28.4 C
Phnom Penh

អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​​ដាក់ពាក្យ​បណ្តឹង​ប្តឹង​ក្រុម​ហ៊ុន​​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ភូមិ​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​កួយ​​​ជិត​​​២៤​​​គ្រួសារ​​​ បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ទៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​ព្រះវិហារ​​​កាលពី​​​ម្សិលមិញ ចោទ​​​ប្រកាន់​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​អំពៅ​​​ដែល​​​កាន់​​​កាប់​​​ដោយ​​​ជន​ជាតិ​​​ចិនថា បាន​​​រាន​​​ដីស្រែ​​​ និង​​​កាប់​​​ដើម​​​ជ័រ​​​ទឹក​​​របស់​​ពួកគាត់​​​កាលពី​​​សប្ដាហ៍​​​មុន​​​។

អ្នកភូមិ​​​ជនជាតិ​​​ដើមភាគ​​​តិច​​​ទាំង​​​នោះ​​​ស្ថិត​​​ក្នុង​​​ចំណោម​​​អ្នក​​​ភូមិ​​​៣៦៧នាក់​ ក្នុង​​​​​​ឃុំ​​​ប្រមេរុ ​​​ស្រុក​​​ត្បែង​​​មាន​ជ័យ ដែល​​​មាន​​​វិវាទ​​​ដីធ្លី​​​ជាមួយ​​​ក្រុ​ម​​​ហ៊ុន Lan Feng ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០១២​​​មក ជា​​​ឆ្នាំ​​​បន្ទាប់ពី​​​ក្រុម​​​ហ៊ុន​​​នេះ​​​ទទួ​​ល​​​បាន​​​ដី​​​សម្បទាន​​​ទំហំ​​​ប្រហែល​​​​​​៩.០០០​​​ហិកតា ដែល​​​សហគមន៍​​​លើក​​​ឡើង​​​ថា ជា​​​ដី​​​ដែល​​​​​​ពួកគាត់​​​បាន​​​​​​ធ្វើ​​​ស្រែចម្ការ​​​ច្រើន​​​ជំនាន់​​​មក​​​ហើយ​​​។

វិវាទ​​​នេះ​​​បាន​​​កើតឡើង​​​កាលពី​​​ថ្ងៃ​​​ទី​​​២៩ ខែធ្នូ នៅពេល​​​អ្នកភូមិ​​​ជន​ជាតិ​​​ដើម​​​ភាគ​​​តិច​​​កួយ​​​ប្រហែល​​​៤០០​​​នាក់​​​បាន​​​ចាប់​​​ត្រាក់ទ័រ​​​ពីរគ្រឿ​​ង​​​ទុក និង​​​ឃាត់ខ្លួន​​​អ្នក​​​បើក​បរ​​​មួយ​​​យប់។

លោក អ៊ុក ពឿន ដែល​​​គ្រួសារ​​​របស់​​​គាត់​​​​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​ដែលបាន​​​លើក​​​ឡើង​​​ថា “នៅ​​​ក្នុង​​​ពាក្យ​​​បណ្ដឹ​​ង​​​ អ្នក​​​ភូមិ​​​បាន​​​ទាម​ទារ​​​ឲ្យ​​​ក្រុម​​​ហ៊ុន Lan Feng ផ្ដល់​​​សំណង​​​ចំនួន​​​៥.០០០​​​ដុល្លារ​​​ដល់​​​អ្នក​ភូមិ​​​ក្នុង​​​មួយគ្រួសារៗ​​​ក្នុង​​​ចំណោម​​​អ្នកភូមិ​​​២៣​​​គ្រួសារ​​​ ពីព្រោះ​​​ពួកគេ​​​បាន​​​រាន​​​ដីស្រែ​ចម្ការ​​​​របស់​​​ពួកគាត់ និង​​​បាន​​​កាប់​​​ដើម​​​ជ័រ​​​ទឹក​​​នៅ​​​ក្នុង​​​ព្រៃសហគមន៍​​​រយៈ​​​ពេល​​​បីថ្ងៃ គឺ​​​ថ្ងៃ​​​ទី​​​២៩ ៣០ និង​​​៣១ ខែ​​​ធ្នូ”។

លោក ពឿន បាន​​​បន្ថែម​​​ថា ពាក្យ​​​បណ្ដឹង​​​នោះ​​​ក៏​​​ស្នើ​​​ឲ្យ​​​តុលាការ​​​ដក​​​សម្បទាន​​​ដី​​​ពី​​​ក្រុម​​​ហ៊ុន​​​នេះ​​​វិញ​​​ផង​​​ដែរ។ លោក​​​បាន​​​និយាយ​​​ថា ” យើង​​​ចាប់​​​ត្រាក់ទ័រ​​​ពីរគ្រឿង​​​ទុក​​​នៅ​​​សាលា​​​ឃុំ ហើយ​​​យើង​​​បាន​​​ព្រមព្រៀង​​​គ្នា​​​ថា នឹង​​​មិន​​​ប្រគល់​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​វិញ​​​ឡើយ លុះ​​​ណា​​​តែ​​​អាជ្ញាធរ​​​ដក​​​អាជ្ញា​ប័ណ្ណ​​​ព​​ីក្រុមហ៊ុន Lan Feng ​​​”។

លោក ឃុត សុភាង ព្រះរាជអាជ្ញា​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិល​​​មិញ​​​ថា លោក​​​មិន​​​បាន​​​ទទួល​​​ពាក្យ​​​បណ្ដឹង​​​ពី​​​គ្រួសារ​​​អ្នកភូមិ​​​ជនជាតិ​​​ដើម​​​ភាគ​​​តិច​​​កួយ​​​​​ទេ៕ សារុន​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស