34.8 C
Phnom Penh

នគរបាល​​​រារាំង​​​អ្នក​​​តវ៉ា​​​មិន​​​ឲ្យ​​​ចូល​​​ទៅ​​​ជួប​​​លោក​​​ ហ៊ុន សែន ពេល​​​លោក​​​ចុះទៅ​​​ខេត្ត​​​ត្បូង​​​ឃ្មុំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​ នគរ​បាល​ខេត្ត​ត្បូង​ឃ្មុំ​បាន​រារាំង​​អ្នក​តវ៉ា​មួយ​ក្រុម​មាន​គ្នា​ប្រហែល​១០០​នាក់ ដែល​ជាប់​​​ពាក់​ព័ន្ធ​​​វិវាទ​ដីធ្លី​ក្នុង​មូលដ្ឋាន​​កុំឲ្យ​ទៅ​ជិត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​​បាន​ចុះទៅ​កាន់​តំបន់​នោះ​ដើម្បី​​បើក​ការដ្ឋាន​សាងសង់​អគារ​រដ្ឋបាល​សាលា​ខេត្ត​ថ្មី​។

អ្នក​ភូមិ​ប្រហែល​៥០០​នាក់​នៅ​​​ស្រុក​មេមត់ ក្នុង​ខេត្ត​នេះ​បាន​ចោទ​ប្រកាន់​​ដីសម្បទាន​របស់​ក្រុម​ហ៊ុន​ចម្ការកៅស៊ូ​មេមត់ ថា​បាន​រំលោភ​យក​ដី​ទំហំ​ប្រហែល​២០​ហិក​​​តា ដែល​ពួក​​​គាត់​លើក​ឡើង​ថា ពួកគាត់​បាន​​រស់​នៅ​តាំង​ពី​ឆ្នាំ​១៩៨០​ ជា​ឆ្នាំ​បន្ទាប់ពី​ការ​ដួល​រលំ​របប​ខ្មែរ​ក្រហម។

អ្នកភូមិ​ជាច្រើន​គ្រួសារ​អាចសាង​សង់​ផ្ទះ​សំបែង​របស់​ខ្លួន​រហូត​មក​ទល់​ពេលនេះ ប៉ុន្តែ​ពួក​​​គាត់​កំពុង​ទាមទារ​ប័ណ្ណ​កម្មសិទ្ធិ​កាន់​កាប់​ដី​​​របស់ខ្លួន​​​។

ក្រុម​​អ្នកភូមិ​ទទួល​បាន​ព័ត៌មាន​ពី​គម្រោង​របស់​លោក ហ៊ុន សែន មក​ចូល​រួម​បើក​ការដ្ឋាន​សាងសង់​អគារ​រដ្ឋបាល​សាលា​ខេត្ត​ស្ថិត​ក្នុង​ខេត្ត​​ត្បូង​ឃ្មុំ ដូច្នេះ​ពួកគាត់​បាន​​ធ្វើ​ដំណើរ​​​​តាម​រថយន្ត​វ៉ែន​ពីរ​គ្រឿង ​និង​ម៉ូតូ​ជាច្រើន​គ្រឿង​កាលពី​ព្រឹក​ម្សិលមិញ ដោយ​សង្ឃឹម​ថា នឹង​ដាក់​ពាក្យ​បណ្ដឹង​របស់​ពួកគាត់​ទៅ​​លោក​នាយករដ្ឋមន្ត្រី​ដោយ​ផ្ទាល់ ហើយ​​សុំ​ឲ្យ​លោក​ជួយ​។

យោង​តាម​អ្នកស្រី​ អ៊ុន សុចេង ជា​អ្នក​តវ៉ា​ម្នាក់​បាន​ឲ្យ​ដឹង​ថា ទោះ​ជា​​​យ៉ាង​ណា នគរ​បាល​ប្រហែល​៨០​នាក់​បាន​បិទ​ផ្លូវ​របស់​ពួក​​​គាត់។

អ្នកស្រី​បាន​និយាយ​ថា នគរ​បាល​បាន​ឃាត់​ដំណើរ​របស់​ពួកគាត់​ចំនួន​​​ពីរ​​​លើក​​​តាម​ផ្លូវ​ជាតិ​លេខ​៧ មុន​​ពេល​​ពួកគាត់​ទៅកាន់​​​​ស្រុក​មេមត់ ប៉ុន្តែ​ទីបំផុត​បាន​អនុញ្ញាត​ឲ្យ​ពួកគាត់​​​បន្ត​​​ដំណើរ​​​ទាំង​​​ពីរ​​​លើក​​​នោះ មុន​​​ពេល​​​​ឃាត់​ពួកគាត់​​ជា​លើក​ទី៣​ម្ដង​ទៀត។

អ្នកស្រី​បាន​និយាយ​ថា “ពួកគេ​បាន​រារាំង​ពួក​​​យើង ពីព្រោះ​ពួកគេ​មិន​ចង់​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ឃើញ​ការ​ឈឺចាប់​របស់​យើង​…។ ពួកគេ​បារម្ភ​ថា ​យើង​​អាច​បង្ក​បញ្ហា​ដល់​ពួកគេ។ ពួកគេ​បាន​​​រំលោភ​សិទ្ធិ​របស់​​​យើង​​​ ហើយ​ព្យាយាម​លាក់​បាំង​ទង្វើ​អាក្រក់​របស់​ខ្លួន​ពី​លោក​នាយករដ្ឋមន្ត្រី”។

អ្នកស្រី សុឆេង បាន​និយាយ​ថា នគរ​បាល​បាន​ណែនាំ​ឲ្យ​ពួកគាត់​ព្យាយាម​ទៅ​ជួប​លោក ហ៊ុន សែន នៅ​រាជ​ធានី​ភ្នំពេញ​ជំនួស​វិញ​។ អ្នកស្រី​បាន​និយាយ​ថា ” យើង​គ្រាន់​តែ​ចង់​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​របស់​យើង​តែ​ប៉ុណ្ណោះ ពីព្រោះ​យើង​បាន​រស់​នៅ​ទី​នោះ​យូរ​មក​ហើយ”។

ច្បាប់​ភូមិ​បាល​ក្នុង​ប្រទេស​កម្ពុជា​ផ្ដល់​សិទ្ធិ​កាន់​កាប់​ដីធ្លី​ដល់​អ្នក​ដែល​អាច​បង្ហាញ​ពី​​​កម្ម​​​សិទ្ធិ​​​មក​​​ដល់​​​ឆ្នាំ​១៩៩៦​ ឬ​​​មុន​នោះ​។

លោក ចេង ប៉ុណ្ណារ៉ា អភិបាល​ស្រុក​មេមត់​បាន​មាន​ប្រសាសន៍​ថា លោក​បាន​បញ្ជា​ឲ្យ​មន្ត្រី​របស់​លោក​រារាំង​កុំ​ឲ្យ​អ្នក​តវ៉ា​ចូល​ទៅ​កន្លែង​បើក​ការដ្ឋាន ពីព្រោះ​​ពួកគាត់​មិន​ត្រូវ​បា​ន​​​អញ្ជើញ​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “មាន​​​មនុស្ស​​​​ប្រហែល​១០០​នាក់​មក​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍ និង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដល់​ពួកគាត់។ ប៉ុន្តែ​ដោយ​សារ​យើង​មិន​បាន​​​អញ្ជើញ​​​​ពួកគាត់ ហើយ​យើង​បារម្ភ​​​​​​ពី​សុវត្ថិភាព​របស់​ថ្នាក់​ដឹកនាំ យើង​បាន​រារាំង​​ពួកគាត់​មិន​ឲ្យ​ចូល​ក្នុង​ពិធី​នោះ”៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស