29 C
Phnom Penh

លោក ហ៊ុន សែន ប្រៀប​​​ធៀប​​​ប្រទេស​​​កម្ពុជា​​​ទៅ​​​នឹង​​​ប្រទេស​​​ស៊ីរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិល​​​មិញ​ លោក​នាយក​រដ្ឋមន្ត្រី​​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា អ្នក​ដែល​ស្អប់​ ប៉ុល ពត គួរ​​​គាំទ្រ​រូប​លោក​តាម​វិធី​ដូច​គ្នា​​ដែលអ្នក​ដែល​ស្អប់​​​រដ្ឋ​​​អុីស្លាម​ ត្រូវ​គាំទ្រ​លោក បាសា អាល អាសាដ ប្រធានាធិបតី​ស៊ីរី​អ៊ីចឹង​​​ដែរ។

​ថ្លែង​​​នៅ​ពិធី​បើក​ការដ្ឋាន​សាង​សង់​អគារ​រដ្ឋបាល​​​​ខេត្ត​​​​ត្បូង​ឃ្មុំ ជា​ខេត្ត​ទើប​បង្កើត​ថ្មី លោក​ ហ៊ុន សែន បាន​លើកឡើង​​​​អំពី​ជំនួប​​ដែល​លោកបាន​​ជួប​ជាមួយ​លោក បាន គីមូន អគ្គ​​​លេខា​​​ធិការ​អង្គការ​សហ​​​ប្រជា​ជាតិ អំឡុង​កិច្ច​ប្រជុំ​កំពូល​​​​​​អាស៊ាន​​កាលពី​ពេល​​​ថ្មី​ៗ​នេះ​នៅ​ក្នុង​ប្រទេស​ភូមា ដែល​ក្នុង​នោះ​លោក​ ហ៊ុន សែន បាន​ប្រៀប​ធៀប​ស្ថាន​ការ​ណ៍​នៅ​ក្នុង​ប្រទេស​​កម្ពុជា​ទៅ​នឹង​ស្ថានការណ៍​​ក្នុង​ប្រទេស​ស៊ីរី ដែល​រដ្ឋ​​​អុី​​​ស្លាម​ដែល​គេ​ស្គាល់​ថា ISIS ដែរ​​​នោះ​​​បានកាន់​​​​កា​​ប់​​​​ទឹក​ដី​មួយ​​​ចំនួន​ធំ​។ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​និយាយ​ទៅ​កាន់​អគ្គលេខាធិការ​អង្គការ​សហ​​​ប្រជា​ជាតិ ហើយ​​បាន​លើក​ឡើង​ថា ឯកឧត្ដម​​ សហរដ្ឋអាមេរិក ​និង​សម្ពន្ធ​មិត្ត​របស់​ខ្លួន​កំពុង​​វាយ​ប្រហារ​ ISIS ចំណែក​របប​លោក អាសាដ ក្នុង​ទីក្រុង​ដា​​​មា៉ស ក៏​កំពុង​វាយ​ប្រហារ​​ ISIS ដែរ​ ដូច្នេះ​​​នេះ​​​គឺ​ជា​សម្ពន្ធភាព​”។

លោក​បាន​មាន​ប្រសាសន៍​ថា “ដូច្នេះ​អ្នក​ដែល​ចង់​ធ្វើ​ឲ្យ​របប​ អាសាដ ចុះ​ខ្សោយ​មាន​ន័យ​ថា ផល​​​ប្រយោជន៍​​​នោះ​​​​ស្នើ​នឹង​ការ​ជួយ​ ISIS ហើយ ISIS គឺ​ជា​រដ្ឋ​អុីស្លាម​ដែល​បាន​កាត់​ក្បាល​មនុស្ស​”។

​ពេលនោះ ​លោក ហ៊ុន សែន បាន​អះអាង​ថា ប្រធានាធិបតី​អាមេរិក​​​លោក​​ ​បារ៉ាក់ អូបាមា៉ បាន​ប្រាប់​លោក​នូវ​​​​​បញ្ហា​ដូច​គ្នា​នេះ​អំពី​ការ​ធ្វើ​ការ​ជាមួយ​លោក អាសាដ អំឡុង​ជំនួប​ដាច់​ដោយ​ឡែក​។

លោក​បាន​មាន​ប្រសាសន៍​ថា “នៅ​ក្នុង​ជំនួប​ជាមួយ​អាមេរិក​ លោក​​​បាន​លើក​ឡើង​ថា ឯកឧត្ដម នៅ​ពេល​អាមេរិក​ និង​សម្ពន្ធមិត្ត​របស់​ខ្លួន​វាយ​ប្រហារ​ ISIS ខណៈ​ពេល​លោក​អាសាដ កំពុង​វាយ​ប្រហារ​ ISIS ដែរ​​​នោះ​​​ តាម​​​ធម្មតា​វា​ជា​សម្ពន្ធ​ភាព​​”។ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “សកម្មភាព​ណាមួយ​ដែល​ធ្វើ​ឲ្យ​របប​លោក អាសាដ ចុះ​ខ្សោយ​នឹង​​ផ្ដល់​អំណាច​ដល់​ ISIS។ និយាយ​តាម​ត្រង់​ ខ្ញុំ​ពេញ​​​ចិត្ត​​រឿង​​​​នេះ វា​ដូច​គ្នា​នៅ​ទីនេះ​។ អ្នក​ស្អប់ ប៉ុល ពត​​​ ប៉ុន្តែ​អ្នក​ប្រឆាំង​នឹង​អ្នក​​​ដែល​​​បាន​ផ្ដួល​រំលំ​ ប៉ុល ពត ​តើ​នេះ​មាន​ន័យ​ថា​​​ម៉េច​?។ វា​មាន​ន័យ​ថា អ្នក​ក៏​​​ជា​សម្ពន្ធមិត្ត​នៃរបប​ ប៉ុល ពត ដែរ​។

លោក សម រង្ស៊ី ​មេដឹកនាំ​គណបក្ស​ប្រឆាំង​​ និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​​មាន​​​ឫស​​​គល់​​​នៅក្នុង​សម្ពន្ធភាព​តស៊ូ​​ត្រីភាគី​ ដែល​បាន​វាយ​ប្រហារ​របប​លោក ហ៊ុន សែន អំឡុង​សង្គ្រាម​ស៊ីវិល​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ និង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ និង​រួម​ទាំង​ខ្មែរ​ក្រហម​ផង​។

ពី​​ប្រទេស​បារាំង លោក សម រង្ស៊ី គឺ​ជា​សមាជិក​ស្ថាបនិក​នៃ​ចលនា​​ហ្វុ៊នស៊ិនប៉ិច របស់​ព្រះអង្គម្ចាស់​ នរោត្តម សីហនុ។ នៅ​ក្នុង​រាជធានី​ភ្នំពេញ លោក កឹម សុខា គឺ​ជា​សមាជិក​សម្ងាត់​​​​​នៃ​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​របស់​លោក សឺន សាន។

អំឡុង​សុន្ទរកថា​របស់​លោក លោក​ក៏​បាន​រិះគន់​ផងដែរ​ដល់​អ្នក​​ដែល​ជំទាស់​នឹង​ការ​រំឭក​ខួប​ថ្ងៃ​៧ មករា នៃ​ការ​ដួលរលំ​របប​ ប៉ុល ពត ជា​ថ្ងៃ​បុណ្យ​ជាតិ​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​នរណា​ជំទាស់​នឹង​ថ្ងៃ​៧ មករា ពួកគេ​គឺ​ជា​សម្ពន្ធមិត្ត​ស្វ័យ​ប្រវត្តិ​របស់​​ខ្មែរ​ក្រហម គឺ​សម្ពន្ធមិត្ត​​នៃរបប​ប្រល័យ​ពូជសាសន៍”។

គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា​បាន​ជំទាស់​ការ​រំឭក​​ខួប​៧មករា ១៩៧៩​​ជា​ថ្ងៃ​បុណ្យជាតិ យូរ​មក​ហើយ​ ដោយ​ចាត់​ទុក​ថា ជា​ការ​ចាប់​ផ្ដើម​នៃ​ការ​កាន់​កាប់​របស់​វៀតណាម​រយៈ​ពេល​១ទសវត្សរ៍​ ដែល​បាន​លើក​បន្តុប​​លោក ហ៊ុន សែន ឲ្យកាន់​អំណាច​។

លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​និយាយ​ចំអក​​លើ​ការ​សន្យា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ក្នុង​​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ដែល​រួម​មាន​ការ​ញុះញង់​​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​ដល់​កម្មករ​រោងចក្រ​កាត់​ដេរ និង​ការសន្យា​ផ្ដល់​ប្រាក់​៤០.០០០​រៀល​​ជា​ប្រាក់សោធន​និវត្ត​សម្រាប់​មនុស្ស​ចាស់​ទៀត​ផង។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មាន​កម្មវិធី​ដើម្បី​​ដំឡើង​ប្រាក់​ខែ​តាម​រយៈ​របៀប​កាំជណ្ដើរ​​។ យើង​មិន​អាច​ហោះ​ឡើង​​ដោយ​ការ​ជិះ​ឧទ្ធម្ភាគចក្រ​​​បានទេ។ អ្នក​ដែល​​ត្រូវ​បាន​គេ​សន្យា​នោះ​ សូម​ទៅ​សួរអ្នក​ដែល​បានធ្វើ​ការ​សន្យា​ឲ្យ​រក​ដំណោះ​ស្រាយ​ទៅ​។ សូម​មនុស្ស​ចាស់​ដែល​មាន​អាយុ​៦០​ឆ្នាំ ឬលើស​ពី​នេះ​ទៅ​ទាម​​ទារ​ប្រាក់​ពី​អ្នក​ដែល​បាន​សន្យា​ទៅ​”។

លោក​ ហ៊ុន សែន​ បាន​បន្ថែម​ថា លោក​ចង់​​សន្យា​ដំឡើង​ប្រាក់​ខែ​​មន្ត្រី​រាជ​ការ​ដល់​១.០០០ដុល្លារ​ដែរ​ ប៉ុន្តែថា ​លោក​ដឹង​ពី​ស្ថានភាព​របស់​រតនាគារ​ជាតិ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ប៉ុន្តែ អ្នកដែលកបាន​​សន្យា​ជា​ថ្នូរ​នឹង​សន្លឹក​ឆ្នោត​នោះ ពួកគេ​ដឹង​ពី​របៀបធ្វើការ​​សន្យា​។ បន្ទាប់​មក​​ថា តើ​ពួកគេ​ធ្វើ​ឬអត់​នោះ​ វា​ជា​បញ្ហាខុស​គ្នា​ទាំង​ស្រុង​”។

លោក ហ៊ុន សែន បាន​បញ្ចប់​សុន្ទរកថា​​របស់​លោក​ដោយ​ការ​រិះគន់​លោក កឹម សុខា អនុ​ប្រធាន​គណបក្សប្រឆាំង​​​ និង​លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​ប្រឆាំង​ ចំពោះ​ការ​រីក​រាយ​នឹង​ទ្រព្យធន​ស្តុកស្តម្ភ ខណៈ​ដែលតស៊ូ​ដើម្បី​បុព្វហេតុ​អ្នកក្រីក្រ។

ដោយ​លើក​ឡើង​អំពី​ចម្ការ​ម្រេច​របស់​លោក​ កឹម សុខា នៅ​ក្នុង​​ខេត្ត​កំពង់​ចាម និង​ខេត្ត​ត្បូង​ឃ្មុំ លោក ហ៊ុន សែន បាន​មាន​​ប្រសាសន៍​ថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​មិន​គិត​​មុខ​គិត​ក្រោយ​ក្នុង​កា​រ​ទទួលយក​ការ​​បរិច្ចាគ​ពី​អ្នក​គាំទ្រ​ក្រីក្រ​ឡើយ​។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “មនុស្ស​មួយ​ចំនួន​តែង​តែរក​កម្រៃបាន​​ពី​ការ​ធ្វើ​នយោបាយ ពីព្រោះ​ដី​របស់​ពួកគេ​នៅ​ក្នុង​ស្រុក​មេមត់ និង​ស្រុក​ចម្ការ​លើ​ដាំ​ដើម​ម្រេច​ច្រើន​ណាស់​ ហើយ​បន្ទាប់​មក​ពួកគេ​ទិញ​ដី​បន្ថែម​ទៀត​ក្នុង​ខេត្ត​កែប ហើយ​យើង​​មិន​ដឹង​ថា តើ​ពួកគេ​មាន​ផ្ទះ​ប៉ុន្មាន​ឡើយ​”។ លោក​បាន​មាន​ប្រសាសន៍​ថា ​”មនុស្ស​មួយ​ចំនួន​បាន​លក់​មាន់​របស់​ខ្លួន​ដើម្បី​ជួយ​គណ​បក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​មេដឹក​នាំ​របស់​ពួកគេ​ក្លាយ​ជា​អ្នកមាន​”។

លោក ហ៊ុន សែន ក៏​បាន​វាយ​ប្រហារ​ដោយ​ផ្ទាល់​​​​លើ​លោក យឹម សុវណ្ណ ផង​ដែរ ដែល​មាន​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ដោយ​ចោទ​រូប​លោក​ពីបទ​ផិត​ក្បត់។ លោក​ ហ៊ុន សែន បាន​មាន​​ប្រសាសន៍​ថា “អ្នក​ដែល​មាន​សណ្ឋាគារ​តូច​មួយ​នៅ​ផ្សារ​សួង ​ក៏​មាន​ស្រី​ដែរ​​នៅ​ពេល​គាត់​ទៅ​ទីនោះ។ មនុស្ស​នេះ​មាន​ស្រី​​នៅ​កន្លែង​ណាក៏ដោយ​ដែលខ្លួន​ទៅដេក។ គាត់​ស្រេក​ឃ្លាន​ផ្លូវ​ភេទ។ កុំគិត​ថា គ្មាន​នរណា​ម្នាក់​​ដឹង​ពី​រឿង​នេះ​ឲ្យ​សោះ”។

បច្ចុប្បន្ន​នេះ លោក យឹម សុវណ្ណ កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ ហើយ​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ភ្លាមៗ​បាន​ទេ៕ សារុន​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស