38 C
Phnom Penh

ប៉ូលិស​រារាំង​ការ​ប្រារព្ធ​ខួប​នៃ​ការ​ផ្ទុះ​អំពើ​ហិង្សា​ស្លាប់​និង​របួស​នៅ​ផ្លូវ​វេងស្រេង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះសង្ឃ កម្មករ និង​សកម្មជន​ប្រហែល​៣០០​អង្គ​និង​នាក់ ត្រូវ​បាន​គេ​រារាំង​មិន​ឲ្យ​ដើរ​ហែ​តាម​បណ្តោយ​ផ្លូវ វេង ស្រេង កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​រំឭក​ការ​សម្លាប់​កម្មករ​ដែល​ធ្វើ​កូដកម្ម​ប្រាំ​នាក់​នៅ​ទី​នោះ ដោយ​កង​រាជអាវុហត្ថ​កាលពី​មួយ​ឆ្នាំ​មុន​នេះ។cam-photo-front copy

ដោយ​កាន់​ទង់​ជាតិ​ខ្មែរ​និង​ទង់​ជាតិ​សាសនា អ្នក​ហែ​ក្បួន​បាន​ចេញ​ដើរ​ដើម្បី​រំឭក​ថ្ងៃ​ដែល​កង​កម្លាំង​រាជអាវុធហត្ថ​ប្រដាប់​ដោយ​កាំភ្លើង​អាកា-៤៧​បាន​ដាក់រាយ​កម្លាំង​ត្រៀបត្រា​នៅ​ជាយ​ក្រុង​តំបន់​ឧស្សាហកម្ម​ដីហុយ​របស់​ទី​ក្រុង ដើម្បី​បង្ក្រាប​កូដកម្ម​ទូទាំង​ប្រទេស​របស់​កម្មករ​កាត់​ដេរ។

ដឹក​នាំ​ដោយ​ព្រះ​សង្ឃ​និង​សមាជិក​សភា​គណបក្ស​សង្គ្រោះជាតិ លោក រៀល ខេមរិន្ទ្រ នោះ ក្រុម​នេះ​បាន​ចាប់​ផ្តើម​ចេញ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​នេះ មុន​ពេល​ពួកគេ​បាន​ជួប​ទិដ្ឋភាព​ស្រដៀង​គ្នា ក្នុង​ខណៈ​ដែល​កម្លាំង​រាជអាវុធហត្ថ​រាប់រយ​នាក់​កាន់​កាំភ្លើង​អាកា-៤៧​ឈរ​ជា​ជួរ​រាំង​ផ្លូវ។

លោក រ័ត្ន ស៊្រាង មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ដែល​កាលពី​ឆ្នាំ​មុន​បាន​បញ្ជា​ដោយ​ផ្ទាល់​ឲ្យ​បង្ក្រាប​កូដកម្ម ជាថ្មី​ម្តង​ទៀត​បាន​មាន​វត្តមាន​នៅ​កន្លែង​កើតហេតុ​នោះ​បញ្ជា​កម្លាំង។

ពេល​ដែល​អ្នក​ដើរ​ហែ​បាន​ព្យាយាម​ដើរ​ចៀស​ជួរ​ប៉ូលិស​លើ​ផ្លូវ​ដ៏​ធំ មេ​បញ្ជាការ​រូប​នេះ​បាន​ដណ្តើម​យក​ទង់​របស់​អ្នក​ដើរ​ក្បួន​មួយ​ចំនួន និង​បាន​កញ្ឆក់​យក​ឧគ្ឃោសនសព្ទ​មួយ។

ឧត្តម​សេនីយ៍​ទោ រ័ត្ន ស៊្រាង បាន​ស្រែក​តាម​ឧគ្ឃោសន​សព្ទ​ថា “នៅ​ពេលណា​អ្នក​រំលោភ​ច្បាប់ អាជ្ញាធរ​មាន​សិទ្ធិ​ថែ​រក្សា​សណ្តាប់​ធ្នាប់​សាធារណៈ។ សាលា​ក្រុង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ការ​[ដើរក្បួន]​នេះ​ទេ ហេតុ​ដូច្នេះ​អ្នក​ត្រូវ​តែ​បំបែក​គ្នា”។

ដោយ​មាន​កំហឹង និង​បង្ហាញ​ក្នុង​រូបភាព​វីដេអូ​ដែល​​ត្រូវ​គេ​បញ្ជូន​តគ្នា​យ៉ាង​ទូលំ​ទូលាយ​តាម​បណ្តាញ​ព័ត៌មាន​សង្គម​នោះ ឧត្តម​សេនីយ៍​ទោ រ័ត្ន ស៊្រាង ពេល​នោះ​បាន​រុញ​នារី​ម្នាក់​ដែល​បាន​រិះគន់​សកម្មភាព​របស់​លោក។

ឧត្តម​សេនីយ៍​ទោ រ័ត្ន ស៊្រាង បាន​និយាយ​ទៅកាន់​នាង​ថា “កុំ​តវ៉ា! ជា​សិទ្ធិ​របស់​ខ្ញុំ!”។ មេ​បញ្ជាការ​រូប​នេះ បន្ទាប់​មក បាន​បែរ​ទៅ​រក​ព្រះសង្ឃ​មួយ​អង្គ​នៅ​ក្បែរ​គាត់ និង​បាន​គំរាម​ចាប់​ព្រះអង្គ។ លោក​បាន​និយាយ​ថា “ប្រសិនបើ​ព្រះតេជគុណ​មិន​បំបែក​គ្នា​ទេ ខ្ញុំ​នឹង​យក​ព្រះតេជគុណ​ទៅ ពីព្រោះ​ព្រះតេជគុណ​ជា​អ្នក​ដែល​ដឹកនាំ​ការ​ដើរ​ក្បួន​នេះ”។

អ្នក​ដើរ​ក្បួន​មិន​បាន​រុល​ឆ្លងកាត់​ជួរ​ប៉ូលិស​ទេ ហើយ​ភ្លាម​នោះ​ក៏​បាន​បំបែក​គ្នា នៅ​ពេល​ដែល​កម្លាំង​របស់​ឧត្តម​សេនីយ៍​ទោ រ័ត្ន ស៊្រាង ត្រួត​ពិនិត្យ​ម៉ូតូ​រ៉ឺម៉ក និង​រថយន្ត​ដែល​បើក​កាត់​ចូល​ទីក្រុង។

នៅ​ពេល​សួរ​ថា​ហេតុ​អ្វី​កម្លាំង​ប្រដាប់​ដោយ​កាំភ្លើង​អាកា-៤៧​ត្រូវ​បញ្ជូន​មក​កន្លែង​ហែ​ក្បួន​នេះ អ្នក​នាំពាក្យ​កង​រាជអាវុធហត្ថ លោក ខេង ទីតូ បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា វា​ជា​រឿង​ធម្មតា។

ឧត្តមសេនីយ៍​ត្រី ខេង ទីតូ បាន​និយាយ​ថា “ជា​ការ​ធម្មតា​ទេ ត្បិតអី ‘កម្លាំង​ប្រដាប់​អាវុធ’​ត្រូវ​បំពាក់​ដោយ​អាវុធ​អ៊ីចឹង​ហើយ”។ “យើង​ប្រើ​អាវុធ​ដើម្បី​ការពារ​អាយុជីវិត​របស់​ប្រជាជន ក្នុង​នោះ​មាន​ទាំង​អ្នក​ដែល​កំពុង​ដើរហែ​ផងដែរ”។

នៅឯ​ការិយាល័យ​ក្នុង​ក្រុង​ភ្នំពេញ​របស់​ខ្លួន​ឯនោះ​វិញ កាលពី​ថ្ងៃ​អាទិត្យ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ពិធី​របស់​ខ្លួន​ផ្ទាល់​ដើម្បី​រំឭក​ដល់​ការ​សម្លាប់​​នេះ បន្ទាប់ពី​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ពិធី​រំឭក​នេះ​នៅ​ទីលាន​ប្រជាធិបតេយ្យ។

សាលា​ក្រុង​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ថា ការ​អនុញ្ញាត​ឲ្យ​ធ្វើ​ពិធី​នេះ​ត្រូវ​បាន​បដិសេធ​ចោល​វិញ ពីព្រោះ​វាជា​ពិធី​សាសនា ហេតុ​ដូច្នេះ​ហើយ គួរ​ត្រូវ​ធ្វើ​នៅ​ក្នុង​ទី​បរិវេណ​វត្ត​វិញ។

សាលា​ក្រុង​បាន​ឲ្យ​ដឹង​ថា “ការ​ប្រើ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ធ្វើ​ពិធី​នេះ ហាក់​មាន​ន័យ​ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ព្យាយាម​យក​ចំណេញ​ដោយ​ធ្វើ​អាជីវកម្ម​នយោបាយ​តាម​រយៈ​ការ​ញុះញង់ ការ​បង្ក​ចលាចល ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​និង​ស្ថិរភាព”។

ក្នុង​ពិធី​នោះ លោក ប៉ុល ហំម ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ដឹកនាំ​បក្ស​នៅ​ពេល​ដែល​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​អនុប្រធាន​បក្ស លោក កឹម សុខា ស្ថិត​នៅ​ក្រៅ​ប្រទេស​នោះ បាន​ចំអក​ចំពោះ​បម្រាម​ហាម​ពិធី​នៅ​ទីលាន​ប្រជា​ធិបតេយ្យ។

លោក​បាន​និយាយ​ថា “ខ្ញុំ​សូម​ទោស​លោក​អភិបាល​ក្រុង​[ប៉ា សុជាតិវង្ស]” ។ និយាយ​ដោយ​ស្មោះ​ត្រង់​ទៅ លោក​គ្មាន​សមត្ថភាព ហើយ​លោក​ខ្លាច​ស្រមោល។ តើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​នោះ? យើង​គ្រាន់តែ​ចង់​អុជ​ធូប​ឧទ្ទិស​ប៉ុណ្ណោះ”។

លោក គង់ គាំ ប្រធាន​គណបក្ស​ សម រង្ស៊ី ​ក៏​បាន​ថ្លែង​ក្នុង​ពិធី​នោះ​ដែរ ដោយ​រិះគន់​ព័ត៌មាន​ដែល​ថា សម្តេច​ក្រុមព្រះ នរោត្តម រណប្ញទ្ធិ នឹង​យាង​ត្រឡប់​មក​ដឹកនាំ​ហ៊្វុនស៊ិនប៉ិច​វិញ ប្រាំបី​ឆ្នាំ​បន្ទាប់ពី​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​គណបក្ស​រាជានិយម​ដែល​កំពុង​ដុនដាប​មួយ​នេះ។

ដោយ​រិះគន់​គណបក្ស​នេះ​ព្រោះ​បាន​គាំទ្រ​សន្ធិសញ្ញា​ព្រំដែន​ឆ្នាំ​២០០៥​ដ៏​ចម្រូង​ចម្រាស​ជាមួយ​ប្រទេស​វៀតណាម​នោះ លោក គង់ គាំ បាន​និយាយ​ថា “ថ្ងៃ​នេះ​ពួកគេ​បាន​ព្យាយាម​ពង្រឹង​ហ៊្វុនស៊ិនប៉ិច។ ឥត​ប្រយោជន៍​ទេ។ ប្រជាពលរដ្ឋ​លែង​ទុកចិត្ត​ហ៊្វុនស៊ិនប៉ិច​ទៀត​ហើយ ឥឡូវ​នេះ​ពួកគេ​ទុកចិត្ត​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ”។

ដោយ​លើក​បង្ហាញ​ប្រដូច​រវាង​សន្ធិសញ្ញា​នេះ និង​ការ​ចូល​កាន់កាប់​តំបន់​គ្រីមៀ​ដោយ​ប្រដាប់​អាវុធ​របស់​ប្រធានាធិបតី​រុស្ស៊ី​ លោក វ៉្លាឌីមៀ ពូទីន កាលពី​ឆ្នាំ​មុន​នោះ លោក​បាន​និយាយ​ថា “ហ៊្វុនស៊ិនប៉ិច​ បាន​ធ្វើ​កំហុស​ដ៏​ធំ​មួយ”។

លោក គង់ គាំ បាន​និយាយ​ថា “ឥឡូវ​នេះ​អ្នក​ឮ​អំពី​លោក ពូទីន ប្រើ​កម្លាំង​របស់​ខ្លួន​យក​តំបន់​គ្រីមៀ ហើយ​វា​ដូច​គ្នា​នឹង​អ្វី​ដែល​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា។ ប្រទេស​កម្ពុជា​គឺ​ដូច​គ្រីមៀ អ៊ីចឹង ពីព្រោះ​សព្វ​ថ្ងៃ​នេះ ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​ឥទ្ធិពល​​របស់​ប្រទេស​វៀតណាម​ដោយសារ​សន្ធិសញ្ញា​ឆ្នាំ​២០០៥”។

លោក គង់ គាំ ដែល​ធ្លាប់​ធ្វើ​ជា​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន នៅ​ក្រសួង​ការបរទេស​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ បាន​និយាយ​ថា “ប្រទេស​កម្ពុជា​នៅ​តែ​ជា​[ប្រទេស]​៧​មករា​របស់​ប្រទេស​វៀតណាម”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស