នៅប៉ុន្មានថ្ងៃមុនការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣ កម្មករភាគច្រើនបាននាំគ្នាចាកចេញពីរាជធានីភ្នំពេញទៅកាន់ស្រុកកំណើតរបស់ខ្លួនដែលស្ថិតនៅតាមបណ្ដាខេត្តនានាជុំវិញរាជធានីដើម្បីធ្វើការបោះឆ្នោត។
គណបក្សសង្គ្រោះជាតិធ្វើបានយ៉ាងល្អនៅក្នុងខេត្តទាំងនោះ ដោយទទួលបានអាសនៈសភាភាគច្រើននៅក្នុងខេត្ត កំពង់ចាម ព្រៃវែងនិងខេត្តកណ្តាល ព្រមទាំងទទួលបានអាសនៈចំនួន៧ក្នុងចំណោមអាសនៈសរុបចំនួន១២នៅក្នុងរាជធានីភ្នំពេញផងដែរ។
ប៉ុន្តែនៅក្នុងការបោះឆ្នោតលើកក្រោយៗ កម្មករនឹងត្រូវអនុញ្ញាតឲ្យបោះឆ្នោតនៅកន្លែងដែលពួកគេធ្វើការតែម្ដង។ ការកំណត់បែបនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីមានការព្រមព្រៀងគ្នារវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាកាលពីខែមុន ដោយផ្ដោតលើការបោះឆ្នោតក្នុងរាជធានី ហើយកាត់បន្ថយចំនួនអ្នកបោះឆ្នោតនៅតាមបណ្តាខេត្តនានាក្បែររាជធានី។
បន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមការងារធ្វើការពាក់ព័ន្ធច្បាប់បោះឆ្នោតដែលមានសមាជិកមកពីគណបក្សទាំងពីរចូលរួមកាលពីខែមុន លោក ប៊ិន ឈិន ប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ចំនួនអាសនៈសភានៅក្នុងរាជធានីភ្នំពេញ នឹងកើនឡើងជិត៥០ភាគរយនៅក្នុងការបោះឆ្នោតជាតិលើកក្រោយ ដែលគ្រោងនឹងធ្វើឡើងនាខែកុម្ភៈឆ្នាំ២០១៨។
លោក ប៊ិន ឈិន បានមានប្រសាសន៍ថា “ដោយមើលឃើញពីការលំបាករបស់ក្មួយៗ ដែលចាកចេញពីស្រុកកំណើតមកធ្វើការ យើងបានអនុញ្ញាតឲ្យ គ.ជ.ប. ចេញសារាចរណែនាំនិងនីតិវិធីដែលអនុញ្ញាតឲ្យពួកគេអាចចុះឈ្មោះ[បោះឆ្នោត]នៅកន្លែងដែលពួកគេធ្វើការតែម្តង។ឧទាហរណ៍ បើកម្មករមកពីខេត្តកំពង់ចាម ព្រៃវែង និងខេត្តកំពង់ធំដែលមកធ្វើការនៅរាជធានីភ្នំពេញ គឺពួកគេអាចបោះឆ្នោតនៅក្នុងរាជធានីភ្នំពេញតែម្ដង ហេតុដូច្នេះពួកគេលែងជួបការលំបាកក្នុងការធ្វើដំណើរត្រឡប់ទៅស្រុកកំណើតដើម្បីបោះឆ្នោតទៀតហើយ”។
លោក ប៊ិន ឈិន បានមានប្រសាសន៍ទៀតថា “ចំនួនអាសនៈនៅក្នុងរាជធានីភ្នំពេញគឺមិនមែន១២អាសនៈដូចបច្ចុប្បន្នឡើយ គឺវាអាចកើនឡើងរហូតដល់ទៅ១៧អាសនៈ។ ខ្ញុំអាចនិយាយបានថា ចំនួនអាសនៈនៅក្នុងបណ្ដាខេត្តក្បែររាជធានីភ្នំពេញនឹងថយចុះ”។
យោងតាមលោក ទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិនៅអង្គការពលកម្មអន្តរជាតិ(ILO) បានឲ្យដឹងថា ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោតប្រហែល១០លាននាក់នៅទូទាំងប្រទេស មានប្រហែល១លាននាក់បានចាកចេញពីស្រុកកំណើតរបស់ខ្លួនទៅធ្វើការនៅកន្លែងផ្សេងៗ ដោយភាគច្រើនគឺធ្វើការនៅក្នុងវិស័យកាត់ដេរ សំណង់ និងផ្នែកផ្ដល់សេវាកម្ម។
លោក បានមានប្រសាសន៍ថា “កម្មករប្រមាណ៤០០.០០០នាក់បានធ្វើការក្នុងវិស័យកាត់ដេរក្នុងរាជធានីភ្នំពេញ ហេតុដូច្នេះ វាអាចជារឿងប្រសើរខ្លាំងណាស់សម្រាប់ពួកគេ ប្រសិនបើ ពួកគេត្រូវបានផ្ដល់សិទ្ធឲ្យចុះឈ្មោះបោះឆ្នោតនៅកន្លែងដែលពួកគេធ្វើការនោះ”។
ហើយចំនួនកម្មករដែលធ្វើចំណាកស្រុកដើម្បីស្វែងរកការងារធ្វើ គឺវាបានកើនឡើងដូចចំនួនយុវជនដែលគ្រប់អាយុបោះឆ្នោតដែរ។
យោងតាមរបាយការណ៍ស្តីពីការបោះឆ្នោតឆ្នាំ២០១៣ដែលចេញដោយគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា(ខុមហ្វ្រែល) បានឲ្យដឹងថា “ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ ភាគច្រើនគឺសុទ្ធតែយុវជនទៅហើយ នៅពេលគេកំណត់ថា យុវជនដែលមានសិទ្ធិបោះឆ្នោតគឺមានចន្លោះចាប់ពី១៨ឆ្នាំដល់៣៥ឆ្នាំនោះ”។
អ្នកឃ្លាំមើលការបោះឆ្នោតបានលើកឡើងថា ជោគជ័យដ៏គួរឲ្យភ្ញាក់ផ្អើលរបស់គណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៣ គឺដោយសារតែមានការគាំទ្រយ៉ាងច្រើនពីយុវជនដែលអាចរកប្រាក់ចិញ្ចឹមខ្លួនឯងនិងគ្រួសារបានខ្លះៗនោះ។
លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយមួយរូបបានមានប្រសាសន៍៍ថា “អ្នកដែលមានអំណាចនៅក្នុងគ្រួសារគឺជាឪពុក ព្រោះគាត់គឺជាមេគ្រួសារ ហើយគាត់គឺជាអ្នកប្រាប់ថា តើនរណាដែលសមាជិកក្នុងគ្រួសារត្រូវបោះឆ្នោតឲ្យ។ ប៉ុន្តែ ឥឡូវ ក្មេងៗអាចរកលុយបានដោយខ្លួនឯង ហេតុដូច្នេះ នៅពេលពួកគេរអ៊ូរទាំអំពីគណបក្សកាន់អំណាច ឧទាហរណ៍ដូចជាឪពុកជាដើមត្រូវតែស្ដាប់ពួកគេ”។
លោក វីរៈ បានលើកឡើងទៀតថា ឥទ្ធិពលនេះ មិនចំាបាច់និយាយដល់ទៅកម្មករក្មេងៗដែលមានឱកាសបោះឆ្នោតនោះទេ សូម្បីតែពលករចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសដែលមិនមានឱកាសបោះឆ្នោតក៏អាចមានឥទ្ធិពលលើសមាជិកគ្រួសារបានដែរ។
លោក បានមានប្រសាសន៍ថា “សូម្បីតែពលករដែលកំពុងធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ីឬប្រទេសថៃ និងដែលមិនបានត្រឡប់មកស្រុកកំណើតដើម្បីបោះឆ្នោត ក៏អាចមាន ឥទ្ធិពលយ៉ាងច្រើនលើគ្រួសារនៅកម្ពុជាដែរ”។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាដែលបានបញ្ជូនអ្នកឃ្លាំមើលការបោះឆ្នោតរាប់រយនាក់ឲ្យទៅឃ្លាំមើលការបោះឆ្នោតកាលពីឆ្នាំ២០១៣ បានលើកឡើងថា ការវិលត្រឡប់របស់កម្មករទៅស្រុកកំណើតដើម្បីបោះឆ្នោតគឺពិតជាមានឥទ្ធិពលយ៉ាងខ្លាំងលើគ្រួសារមែន។
លោក បានមានប្រសាសន៍ថា “យោងតាមការស៊ើបអង្កេតនិងប្រភពរបស់យើង កម្មករឬកម្មករកាត់ដេរដែលត្រឡប់ទៅស្រុកកំណើតដើម្បីបោះឆ្នោត គឺមានឥទ្ធិពលលើឪពុកម្តាយរបស់ខ្លួនដោយឲ្យពួកគាត់បោះឆ្នោតតាមខ្លួន”។លោក បានបន្ថែមថា កម្មករកាត់ដេរគឺមានទំនោរយ៉ាងខ្លាំងលើគណបក្សប្រឆាំង។
លោកបានមានប្រសាសន៍បន្ថែមថា “គណបក្សសង្គ្រោះជាតិទទួលបានការគាំទ្រយ៉ាងច្រើនពីកម្មករ ពួកគេហាក់បីដូចជាមានគោលនយោបាយមួយដែលអាចទាក់ទាញកម្មករទូទៅបាន ព្រោះពួកគេបានដាក់ការផ្តល់ប្រាក់ខែគោល [១៥០ដុល្លារ]នៅក្នុងគោលនយោបាយរបស់ខ្លួន”។
ប៉ុន្តែទាំងលោក វីរៈ និងលោកព្រាប កុល សុទ្ធតែលើកឡើងថា ការផ្លាស់ប្តូរដ៏មានសារៈសំខាន់បំផុតដែលអាចឆ្លើយតបនឹងច្បាប់ចុះឈ្មោះបោះឆ្នោតថ្មីនេះ គឺនៅត្រង់ថា តើគណបក្សនីមួយៗមានគោលនយោបាយរបស់ខ្លួនល្អកម្រិតណានៅក្នុងការទាក់ទាញការគាំទ្រឲ្យបានច្រើនពីកម្មករដែលមានសិទ្ធិបោះឆ្នោត។
លោក ព្រាប កុល បានមានប្រសាសន៍ថា “វាអាស្រ័យលើ ថាតើគណបក្សប្រឆាំងនឹងអនុវត្តគោលនយោបាយយ៉ាងដូចម្តេចចាប់ពីពេលឥឡូវនេះរហូតដល់ពេលបោះឆ្នោត និងគោលនយោបាយដែលរដ្ឋាភិបាលនឹងដាក់ចេញសម្រាប់ពលករនិងកម្មកររោងចក្រ។ ហេតុដូច្នេះ យើងមិនអាចនិយាយបានច្បាស់ទេ ថាតើ លទ្ធផលបោះឆ្នោតនឹងមានផលប៉ះពាល់យ៉ាងដូចម្តេចដោយសារវិធានការថ្មីនេះ”៕ស៊ុយឈាង