កាលពីម្សិលមិញ អ្នកតវ៉ាប្រហែល៥០នាក់បានប្រឈមមុខដាក់គ្នាជាមួយអ្នកភូមិម្នាក់ដោយសារវិវាទដីធ្លីមួយដែលបានអូសបន្លាយពេលរាប់ឆ្នាំជុំវិញដីតិចជាង១ហិកតានៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានប្រវាយប្រតប់គ្នាមួយប្រាវមុនពេលអាជ្ញាធរមូលដ្ឋានសន្យាជួយដោះស្រាយវិវាទនេះ។
អ្នកស្រី ព្រីង សុជាតិ ជាអ្នកតវ៉ាម្នាក់ក្នុងចំណោមអ្នកតវ៉ាទាំងនេះបាននិយាយថា អ្នកស្រីនិងអ្នកតវ៉ាផ្សេងទៀត តំណាងឲ្យប្រជាពលរដ្ឋ១៦៣គ្រួសារដែលកាលពីឆ្នាំ២០១១ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដល់ដីឡូត៍មួយកន្លែងទំហំ៩.៩៨២ម៉ែត្រក្រឡា បន្ទាប់ពីមានក្តីក្តាំឡើងតុលាការអស់រយៈពេលជាយូរជាមួយពាណិជ្ជករក្នុងស្រុកម្នាក់។ ប៉ុន្តែអ្នកស្រីនិយាយថា អ្នកស្រី ជា សារុំ ជាអ្នកទទួលសិទ្ធិម្នាក់ក្នុងចំណោមអ្នកទទួលសិទ្ធិកាន់កាប់ដីធ្លីនេះ បានអះអាងកាន់កាប់ដីទាំងអស់នោះតែម្នាក់ឯង ហើយមិនព្រមឲ្យអ្នកផ្សេងតាំងលំនៅដ្ឋានជាប់ផ្ទះរបស់គាត់ឡើយ។
ទោះបីជាសាលាឧទ្ធរណ៍បានចេញសាលដីកាកាលពីខែមិថុនា ហាមឃាត់អ្នកស្រី ជា សារុំ មិនឲ្យលក់ ឬជួលដីនោះក្ដី ក៏អ្នកតវ៉ាទាំងនេះនិយាយថា គាត់នៅតែបដិសេធមិនព្រមឲ្យពួកគាត់រើចូលទៅរស់នៅទីនោះ។ ដោយធុញទ្រាន់នឹងការរង់ចាំឲ្យតុលាការជួយរកដំណោះស្រាយ ពួកគាត់ក៏បានចុះទៅទីតាំងដីនោះកាលពីព្រឹកម្សិលមិញ ដោយនាំយកបង្គោលឈើទៅជាមួយដែលពួកគាត់មានបំណងប្រើប្រាស់សម្រាប់កំណត់ព្រំប្រទល់ចំណែកដីដែលពួកគាត់ត្រូវបាន ប៉ុន្តែក៏ត្រូវប្រវាយប្រតប់គ្នាមួយប្រាវជាមួយអ្នកស្រី ជា សារុំ និងសាច់ញាតិមួយចំនួនរបស់គាត់ មុនពេលនគរបាល និងសន្តិសុខខណ្ឌអន្តរាគមន៍បំបែកពួកគេចេញពីគ្នា។
អ្នកស្រី ជា សុជាតិ និយាយថា “យើងមិនអាចនៅស្ងៀមទៀតបានទេ បើគាត់រក្សាទុកដីនោះទាំងអស់តែម្នាក់ឯង និងឲ្យពួកយើងរស់នៅខាងក្រៅ។ គាត់ត្រូវតែចែកជាមួយពួកយើង”។
ចំណែកឯអ្នកស្រី ជា សារុំ និយាយថា អ្នកតវ៉ាទាំងនេះសុទ្ធតែជាជនបន្លំខ្លួន ហើយមិនស្ថិតក្នុងចំណោមប្រជាពលរដ្ឋទាំង១៦៣គ្រួសារដែលតុលាការសម្រេចប្រគល់ដីនេះឲ្យនោះទេ។ គាត់និយាយថា ” ពួកគេព្យាយាមរំលោភដីរបស់ខ្ញុំដោយគ្មានការអនុញ្ញាត។ ខ្ញុំមិនស្គាល់ពួកគេទេ។ ប្រជាពលរដ្ឋទាំង១៦៣គ្រួសាររស់នៅជាមួយខ្ញុំរាល់ថ្ងៃ ហើយអាជ្ញាធរបានប្រាប់ខ្ញុំនៅថ្ងៃនេះថា មិនអនុញ្ញាតឲ្យអ្នកណាផ្សេងទៀតមកទីនេះទេ”។
លោក មូ ម៉ានិត អភិបាលរងខណ្ឌសែនសុខ ដែលមានវត្តមាននៅកន្លែងកើតហេតុ បានមានប្រសាសន៍ថា អាជ្ញាធរកំពុងសហការជាមួយសាលាដំបូងរាជធានីភ្នំពេញ ដើម្បីកំណត់ឲ្យជាក់លាក់ថា តើអ្នកណាខ្លះមានសិទ្ធិកាន់កាប់ដីនេះ។
លោកបានមានប្រសាសន៍ទៀតថា “សាលារាជធានីបានបង្កើតក្រុមមួយដើម្បីធ្វើការស៊ើបអង្កេត និងចែកដីនេះជាមួយគ្រួសារពិតប្រាកដទាំង១៦៣គ្រួសារ។ សាលារាជធានីបានស្នើឲ្យសាលាដំបូងរាជធានីភ្នំពេញផ្ដល់ចំនួន និងឈ្មោះគ្រួសារដែលជាម្ចាស់កម្មសិទ្ធិដីនេះមកឲ្យយើង។ ថ្ងៃនេះ យើងគ្រាន់តែមកទប់ស្កាត់អំពើហិង្សាប៉ុណ្ណោះ។ យើងនឹងមិនអនុញ្ញាតឲ្យពួកគាត់រស់នៅទីនេះទេ ព្រោះយើងកំពុងរង់ចាំឲ្យសាលារាជធានីប្រគល់បញ្ជីឈ្មោះគ្រួសារទាំងនេះមកឲ្យយើង។ បន្ទាប់មក យើងនឹងដោះស្រាយបញ្ហានេះ”៕ សុខុម