27 C
Phnom Penh

រដ្ឋាភិបាល​នឹង​អនុវត្ត​តឹងរ៉ឹងនូវ​ច្បាប់​ស្តីពី​ប័ណ្ណ​ការងារ​ចាប់​ពី​សប្តាហ៍​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ម្នាក់​នៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ចាប់ពី​សប្តាហ៍​ក្រោយ​នេះ​ទៅ ក្រសួង​មហាផ្ទៃ​នឹង​ចាប់​ផ្តើម​អនុវត្ត​តឹងរ៉ឹង​នូវ​ច្បាប់​ដែល​តម្រូវ​ឲ្យ​ជនបរទេស​ដែល​ធ្វើ​ការ​ក្នុង​ប្រទេស​កម្ពុជា​មាន​ប័ណ្ណ​ការងារ។

ឧត្តមសេនីយ៍​ឯក នៅ លក្ខិណា អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហា​ផ្ទៃ​បាន​មាន​ប្រសាសន៍​ថា សប្តាហ៍​ក្រោយ​អគ្គនាយកដ្ឋាន​របស់​លោក​នឹង​ចាប់​ផ្តើម​សម្រុក​ស្វែងរក​ជន​បរទេស ឬនិយោជក​របស់​ពួកគេ ដែល​គ្មាន​ប័ណ្ណ​ការងារ។ ច្បាប់​ការងារ​ឆ្នាំ​១៩៩៧​របស់​ប្រទេស​កម្ពុជា​តម្រូវ​ឲ្យ​មាន​ប័ណ្ណ​ការងារ​ជា​ចាំបាច់ ក៏​ប៉ុន្តែ ក្នុង​ពេល​កន្លង​មក ​មាន​ការ​អនុវត្ត​មិន​ទៀងទាត់។

លោក​ឧត្តមសេនីយ៍​ឯក លក្ខិណា បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​ចាប់​ផ្តើម​នៅ​សប្តាហ៍​ក្រោយ ប៉ុន្តែ​មិន​អាច​និយាយ​ថា​ពេលណា​ឲ្យ​ប្រាកដ​នោះ​ទេ”។

ជន​ជាតិ​បរទេស​ណា​ក៏ដោយដែល​គេ​រកឃើញ​ថា​គ្មាន​ប័ណ្ណ​ការងារ នឹង​ត្រូវ​បង់​ប្រាក់​​១០០​ដុល្លារ​សម្រាប់​ប័ណ្ណការងារ និង​ពិន័យ​៥០០.០០០​រៀល។ ឧត្តមសេនីយ៍​ឯក លក្ខិណា បាន​ឲ្យ​ដឹង​ថា ប៉ុន្តែ​ប្រសិនបើ​កិច្ច​សន្យា​ការងារ​របស់​ជន​បរទេស​មិន​ចែង​ថា ពួកគេ​ត្រូវ​ទទួល​ប័ណ្ណ​ការងារ​ដោយ​ផ្ទាល់​ទេ​នោះ ការ​បង់​ប្រាក់​ពិន័យ​នឹង​ជា​ការ​ទទួល​ខុសត្រូវ​របស់​និយោជក​របស់​ពួកគេ។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​ត្រឡប់​មក​វិញ​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ខែ ហើយ​ប្រសិនបើ​អ្នក​នៅ​តែ​មិន​ទាន់​មាន​ប័ណ្ណ​ការងារ​ទៀត​នោះ តាម​ច្បាប់​ការងារ អ្នក​ត្រូវ​តែ​ចាកចេញ​ពី​ប្រទេស​កម្ពុជា”។ លោក​បាន​បន្ថែម​ថា គេ​អាច​ដាក់​ពាក្យ​សុំ​ប័ណ្ណ​ការងារ​នៅ​ក្រសួង​ការងារ ​និង​ប្រើ​រយៈ​ពេល​មួយ​ខែ។

ក្នុង​កិច្ច​ប្រជុំ​កាលពី​ថ្ងៃ​ទី​២៦​ខែ​ធ្នូ លោក អិុត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​បាន​មាន​ប្រសាសន៍​ថា ជនជាតិ​បរទេស​ក៏​ត្រូវ​ពិន័យ​៧៧​ដុល្លារ​ដែរ​សម្រាប់​មួយឆ្នាំៗ ក្នុង​ពេល​ដែល​ពួកគេ​បានធ្វើការ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ប័ណ្ណ​ការងារ។

យោងតាម​ឧត្តមសេនីយ៍​ឯក លក្ខិណា បាន​ឲ្យ​ដឹង​ទៀត​ថា ការ​បន្ត​ទិដ្ឋាការ​សម្រាប់​អ្នក​ស្នាក់​នៅ​រយៈ​ពេល​យូរ​ក៏​នឹងប៉ះពាល់​ដែរ។ លោក​បាន​មាន​ប្រសាសន៍​ថា អ្នក​មក​ដល់​ប្រទេស​កម្ពុជា​ថ្មី​អាច​ទទួល​​បាន​ទិដ្ឋាការ​ការងារ​រយៈ​ពេល​មួយ​ខែ ក្រោយមក​អាច​ដាក់​ពាក្យ​បន្ត​រយៈ​ពេល​មួយ​ឆ្នាំ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “ប៉ុន្តែ​ក្រោយ​រយៈ​ពេល​មួយ​ឆ្នាំ​ ប្រសិនបើ​អ្នក​មិន​អាច​រក​ការងារ​បាន​ទេ អ្នក​ត្រូវ​ចេញ​ពី​ប្រទេស​កម្ពុជា ហើយ​មិន​អាច​បន្ត​ទៀត​បាន​ទេ”។

លោក សុខ ផល ប្រធាន​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​កាលពី​សប្តាហ៍​មុន​ថា ជន​បរទេស​ទាំង​អស់​ដែល​ទទួល​បាន​​ប្រាក់​ចំណូល​ក្នុង​ប្រទេស​កម្ពុជា ចាំបាច់​ត្រូវ​មាន​ប័ណ្ណ​ការងារ។

លោក​បាន​មាន​ប្រសាសន៍​នៅ​ពេល​នោះ​ថា “​ប្រសិនបើ​ពួកគេ​ធ្វើការ​រកប្រាក់ ពួកគេ ចាំបាច់​ត្រូវ​មាន​​ប័ណ្ណ​ការងារ”៕មានិត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស