33 C
Phnom Penh

ប៉ូលិស​កំពុងស្វែងរក​ម៉ុងតាញ៉ា​ប្រាំ​នាក់​ទៀត​នៅ​ខេត្ត​រតនគិរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពីរ​សប្តាហ៍​បន្ទាប់ពី​ជន​ស្វែង​រកសិទ្ធិជ្រកកោន​ម៉ុងតាញ៉ា​១៣នាក់​បាន​មក​ដល់​ក្រុង​ភ្នំពេញ ដើម្បី​ដាក់​ពាក្យ​សុំ​ឋានៈ​ជន​ភៀសខ្លួន ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ពួកគេ​កំពុង​ស្វែងរក​សមាជិក​ប្រាំ​នាក់​ទៀត​នៃ​ជនជាតិដើមភាគតិច​វៀតណាម ដែល​បាន​ឆ្លង​ចូល​ខេត្ត​រតនគិរី​កាលពី​ថ្ងៃ​សៅរ៍។

អធិការ​ស្រុក​អូរ​យ៉ាដាវ លោក ជួប វ៉ាន់ណារៈ បាន​និយាយ​ថា កសិករ​មូល​ដ្ឋាន​បាន​រាយការណ៍​ថា ជន​ម៉ុងតាញ៉ា​មួយ​ក្រុម​មាន​គ្នា​ប្រាំ​នាក់​កំពុង​លាក់​ខ្លួន​ក្នុង​ព្រៃ ហើយ​ថា គាត់​បាន​ចាត់​ឲ្យ​មន្ត្រី​របស់​គាត់​ស្វែងរក​ពួកគេ​ហើយ។

លោក វ៉ាន់ណារៈ បាន​និយាយ​ថា “យើង​មិន​ទាន់​ប្រាកដ ថាតើ​​ពួកគេ​ប្រាកដ​ជា​ជន​ម៉ុងតាញ៉ា មែន​ឬ​យ៉ាង​ណា​ទេ ប៉ុន្តែ​យើង​បាន​ដាក់​ប៉ូលិស​មួយ​ចំនួន​ដើម្បី​ស្វែងរក​អ្នក​ទាំង​នោះ​ហើយ”។

លោក រ៉ូម៉ាស ឡឺត ជា​ជន​ជាតិ​ចារ៉ាយ​ ដែល​ជា​ក្រុម​កុលសម្ពន្ធ​មួយ​​ក្នុង​ចំណោម​កុលសម្ពន្ធ​ភ្នំ​៣០​ក្រុម​ដែល​បង្កើត​បាន​ជា​ក្រុម​ម៉ុងតាញ៉ា រស់នៅ​ក្នុង​ឃុំ​ប៉ាកហាយ បាន​និយាយ​ថា មន្ត្រី​ជាង​៣០​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ក្នុង​ស្រុក​នោះ​កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​មិន​ទាន់​បាន​ចាប់​ផ្តើម​ស្វែងរក​ក្រុម​នេះ​នៅឡើយ​ទេ​រហូត​ដល់​រសៀល​ថ្ងៃ​អាទិត្យ​នេះ។ លោក ឡឺត បាន​និយាយ​ថា “ប៉ូលិស​បាន​សួរ​ខ្ញុំ​ថាតើ​ខ្ញុំ​មាន​លាក់​​ម៉ុងតាញ៉ា​ឬទេ។ ខ្ញុំ​បាន​ឆ្លើយ​ថា ទេ។

អ្នក​ភូមិ​ចារ៉ាយ​ម្នាក់​ទៀត ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​ព្រោះ​ខ្លាច​មាន​ការ​សងសឹក​បាន​និយាយ​ថា ជន​ជាតិភាគ​តិចម៉ុងតាញ៉ា​ប្រាំ​នាក់​បាន​មកដល់​ខេត្ត​រតនៈ​គិរី​កាលពី​ថ្ងៃ​សៅរ៍។ អ្នក​ភូមិ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា “ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​​ប្រាំ​នាក់​បាន​ប្រាប់​យើង​ថា ពួកគេ​បាន​រត់​ភៀសខ្លួន​ពី​ប្រទេស​វៀតណាម​មក​ប្រទេស​កម្ពុជា ពីព្រោះ​អាជ្ញាធរ​របស់​ពួកគេ​បាន​ធ្វើ​បាប​ពួកគេ​ដោយសារតែ​ជា​គ្រិស្ទ​សាសនិក”។ គាត់​បាន​និយាយ​ថា “យើង​បាន​ចាត់​តាំង​អ្នក​ភូមិ​ពីរ​នាក់​ដើម្បី​មើល​ថែ​មនុស្ស​ប្រាំ​នាក់ ដែល​កំពុង​ស្នាក់​នៅ​ក្នុង​កន្លែង​សុវត្ថិ​ភាព​មួយ​ក្នុង​ព្រៃ​នោះ”។

អ្នក​ភូមិ​រូប​នេះ​ជា​ជនជាតិ​ចារ៉ាយ​មួយ​ក្រុម​ដែល​បាន​ផ្តល់​ជម្រក​និង​អាហារ​ដល់​មនុស្ស​មួយ​ក្រុម​ដំបូង​មាន​គ្នា​១៣​នាក់ ដែល​សមាជិក​របស់​អ្នក​ទាំង​នោះ​ក៏​បាន​អះអាង​ថា​បាន​រត់​ភៀសខ្លួន​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដែរ។

បន្ទាប់ពី​ការ​លាក់​ខ្លួន​ពីរ​ខែ មន្ត្រី​អង្គការ​សហប្រជាជាតិ​មួយ​ក្រុម​បាន​ជួប​ក្រុម​នេះ និង​បាន​បញ្ជូន​មក​ក្រុង​ភ្នំពេញ ហើយ​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហា​ផ្ទៃ​នឹង​កំណត់​ថាតើ​ពួកគាត់​បំពេញ​បាន​តាម​លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​ឋានៈ​ជនភៀសខ្លួន​ឬ​ទេ។

លោកស្រី វីវៀន តាន (Vivian Tan) មន្ត្រី​​​​ផ្នែក​ព័ត៌មាន​ប្រចាំ​​តំបន់​នៅ​ការិយាល័យ​​ឧត្ដម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​​ (UNHCR) បាន​ឲ្យ​ដឹង​តាម​រយៈ​អីុម៉េល​កាលពី​ថ្ងៃ​អាទិត្យ​ថា ការិយាល័យ​របស់​លោក​ស្រី​នឹង​ពិនិត្យ​របាយកាណ៍​អំពី​ក្រុម​ម៉ុងតាញ៉ា​ថ្មី​នេះ។

លោក​ស្រី តាន បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា នៅ​ពេល​នេះ​យើង​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ផ្ទាល់ ហើយ​យើង​នឹង​ពិនិត្យ​មើល​​របាយការណ៍​នេះ​ជាមួយ​ដៃគូ​អង្គការ​សហ​ប្រជាជាតិ​របស់​យើង”។

លោក ឆាយ ធី អ្នក​សម្រប​សម្រួល​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដ​​​ហុក​​​ប្រចាំ​​​ខេត្តនេះ​ ដែល​បាន​ធ្វើ​ការ​ការពារ​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​ម៉ុងតាញ៉ា​ក្នុង​ពេល​កន្លង​មក បាន​មាន​ប្រសាសន៍​ថា អ្នក​ភូមិ​ចារ៉ាយ​ខ្មែរ​បាន​ប្រាប់​លោក​អំពី​ក្រុម​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​ចុង​ក្រោយ​នេះ។ លោក ធី មាន​ប្រសាសន៍​ថា “យើង​មិនមាន​ផែនការ​ជួប​ជន​ម៉ុងតាញ៉ា​ទាំង​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ជូន​ព័ត៌មាន​អង្គការ​សហ​ប្រជាតិ និង​បាន​សុំ​អន្តរាគមន៍”។

ក្រុម​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​រស់​នៅ​ផ្តុំ​គ្នា​នៅ​ខ្ពង់រាប​កណ្តាល​ប្រទេស​វៀតណាម​និង​ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម​ធ្វើ​ទុក្ខ​បុកម្នេញ​ជា​យូរ​មក​ហើយ ព្រោះ​តែ​បាន​គាំទ្រ​ទាហាន​បារាំង​និង​ទាហាន​អាមេរិក អំឡុង​សង្គ្រាម​ឥណ្ឌូចិន​លើក​ទី១​និង​លើក​ទី​២។

ពួកគេ​ប្រកាន់​ជំនឿ​សាសនា​គ្រិស្ទ​និកាយ​ប្រូតេស្តង់​ដែល​ត្រូវ​រដ្ឋាភិបាល​ក្រុង​ហាណូយ​ដាក់​ឲ្យ​នៅ​ក្រៅ​ច្បាប​់ដែរ និង​ប្រើ​ជា​លេស​មួយ​ដើម្បី​ឆ្នក់​ចូល​ឆែកឆេរ​ព្រះវិហារ​គ្រិះ​ម៉ុងតាញ៉ា និង​ធ្វើ​ការ​ចាប់​ខ្លួន​បន្ទាប់ពី​មាន​ការ​តវ៉ា​អំពី​សិទ្ធិ​ដីធ្លី​និង​សិទ្ធិ​សាសនា ដែល​ផ្ទុះ​ឡើង​កាលពី​ឆ្នាំ​២០០១។

ការ​ឆ្មក់​ចូល​ឆែកឆេរ​និង​ចាប់​ខ្លួន​បណ្តាល​ឲ្យ​ជន​ម៉ុងតាញ៉ា​រាប់ពាន់​នាក់​ភៀសខ្លួន​មក​ប្រទេស​កម្ពុជា​នៅ​រវាង​ឆ្នាំ​២០០១​និង​ឆ្នាំ​២០១១ ដើម្បី​ស្វែងរក​ឋានៈ​ជា​ជនភៀសខ្លួន។ ទោះជាយ៉ាង​នេះ​ក្តី នៅ​ទី​បញ្ចប់​មនុស្ស​ប្រហែល​២.០០០​នាក់​បាន​តាំង​ទីលំនៅ​ថ្មី​នៅ​សហ​រដ្ឋ​អាមេរិក មនុស្ស​ជាច្រើន​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​វៀតណាម​វិញ ដែល​នៅ​ទីនោះ​តាម​សេចក្តី​រាយការណ៍ ពួកអ្នក​ទាំង​នោះ​ត្រូវ​បាន​គេដាក់​ពន្ធនាគារ​និង​ធ្វើ​ទារុណកម្ម។មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស