តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិយ៉ាងហោចណាស់បួនរូប ត្រូវបានកោះហៅឲ្យចូលខ្លួនទៅតុលាការកំពូលនៅថ្ងៃទី១៩ ខែមករា ដើម្បីធ្វើការសាកសួរជុំវិញការពាក់ព័ន្ធរបស់ពួកគេនៅក្នុង “កុបកម្ម” នៅឯការតវ៉ាមួយដែលពួកគេបានរៀបចំឡើងនៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ ខែកក្កដា។
តំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សប្រឆាំងប្រាំពីររូប និងមន្ត្រីបក្សនេះមួយរូបទៀត ត្រូវបានឃុំខ្លួនបន្ទាប់ពីការតវ៉ាដែលបានផ្ទុះអំពើហិង្សាវាយតបគ្នានៅតាមផ្លូវនោះ ប៉ុន្តែ ត្រូវបានដោះលែងវិញនៅថ្ងៃមានកិច្ចព្រមព្រៀងនយោបាយថ្ងៃទី២២ ខែកក្កដា។
តំណាងរាស្ត្រជាប់ឆ្នោតទាំងនេះត្រូវបានដោះលែងឲ្យមានសេរីភាព ដើម្បីឲ្យពួកគេស្បថចូលកាន់មុខតំណែងក្នុងរដ្ឋសភា ហើយបញ្ចប់ការធ្វើពហិការមិនចូលសភារបស់គណបក្សសង្គ្រោះជាតិ។ ពួកគេទទួលបានអភ័យឯកសិទ្ធិដោយស្វ័យប្រវត្តិពីការផ្ដន្ទាទោស នៅពេលពួកគេស្បថចូលកាន់មុខតំណែង។
លោក កែវ ភិរម្យ តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ ដែលស្ថិតក្នុងចំណោមតំណាងរាស្ត្រទាំងនេះ បានបង្ហោះដីការបស់តុលាការកំពូលដែលកោះហៅលោកនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីយប់មិញ។ដីកានេះចុះថ្ងៃទី២៦ ខែធ្នូ ហើយបញ្ជាក់ថា លោកត្រូវបានចោទប្រកាន់ពីបទ “ដឹកនាំកុបកម្ម”។
លោក កែវ ភិរម្យ បានមានប្រសាសន៍តាមទូរស័ព្ទថា លោកនឹងគោរពតាមដីកាកោះនេះនៅថ្ងៃទី១៩ ខែមករា ទោះបីជាលោកមានអភ័យឯកសិទ្ធិតំណាងរាស្ត្រក្តី។ “ខ្ញុំនឹងទៅពីព្រោះខ្ញុំមិនបានធ្វើអ្វីខុសទេ។ ខ្ញុំគួរតែមានអភ័យឯកសិទ្ធិតំណាងរាស្ត្រ ប៉ុន្តែ រាល់អ្វីដែលតុលាការសួរ ខ្ញុំនឹងឆ្លើយ។ ខ្ញុំគិតថា អ្នកផ្សេងទៀតក៏ទទួលបានវាដែរ”។
លោកបានមានប្រសាសន៍អំពីតំណាងរាស្ត្រទាំងប្រាំមួយរូបផ្សេងទៀតថា លោកដឹងច្បាស់តែម្នាក់ប៉ុណ្ណោះ គឺលោក ហូរ វ៉ាន់ ក៏ត្រូវតុលាការកោះហៅដែរ។
លោក រៀល ខេមរិន្ទ្រ តំណាងរាស្ត្រមួយរូបទៀតក្នុងចំណោមតំណាងរាស្ត្រទាំងនេះ បានមានប្រសាសន៍ថា លោកក៏ត្រូវបានតុលាការកោះហៅដែរ រួមជាមួយលោក ឡុង រី ដើម្បីធ្វើការសាកសួរជុំវិញការចោទប្រកាន់ពីបទកុបកម្ម។ លោកបានមានប្រសាសន៍ថា លោកក៏នឹងគោរពតាមដីកានេះដែរ។
តំណាងរាស្ត្រពីររូបទៀត ដែលមានវត្តមាននៅឯការតវ៉ានោះដែរ គឺលោក ម៉ែន សុថាវរិន្ទ និង លោក នុត រំដួល មិនអាចទាក់ទងសុំការបំភ្លឺបានទេ ចំណែកឯលោកស្រី មូរ សុខហួរ ដែលបានដឹកនាំការតវ៉ាកាលពីថ្ងៃទី១៥ ខែកក្កដា នៅឯទីលានប្រជាធិបតេយ្យ បានមានប្រសាសន៍ថា លោកស្រីមិនទទួលបានដីកាកោះហៅទេ។
លោកស្រីបានគូសបញ្ជាក់ថា ដោយសារតំណាងរាស្ត្រទាំងនេះមានអភ័យឯកសិទ្ធិសភា សូម្បីតែកោះហៅពួកគេទៅសាកសួរ ក៏មិនត្រូវបានអនុញ្ញាតដែរ។ លោកស្រីបានបន្តថា “វាមានចែងនៅក្នុងមាត្រា៨០ស្តីពីឋានៈរបស់តំណាងរាស្ត្រ”។
មាត្រា៨០នៃរដ្ឋធម្មនុញ្ញចែងថា មិនអាចចោទប្រកាន់តំណាងរាស្ត្រពីបទល្មើសណាមួយ ឬឃុំខ្លួនពីបទឧក្រិដ្ឋណាមួយបានឡើយ។ មាត្រានេះមានខ្លឹមសារដូច្នេះថា “ការចោទប្រកាន់ការចាប់ខ្លួន ឬការឃុំខ្លួនសមាជិកសភាណាម្នាក់ត្រូវធ្វើឡើងដោយមានការអនុញ្ញាតពីសភា ឬតាមរយៈគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាចន្លោះសម័យប្រជុំ”៕សុខុម