38 C
Phnom Penh

‘កំហុស​បច្ចេក​ទេស’ ​បណ្តាល​ឲ្យ​​តុលា​ការ​ចេញ​ដីកា​កោះ​ហៅ​សមា​ជិក​សភា គណបក្ស​សង្គ្រោះ​ជាត​ិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមេធាវី​​​តំណាង​​​សមាជិក​​​សភា​​​គណបក្ស​​​សង្គ្រោះជាតិ​​បួនរូប​​​ដែលត្រូវ​​​បានកោះហៅ​​​ឲ្យ​​​មក​​​បង្ហាញខ្លួន​​​នៅ​​​តុលាការ​​​កំពូល​​​នៅ​​​ចុង​​​ខែនេះ​​ដើម្បីចូលរួម​​​សវនាការ​​ជុំវិញ​​​ការ​​​ចោទ​​​ប្រកាន់​ពីបទ “កុបកម្ម”  បើ​​​ទោះណា​​​ជា​​​ពួកគាត់​​​មាន​​​អភ័យ​​​ឯកសិទ្ធិ​​​​​​រួច​​​ផុតពីការ​​​ផ្តន្ទាទោស​​​ក៏ដោយ កាលពី​​ម្សិលមិញ​​​បានមាន​​​ប្រសាសន៍ថា ការ​​​ចេញ​​​ដីកា​​​កោះហៅ​​​នេះ ដោយ​​​សារ​​​តែ “​​​កំហុស​​​បច្ចេកទេស”។

មេធាវី​​​ទាំង​​​ពីររូប​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ពួកគាត់​​​ទទួល​​​បាន​​​ការ​​​ធានា​​​ថា សវនាការ​​​នៅ​​​ថ្ងៃទី១៩ ខែ​​​មករា នឹងទាក់​​​ទង​​​តែ​​​ការ​​​ប្រគល់​របស់របរ​​​ដែល​​​បាន​​​រឹប​​​អូស​​​ពី​​​សមាជិក​​​សភា​​​ទាំង​​​នោះតែប៉ុណ្ណោះ បើ​​​​​​ទោះ​​​​​ជា​​​ដីកា​​​កោះហៅ​លើកឡើង​​​​ថា សវនាការ​​​នោះ​​​នឹង​​​ធ្វើ​​​ឡើង​​​ដើម្បី​​​​​​រៀប​​​ចំ​​​សេចក្ដី​​​សម្រេច​​​ស្ដី​ពី​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ “កុបកម្ម​​​” ក៏ដោយ។

លោក កែត ឃី មេធាវី​​​តំណាង​​​សមាជិក​​​សភា​​​​​​​​​ កែវ ភិរម្យ និង ហូរ វ៉ាន់ ​​​បាន​​​មាន​​​ប្រសា​សន៍​​​ថា លោក ឃឹម ប៉ុណ្ណ អនុ​ប្រធាន​​​តុលាការ​​​កំពូល​​​បាន​​​ប្រាប់​​​លោក​​​ថា សវនាការ​​​នោះ​​​​​​នឹង​​​លើក​​​ឡើង​​​ពី​​​សំណើ​​​របស់​​​សមាជិក​​​សភា​​​ទាំង​​​នោះ សុំ​​​ឲ្យ​​​ប្រគល់​​​របស់របរ​ជូន​​​ពួកគាត់​​​វិញ។

លោក កែត ឃី បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​បាន​​​និយាយ​​​​​ទៅកាន់​អនុប្រធាន​​​តុលាការ​​​រូ​​ប​​​នេះ ហើយ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា តុលាការ​​​នឹង​​​ពិភាក្សា​​​អំពីរបស់របរ​​​របស់​​​ពួកគាត់។ ពួកគាត់​​​ត្រូវ​​​បាន​​​កោះ​​​ហៅ​​​​​​ឲ្យ​​​មក​​​ពិភាក្សា​​​​​​អំពី​​​របស់របរដែល​​​ពួកគាត់​​​បាន​​​ទាម​​​ទារ​​​វិញ​​​ចាប់​​​តាំង​​​​​​ពី​​​ពួកគាត់​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ទៅ​​​សាលាដំបូង​​​​រាជ​​​ធានី​​​ភ្នំ​ពេញ។ នឹង​​​មិន​​​មាន​​​ការ​​​ពិភាក្សា​​​​​​ណាមួយ​​​អំពី​​​ការ​​​ចោទ​​​ប្រកាន់​​​លើ​​​ពួកគាត់​​​ទេ”។

កាលពី​​​ខែ​​​កញ្ញា សាលា​​​ឧទ្ធរណ៍​​​បាន​​​តម្កល់​​​សេចក្ដី​​​សម្រេច​​​ដំបូង​​​របស់​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​មិន​​​ប្រគល់​​​ទូរស័ព្ទ​​​ដៃ​​​ជាច្រើន​​​គ្រឿង​​​ និង​​​ iPad ដែល​​​ត្រូវ​​​បាន​​​រឹប​​​អូស​​​ពី​​​សមាជិក​​​សភា​​​គណ​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ទុក​​​ជា​​​ភ័ស្តុ​​​តាង​​​ទាក់​​​ទង​​​នឹង​​​ការ​​​តវ៉ា​​​ដ៏ហិង្សា​​​កាលពី​​​ថ្ងៃ​​​ទី​​​១៥ ខែ​​​កក្កដា។

លោក ចាន់ ចេង មេធាវី​​​តំណាង​​​សមាជិក​​​សភា​​​ ឡុង រី និង​​​ រៀល ខេមរិន្ទ្រ ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​យល់​​​ឃើញ​​​ដូច​​​គ្នា​​​នឹង​​​លោក កែត ឃី ដែរ​​​អំពី​​​រឿងក្តីដែល​​​គ្រោង​​​ធ្វើ​​​នៅ​​​ថ្ងៃ​​​ទី​​​១៩ ខែ​​​មករា។

លោក ចាន់ ចេង បាន​​​មាន​​​​​​​​​ប្រសាសន៍​​​ថា “មាន​​​តែ​រឿង​​​ក្ដី​​​េនះប៉ុណ្ណោះ​​​​​​នៅ​​​តុលាការ​​​កំពូល​។ នៅ​​​ពេល​​​ខ្ញុំ​​​បាន​​​ឃើញ​​​​​​ដីកាកោះ​​​ហៅ​​​នេះ ខ្ញុំ​​​ភ្ញាក់​​​ផ្អើល​​​យា៉ាង​​​ខ្លាំង​​​…​​​ប្រសិន​​បើ​​​ជា​​​ការ​​​​​​ពិត​​​នោះ គឺ​​​ជា​​​កំហុស​​​បច្ចេកទេស​​​”។

លោក​​​ចៅក្រម ឃឹម ប៉ុណ្ណ អនុប្រធាន​​​​​​​​​តុលាការ​​​កំពូល​​​បាន​​​បដិសេធ​​​មិន​​​​​​ធ្វើ​​​អត្ថាធិប្បាយ​​​កាលពី​​​ម្សិលមិញ។ លោក ឈួន ចន្ថា ព្រះរាជ​​​អាជ្ញារង​​​ដែល​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​ដីកា​​​កោះហៅ​​​នោះ មិនអាច​​​ទាក់​​​ទង​​​បាន​​​ទេ។

ដីកា​​​កោះហៅ​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​​​​​​​ផ្ញើ​​​ទៅ​​​​​​សមាជិក​​​សភា​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ កែវ ភិរម្យ ហូរ វ៉ាន់ ​​​ឡុង រី និង​​​ រៀល ខេមរិន្ទ្រ កាលពី​​​ចុង​​​ខែ​​​ធ្នូ ហើយ​​​​​​ថា អ្នក​​​ទាំង​​​​​បួន​​​ ព្រម​​​ទាំង​​​សហ​សេវិក​​​របស់​​​ខ្លួន គឺ​​​លោកស្រី មូរ សុខហួរ លោក ម៉ែន សុថាវរិន្ទ្រ និង​​​លោក នុត រំដួល ប្រឈម​​​ការ​​​ចោទ​​​ប្រកាន​់​​​ពីបទ​​​ដឹកនាំ​​​កុបកម្ម​​​ជុំវិញការ​​​តវ៉ា​​​កាលពី​​​ថ្ងៃ​​​​​​ទី​​​១៥ ខែ​​​កក្កដា។

លោក ភិរម្យ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នៅ​​​តែ​​​អះអាង​​​ថា ដីកា​​​កោះហៅ​​​ដែល​​​​​​តុលា​ការ​​​ផ្ញើ​​​មក​​​រូប​​​លោក​​​បង្ហាញ​​​ថា សវនាការ​​​​​​នេះ​គឺ​​​និយាយ​​​អំពី​​​ការ​​​ចោទ​​​ប្រកាន់​​​ដែល​​​​​​លោក​​​ជឿ​​​ជាក់​​​ថា ត្រូវ​​​បាន​​លុប​ចោល​​​បន្ទាប់ពី​​​កិច្ច​​​ព្រមព្រៀង​​​នយោ​បាយ​​​កាលពី​​​ថ្ងៃ​​​ទី​​​២២ ខែ​​​កក្កដា។

លោក​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា “បើ​​​​​​ទោះ​​​​ជា​​​ខ្ញុំ​​​ទទួល​​​បាន​​​​​​ការ​​​ហៅ​​​ទូរស័ព្ទ​​​ពី​​​លោក កែត ឃី ដោយ​​​លើក​​​ឡើង​​​ថា វា​​​ជា​​​ករណី​​​នៃ​​​ការ​​​ប្រគល់​​​ទូរស័ព្ទ​​​មកឲ្យខ្ញុំ​​​វិញ​​​ក៏​​​ដោយ ក៏​​​ខ្ញុំ​​​នៅ​​​តែ​​​ពិនិត្យ​​​មើល​​​ដីកា​​​កោះហៅ​​​នោះ​​​ដដែល ពីព្រោះ​​​ការ​​​ចោទ​​​​​​ប្រកាន់​​​លើ​​​រូប​​​ខ្ញុំ​​​ គឺ​​​ធ្ងន់ធ្ងរ​​​ណាស់​​​”៕ សារុន​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស