ក្រុមមន្ត្រីបានលើកឡើងថា កម្មករអាយុ២២ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់កាលពីម្សិលមិញពីបទចាប់រំលោភក្មេងស្រីអាយុ៩ឆ្នាំម្នាក់នៅក្បែរចម្ការដំឡូងមីមួយស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។
ជនសង្ស័យ ឈ្មោះ ឆន ឈៀង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្របន្ទាប់ពីបានចាប់រំលោភក្មេងស្រីរូបនេះ ត្រូវជាកូនស្រីរបស់ម្ចាស់ចម្ការបានតែបន្តិចប៉ុណ្ណោះ។
យោងតាមលោក គឹម រិទ្ធ នាយប៉ុស្តិ៍ឃុំមានជ័យ កន្លែងដែលហេតុការណ៍នេះបានកើតឡើងបានឲ្យដឹងថា ឪពុកម្តាយក្មេងស្រីនេះបានជួល ឆន ឈៀង មកជួយប្រមូលផលដំឡូងមីរបស់ខ្លួន ហើយជននេះបានឈប់ត្រង់ផ្ទះរបស់ក្រុមគ្រួសារនេះដើម្បីសួរផ្លូវទៅចម្ការ។
លោក គឹម រិទ្ធ បានមានប្រសាសន៍ថា “ក្មេងស្រីរងគ្រោះបាននាំជនសង្ស័យរូបនេះទៅចម្ការដំឡូងមីរបស់ឪពុកម្តាយខ្លួនបន្ទាប់ពីម្តាយរបស់នាងបានប្រាប់ ឲ្យនាងជូនទៅ ពីព្រោះជនសង្ស័យមិនស្គាល់ផ្លូវទៅចម្ការ។ នៅពេលដល់ពាក់កណ្តាលផ្លូវ ជននេះបានចាប់រំលោភក្មេងស្រីនេះតែម្តង។ ជននេះបានវាយនាងពីររំពាត់តូច ហើយបានយកយកអាវរបស់ខ្លួនមកចងមាត់ដើម្បីកុំឲ្យនាងស្រែក”។
លោកបានមានប្រសាសន៍ថា នៅពេលក្មេងស្រីរូបនេះត្រឡប់មកផ្ទះវិញ នាងបានប្រាប់ឪពុកម្តាយរបស់នាងពីអ្វីដែលបានកើតឡើង ហើយពួកគាត់បានរាយការណ៍ទៅនគរបាល ដែលបានចាប់ខ្លួន ឈ្មោះ ឈៀង ខណៈពេលជននេះកំពុងដើរពីចម្ការដំឡូងមីមកផ្ទះវិញ។
លោក ហឿង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង បានមានប្រសាសន៍ថា ឈៀង ត្រូវបានចោទប្រកាន់កាលពីម្សិលមិញពីបទចាប់រំលោភអនីតិជន ប៉ុន្តែចៅក្រមស៊ើបសួរមិនទាន់បានធ្វើការសាកសួរនៅឡើយទេ៕សារុន