អ្នកភូមិម្នាក់ដែលមើលថែក្រុមជនជាតិភាគតិចម៉ុងតាញ៉ាបានឲ្យដឹងកាលពីម្សិលមិញថា អ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិភាគតិចម៉ុងតាញ៉ាចំនួនប្រាំនាក់ ដែលឆ្លងព្រំដែនពីប្រទេសវៀតណាមចូលមកខេត្តរតនគិរីកាលពីថ្ងៃសៅរ៍ កំពុងលាក់ខ្លួននៅឡើយ ខណៈពួកគេរង់ចាំទទួលដំណឹងពីអង្គការសហប្រជាជាតិសហប្រជាជាតិថា តើពួកគេនឹងត្រូវបញ្ជូនទៅរាជធានីភ្នំពេញឬយ៉ាងណា។
ជនជាតិភាគតិចម៉ុងតាញ៉ាទាំងប្រាំនាក់នេះ បានមកដល់ខេត្តរតនគិរី ខណៈជនជាតិភាគតិចម៉ុងតាញ៉ាចំនួន១៣នាក់ កំពុងត្រូវបានសាកសួរនៅក្នុងរាជធានីភ្នំពេញ ដោយនាយកដ្ឋានអន្តោប្រវេសន៍នៅក្រសួងមហាផ្ទៃ ដែលនឹងកំណត់ថា តើពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានសិទ្ធិជាជនភៀសខ្លួនឬក៏អត់។ ក្រុមជនជាតិភាគតិចម៉ុងតាញ៉ាទំាងនេះជាក្រុមជនជាតិភាគតិចដែលប្រមូលផ្ដុំគ្នារស់នៅក្នុងតំបន់ខ្ពង់រាបភាគកណ្ដាលប្រទេសវៀតណាម និងដែលបានគេចខ្លួនមកប្រទេសកម្ពុជាកាលពីឆ្នាំមុន។
អ្នកភូមិជនជាតិដើមភាគតិចចារ៉ាយម្នាក់រស់នៅក្នុងខេត្តរតនគិរី ដែលស្នើសុំមិនបញ្ចេញឈ្មោះ ព្រោះខ្លាចក្រែងមានការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរបានឲ្យដឹងកាលពីម្សិលមិញថា ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនចុងក្រោយនេះកំពុងស្នាក់នៅ “កន្លែងមានសុវត្ថិភាព”។
អ្នកភូមិរូបនេះបាននិយាយថា “ខ្ញុំចង់ស្នើឲ្យ UNHCR និងរដ្ឋាភិបាលសង្គ្រោះអ្នកទាំងនេះពីក្នុងព្រៃឲ្យបានឆាប់ ព្រោះពួកគេកំពុងជួបការខ្វះខាតស្បៀងអាហារ និងមូសខាំ”។
លោកស្រី វីវៀន តាន (Vivian Tan) មន្ត្រីផ្នែកព័ត៌មានប្រចាំតំបន់នៅការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានលើកឡើងថា ការិយាល័យរបស់លោកស្រីកំពុងធ្វើការនៅឡើយដើម្បីបញ្ជាក់ថា អ្នកទាំងប្រាំនាក់នេះកំពុងស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសកម្ពុជា។
លោកស្រីបានសរសេរនៅក្នុងអុីម៉េលមួយថា ”UNHCR មិនអាចបញ្ជាក់ពីសេចក្ដីរាយការណ៍ណាមួយឡើយ ហើយគ្មានផែនការធ្វើដំណើរទៅកាន់តំបន់ដែលគេបានរាយការណ៍នេះឡើយក្នុងពេលភ្លាមៗនេះ”។
លោក ថោង សាវុន អភិបាលខេត្តរតនគិរីបានលើកឡើងថា លោកមិនបានទទួលដំណឹងណាមួយអំពីក្រុមនេះទេ ប៉ុន្តែបានគំរាមដាក់ពាក្យប្ដឹងអ្នកយកព័ត៌មានម្នាក់ ប្រសិនបើអ្នកយកព័ត៌មានរូបនេះលាក់បាំងព័ត៌មានអំពីកន្លែងលាក់ខ្លួនរបស់ក្រុមនេះ។ លោកបានមានប្រសាសន៍ថា “ប្រសិនបើអ្នកឯងលាក់មនុស្សទាំងនោះ ខ្ញុំនឹងដាក់ពាក្យប្ដឹងអ្នកឯងតាមរយៈអង្គការអាដហុក”។
លោក ជួប វណ្ណារក្ស អធិការនគរបាលស្រុកអូរយ៉ាដាវបានលើកឡើងកាលពីថ្ងៃអាទិត្យថា លោកបានបញ្ជូនមន្ត្រីរបស់លោកឲ្យទៅតាមស្វែងរកជនជាតិភាគតិចម៉ុងតាញ៉ាទាំងនេះហើយ។ នៅពេលទាក់ទងកាលពីម្សិលមិញ លោកបានបដិសេធមិនព្រមធ្វើអត្ថាធិប្បាយនោះទេ។
លោក ឆាយ ធី អ្នកសម្របសម្រួលនៅអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តនេះបានលើកឡើងថា លោកទទួលបានការហៅទូរស័ព្ទពីមន្ត្រីស្ថានទូតអាមេរិកម្នាក់ ដែលសួរអំពីអ្នកទាំងប្រាំនាក់នេះ។
នៅពេលសួរថា តើហេតុអ្វីបានជាស្ថានទូតអាមេរិកចង់បានដំណឹងអំពីជនជាតិភាគតិចម៉ុងតាញ៉ា ហើយថាតើស្ថានទូតមានបានពិភាក្សាអំពីករណីនេះជាមួយរដ្ឋាភិបាលកម្ពុជាហើយឬនៅ លោកស្រី Courtney Wood អ្នកនាំពាក្យរងរបស់ស្ថានទូតនេះបានបដិសេធមិនព្រមឆ្លើយសំណួរឡើយ។ លោកស្រីបានមានប្រសាសន៍ថា “សហរដ្ឋអាមេរិកនៅតែមានក្ដីព្រួយបារម្ភយ៉ាងខ្លាំងអំពីការការពារអ្នកស្វែងរកសិទ្ធិជ្រកកោន និងជនអន្តោប្រវេសន៍ងាយរងគ្រោះ”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Chris Mueller)