28.4 C
Phnom Penh

សមាជិក​សភា​គណបក្សប្រឆាំងនឹង​​ទៅ​ពិនិត្យ​មើល​ផ្នូរ​ជន​ជាតិ​វៀតណាម​នៅ​ភ្នំបូក​គោ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក យ៉ែម បុញ្ញឫទ្ធិ សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ប្រធាន​គណៈ​កម្មការ​អប់រំ កីឡា និង​​សាសនា នៅ​រដ្ឋសភា​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ភ្នំបូក​គោ ស្ថិត​ក្នុង​ខេត្ត​កំពត​នៅ​ខែ​ក្រោយនេះ ដើម្បី​ពិនិត្យ​មើល​ផ្នូរ​ជន​ជាតិ​វៀត​ណាម​ ដែល​គេ​លើក​ឡើង​ថា ជា​កន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​វៀត​ណាម​។

ព័ត៌​មាន​មួយ​ចំនួន​ដែល​បង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​កាល​ពី​ប៉ុន្មាន​ខែមុន បាន​​លើក​ឡើង​ពី​ជន​ជាតិ​វៀត​ណាម​មក​ទស្សនា​ទីសក្ការ​ និង​ផ្នូរ​​នៅ​លើ​​ភ្នំបូកគោ ដែល​តាម​ធម្មតា​មាន​ការ​លើក​ឡើង​ថា ការ​ធ្វើ​បែប​នេះ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​វប្បធម៌​ខ្មែរ។

លោក បុញ្ញឫទ្ធិ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក​មិនទាន់​ច្បាស់​អំពី​ការ​អះ​អាង​តាម​បណ្ដាញ​ផ្សព្វ​ផ្សាយ​​សង្គម​ឡើយ ប៉ុន្តែ​លោក​នឹង​ដឹក​នាំគណៈ​កម្មការ​របស់​លោក​ទៅ​ភ្នំ​នោះ​ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​ទៅ​ពិនិត្យ​មើល​កន្លែង​នេះ។ ខ្ញុំគ្រាន់​តែ​ទទួល​បាន​ព័ត៌មាន​នេះ​ បន្ទាប់ពី​មនុស្ស​ពីរ​បី​នាក់​បាន​លើកឡើង​ពី​បញ្ហា​នេះ​តាម​រយៈ​ទូរស័ព្ទ​ដៃ និង​បណ្ដាញ​សង្គមតែ​ប៉ុណ្ណោះ”។

លោក​ បុញ្ញឫទ្ធិ បាន​បដិសេធ​​មិន​​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​អំពី​គម្រោង​ធ្វើ​ដំណើរ​នោះ​ទេ ដែល​លោក​លើក​ឡើង​ថា នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី១១ និង​ទី១២ ខែ​កុម្ភៈ ហើយ​ថា លោក​នឹង​រង់​ចាំរហូត​ដល់​គណៈកម្មការ​របស់​លោក​​ទៅ​ពិនិត្យ​កន្លែង​នោះ​ដើម្បី​ធ្វើ​ការ​សន្និដ្ឋាន​អំពី​បញ្ហា​នោះ​សិន​។

លោក ខូយ ឃុនហួរ អភិបាល​ខេត្ត​កំពត​បាន​រិះគន់​គម្រោង​​ធ្វើ​ដំណើរ​របស់​លោក បុញ្ញឫទ្ធិ ដោយ​ពន្យល់​ថា គ្មាន​ផ្នូរ​ជនជាតិ​វៀតណាម​នៅ​លើ​ភ្នំ​បូកគោទេ ប៉ុន្តែ​ថា ភ្ញៀវ​ទេស​ចរ​វៀតណាម​មួយ​ចំនួន​​គ្រាន់​តែ​ឡើង​ទៅ​លើ​ភ្នំនោះ​​ដើម្បី​បួង​សួង​តែ​ប៉ុណ្ណោះ។

លោក ឃុនហួរ បាន​មាន​ប្រសាសន៍​ថា “មិន​មានផ្នូរ​បែប​នោះ​ឡើយ។ ​នេះ​គឺ​ជា​បញ្ហា​ចាស់តែ​ប៉ុណ្ណោះ​ ហើយ​អ្នក​ដែល​ស្រឡាញ់​​ជាតិ​មិន​ត្រូវ​និយាយ​អំពី​រឿង​នេះ​ទេ ពីព្រោះ​វា​គ្មាន​ប្រយោជន៍។ អ្វី​ដែល​គេ​បាន​លើក​ឡើង​អំពី​ផ្នូរ​ជនជាតិ​វៀតណាម​​នោះ ធ្វើ​ឲ្យ​យើង​ទទួល​បាន​ផលប្រយោជន៍​”។ លោក ឃុនហួរ បាន​មាន​ប្រសាសន៍​ពី​ភ្ញៀវទេសចរ​ជនជាតិ​វៀតណាម​ ដែល​មក​​កម្សាន្ត​នៅ​ភ្នំនោះ​ថា “វា​ជា​ការ​ធម្មតាទេ​សម្រាប់​ពួកគេ​ក្នុង​ការ​មក​បួងសួងនោះ​”។

ជន​ជាតិ​វៀតណាម​​គឺ​ជា​​ភ្ញៀវទេសចរដែល​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា​ច្រើន​បំផុត​​ច្រើន​ឆ្នាំ​មក​ហើយ បន្ទាប់ពី​ការ​មក​​កម្សាន្ត​​របស់​ជន​ជាតិ​ចិន​កាន់​តែ​ច្រើន​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

លោក សំ អ៊ុក អធិការ​នគរ​បាល​ស្រុក​ទឹក​ឈូ ​ជា​ស្រុក​ដែល​​ភ្នំ​បូកគោ​ស្ថិត​នៅ​នោះ បាន​មាន​​ប្រសាសន៍​ថា លោក បុញ្ញឫទ្ធិ មិនទាន់​បាន​ជូន​ដំណឹង​ពី​ការ​ធ្វើ​ដំណើរ​របស់​លោក​នៅ​ឡើយ​ទេ ប៉ុន្តែ​នគរ​បាល​​នឹង​ជួយ​សម្រប​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​សមាជិក​សភា​រូប​នេះ។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​​ទាន់​បាន​ទទួល​ព័ត៌មាន​អ្វី​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​អាជ្ញាធរ និង​កម្លាំង​របស់​យើង​នឹង​ផ្ដល់​​ការ​ការ​ពារ​ប្រសិន​ បើ​ថ្នាក់​ដឹកនាំ​ណា​ម្នាក់​មក​​ទស្សន​កិច្ច​កន្លែង​នេះ”៕ សារុន​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស