សាលារាជធានីភ្នំពេញបានបញ្ចេញប្លង់ថ្មីសម្រាប់ការអភិវឌ្ឍតាមបណ្តោយមាត់ច្រាំងទន្លេប្រវែង២គីឡូម៉ែត្រ នៅភាគខាងជើងនៃស្ពានជ្រោយចង្វារ ប៉ុន្តែមិនបញ្ជាក់ថា តើសាលារាជធានីមានផែនការដោះស្រាយជាមួយប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះដោយរបៀបណាឡើយ។
ប្លង់មេដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់សាលារាជធានីនៅសប្ដាហ៍នេះ បង្ហាញពីរូបសួនច្បារសាធារណៈធំៗ ដោយមានកន្លែងចតរថយន្ត និងកន្លែងទូកទេសចរណ៍ចូលចត។ យោងតាមសាលារាជធានីបានឲ្យដឹងថា ការអភិវឌ្ឍនេះនឹងរួមមានកន្លែងប្រគំតន្ត្រី កន្លែងហាត់កីឡា និងកន្លែងទទួលទានអាហារផងដែរ។
ខ្លឹមសារបង្ហោះលើទំព័រហ្វេសប៊ុកនោះបញ្ជាក់ថា “គោលបំណងនៃការអភិវឌ្ឍនេះ គឺដើម្បី “លើកកម្ពស់សោភ័ណភាពតាមបណ្ដោយច្រាំងទន្លេ”។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍តាមទូរស័ព្ទថា សាលារាជធានីនឹងចាប់ផ្ដើមស្វែងរកក្រុមហ៊ុនឯកជនមួយនៅខែនេះ ដើម្បីចាប់ដៃគូជាមួយខ្លួនលើគម្រោងនេះ។ លោកបានមានប្រសាសន៍ថា “យើងនឹងអភិវឌ្ឍកន្លែងទំនេរមុន ហើយកន្លែងដែលមានផលប៉ះពាល់នឹងត្រូវអភិវឌ្ឍសន្សឹមៗ។ យើងបានសិក្សាអំពីផលប៉ះពាល់រួចហើយ”។ ទោះជាយ៉ាងណា លោកមិនបញ្ជាក់បន្ថែមថា តើអាចនឹងមានការបណ្ដេញប្រជាពលរដ្ឋចេញ ឬយ៉ាងណាឡើយ។
លោកបានលើកឡើងបន្តថា មុនពេលបង្វែរការយកចិត្តទុកដាក់របស់ខ្លួនទៅភាគខាងជើងនៃច្រាំងទន្លេ សាលារាជធានីនឹងស្ថាបនាផ្លូវដើរថ្មីមួយខ្សែតាមបណ្ដោយច្រាំងទន្លេពីចំណុចសាលមហោស្រពចតុមុខ ឆ្ពោះទៅកោះពេជ្រ និងពីកោះពេជ្រឆ្ពោះទៅស្ពានព្រះមុនីវង្សជាមុនសិន។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា ផែនការមេចុងក្រោយនេះត្រូវបានរចនាឡើងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ប៉ុន្តែបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍនេះកំពុងស្ថិតក្នុងដំណាក់កាលបឋមនៅឡើយ។លោកបានមានប្រសាសន៍ទៀតថា “នេះគឺជាប្លង់ ប៉ុន្តែយើងនឹងបន្តចុះទៅធ្វើការស្ទាបស្ទង់អំពីការផលប៉ះពាល់លើប្រជាពលរដ្ឋ”៕ សុខុម