ប្រធានក្រុមការងារមកពីគណបក្សសង្គ្រោះជាតិ ទទួលបន្ទុកចរចាធ្វើកំណែទម្រង់បោះឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច បានមានប្រសាសន៍បន្ទាប់ពីជំនួបចរចារបស់ក្រុមការងារទាំងពីរគណបក្សនៅឯរដ្ឋសភាកាលពីថ្ងៃសុក្រថា គណបក្សទាំងពីរមិនទាន់ឈានដល់ការព្រមព្រៀងគ្នាលើបញ្ហាចំនួនបួន នៅក្នុងការធ្វើសេចក្ដីព្រាងច្បាប់បោះឆ្នោតថ្មី។
លោក គួយ ប៊ុនរឿន ប្រធានក្រុមការងារមកពីគណបក្សសង្គ្រោះជាតិ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា គណបក្សប្រឆាំងកំពុងជំរុញឲ្យបង្កើតចំនួនអាសនៈសភា ការចេញប័ណ្ណបោះឆ្នោត ការការពាររឹងមាំដើម្បីបញ្ជាក់អត្តសញ្ញាណអ្នកបោះឆ្នោត និងសិទ្ធិសម្រាប់អ្នកបោះឆ្នោតពីបរទេស។
លោកបានលើកឡើងថា ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធានក្រុមការងារមកពីគណបក្សប្រជាជនកម្ពុជា បានជំទាស់ចំណុចទាំងអស់នេះ។ លោកមានប្រសាសន៍ថា” ដូច្នេះ យើងទុកបញ្ហាទាំងអស់នេះឲ្យថ្នាក់លើជាអ្នកសម្រេច ហើយយើងនឹងបន្តពិភាក្សាលើមាត្រាផ្សេងៗទៀត ដើម្បីពន្លឿនការចរចា”។
លោកបានបន្តថា គណបក្សទាំងពីរមានការវិវឌ្ឍខ្លះហើយជុំវិញថា តើអ្នកបោះឆ្នោតនឹងត្រូវចុះឈ្មោះដោយរបៀបណាសម្រាប់ការបោះឆ្នោតនាពេលអនាគត។
គណបក្សកាន់អំណាចចង់អនុញ្ញាតឲ្យអ្នកបោះឆ្នោតប្រើប្រាស់អត្តសញ្ញាណប័ណ្ណដែលរដ្ឋាភិបាលចេញឲ្យ ចំណែកឯគណបក្សប្រឆាំងវិញចង់ឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ចេញប័ណ្ណបោះឆ្នោតដោយមានស្នាមផ្ដិតមេដៃ និងរូបថតសម្រាប់ការបញ្ជាក់។
គណបក្សប្រឆាំងនិយាយថា ការប្រើប្រាស់អត្តសញ្ញាណប័ណ្ណគឺមិនគ្រប់គ្រាន់ទេ ពីព្រោះប្រជាពលរដ្ឋច្រើនណាស់ដែលមិនទាន់មានវា ជាបញ្ហាមួយដែលលោក ប៊ិន ឈិន មានប្រសាសន៍ថា អាចចៀសវាងបាន។ លោកមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាបានស្នើឲ្យអនុញ្ញាតអ្នកដែលគ្មានអត្តសញ្ញាណប័ណ្ណបង្ហាញវត្តមាននៅតាមឃុំ-សង្កាត់អមជាមួយប្រជាពលរដ្ឋពីរនាក់ ដែលមានក្រដាសស្នាមបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវអាចបញ្ជាក់ពីទីលំនៅដ្ឋានរបស់ពួកគេបាន។
នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិបានអះអាងថា មន្ត្រីឃុំ-សង្កាត់របស់គណបក្សប្រជាជនកម្ពុជា ភាគច្រើនបានប្រើប្រាស់បញ្ជីឈ្មោះបោះឆ្នោតដើម្បីកេងចំណេញបម្រើឲ្យផលប្រយោជន៍របស់គណបក្សកាន់អំណាច ដោយអនុញ្ញាតឲ្យមនុស្សមួយចំនួនបោះឆ្នោតច្រើនដង និងធ្វើឲ្យប្រជាពលរដ្ឋជាច្រើនទៀតគ្មានឈ្មោះនៅក្នុងបញ្ជី។
កាលពីថ្ងៃពុធ គ.ជ.ប. បានចេញសេចក្ដីថ្លែងការណ៍មួយស្ដីពីបញ្ជីឈ្មោះបោះឆ្នោតដែលត្រូវបានធ្វើបច្ចុប្បន្នភាពសម្រាប់ឆ្នាំ២០១៤។ បញ្ជីដែលត្រូវបានពិនិត្យផ្ទៀងផ្ទាត់ដែលមានអ្នកបោះឆ្នោតសរុបចំនួន៩.៨០១.៥៣៥នេះ មានឈ្មោះចំនួន១០៨.៨០០ត្រូវបានលុបចេញ និងឈ្មោះចំនួន១៧៧.៨០៤ត្រូវបានបញ្ចូលបន្ថែម៕ សុខុម