មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនមនុស្សដែលត្រូវចាប់ខ្លួនទាក់ទិននឹងបទល្មើសគ្រឿងញៀនកាលពីឆ្នាំមុនបានកើនឡើងស្ទើរតែពីរដងបើប្រៀបធៀបទៅនឹងឆ្នាំ២០១៣ ក៏ប៉ុន្តែចំនួនគ្រឿងញៀនដែលចាប់បាន បានថយចុះទៅវិញ។
ឧត្តមសេនីយ៍ឯក មាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនបានមានប្រសាសន៍ថា ប៉ូលិសបានចាត់វិធានការនឹងករណីកើនឡើងក្នុងឆ្នាំ២០១៤ ដែលមាន១.៣៣៩ករណីធៀបទៅនឹង៨៨៩ករណីក្នុងឆ្នាំមុន រីឯចំនួនមនុស្សចាប់ខ្លួនបានកើនពី១.៨៣០ក្នុងឆ្នាំ២០១៣ ដល់៣.១៣៨កាលពីឆ្នាំមុន។
លោកឧត្តមសេនីយ៍ឯក បានបន្ថែមថា ប៉ុន្តែគ្រឿងញៀនតែ៩០គីឡូក្រាមប៉ុណ្ណោះ ក្នុងនោះមានទាំងមេតំហ្វេតាមីន កូកាអិុន និងហេរ៉ូអិុនផង ត្រូវបានរឹបអូសបានកាលពីឆ្នាំមុន ធៀបទៅនឹងចំនួន១០០គីឡូក្រាមក្នុងឆ្នាំ២០១៣។
លោកឧត្តមសេនីយ៍ឯក បានមានប្រសាសន៍ថា “មានកំណើន[ក្នុងករណី] ពីព្រោះប្រទេសរបស់យើងជាប្រទេសរងគ្រោះ ដែលពួកឧក្រិដ្ឋជនដឹកជញ្ជូននិងចរាចរគ្រឿងញៀន ប៉ុន្តែគ្រឿងញៀនមាននៅជុំវិញពិភពលោក ហើយមិនមែននៅតែក្នុងប្រទេសកម្ពុជាទេ”។
លោក មាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនបានមានប្រសាសន៍ថា ប៉ូលិសបានអាក់ខានក្នុងការចាប់បានច្រើនទៀតក្នុងឆ្នាំ២០១៤ ដោយសារប៉ូលិសមមាញឹកពេកក្នុងការដោះស្រាយទាក់ទិននឹងអ្នកតវ៉ា ហើយចាំបាច់ត្រូវបណ្តុះបណ្តាលបន្ថែមទៀតដើម្បីតាមរកចាប់ខ្លួនពួកអ្នកជួញដូរគ្រឿងញៀន។
លោកឧត្តមសេនីយ៍ឯក មាស វីរិទ្ធ បានមានប្រសាសន៍បន្ថែមថា “ឧក្រិដ្ឋកម្មគ្រឿងញៀនគឺមិនដូចគ្នានឹងការកាប់ឈើ[ខុសច្បាប់]ទេ ពីព្រោះគ្រឿញៀនតូច ហើយមិនធំដូចដើមឈើនោះឡើយ ដូច្នេះយើងមិនអាចមើលឃើញវា ឬ រកវាឃើញដោយងាយស្រួលបានឡើយ”៕មានិត