រុលទៅឝបុកប្រាសាទអង្គរវត្តក៏ថា បាន”៕ស៊ុយឈាង