30.7 C
Phnom Penh

អ្នកភូមិ​ និង​សន្តិសុខ​ក្រុម​ហ៊ុន​​គប់ដុំថ្ម និង​គ្រាប់​បែក​សាំង​ដាក់គ្នា​ក្នុង​វិវាទ​ដីធ្លី​នៅ​ខេត្ត​កោះកុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​បរិស្ថាន​​បាន​លើក​ឡើង​ថា ខ្លួន​នឹង​បញ្ជូនគណៈ​​ប្រតិភូ​មួយ​ក្រុម​​ទៅ​កាន់​ខេត្ត​កោះកុង ​​ដើម្បី​​ព្យាយាម​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ដ៏អូស​បន្លាយ​មួយ​រវាង​អ្នកភូមិ និង​ក្រុម​ហ៊ុន​មួយ​របស់​ចិន បន្ទាប់ពី​ផ្ទុះ​អំពើ​ហិង្សា​វាយ​តប់​គ្នារវាង​អ្នក​ភូមិ និង​សន្តិសុខ​ក្រុម​ហ៊ុន​កាលពី​​រសៀល​ម្សិលមិញ។

ក្រុម​​ហ៊ុន Union Development Group (UDG) របស់​ចិន​​​ បាន​បណ្ដេញ​ប្រជាពល​រដ្ឋ​ជាង​១.០០០​គ្រួសារ​រួច​ទៅ​ហើយ ដើម្បី​បើក​ផ្លូវ​​សម្រាប់​​គម្រោង​អភិវឌ្ឍ​តំបន់​ទេសចរណ៍​​មួយ​​លើ​​ផ្ទៃ​ដី​​ទំហំ៤៥.០០០​ហិកតា និង​ចំណាយ​អស់​ទឹកប្រាក់​៣,៨ពាន​លាន​ដុល្លារ​ ដែល​ខ្លួន​បាន​អភិវឌ្ឍ​​នៅ​កណ្ដាល​ឧទ្យាន​ជាតិ​បទុម​សាគរ​ចាប់​តាំងពី​ឆ្នាំ​២០១០​​មក។ ប្រជាពល​រដ្ឋ​ប្រមាណ​៣០​គ្រួសារ នៅ​តែ​​តស៊ូប្រឆាំង​​នឹង​ក្រុម​ហ៊ុន​ដើម្បី​រក្សា​ផ្ទះ​សំបែង​របស់​ខ្លួន។

អ្នកស្រី ទេស សៀងហា៊ង តំណាង​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បណ្ដេញ​ចេញ ​បាន​និយាយ​ថា ក្រុម​ហ៊ុន UDG បាន​ចាប់​ផ្ដើម​ចាក់​អាចម៍​ដី​លើ​ផ្លូវ​ឆ្ពោះ​ទៅភូមិ​របស់​ពួកគាត់​ក្នុង​ស្រុក​គិរីសាគរ កាលពី​ថ្ងៃទី​២៣ ខែធ្នូ ដើម្បី​បង្ខំ​ឲ្យ​ពួកគាត់​រើចេញ។ អ្នកស្រី​និយាយ​ទៀត​ថា ជា​ការ​ឆ្លើយ​តប អ្នកភូមិ​ទាំង​នេះ​បាន​បិទ​ផ្លូវ​ធំ​ឆ្ពោះទៅ​ផែ​សាធារណៈ​ក្នុង​មូលដ្ឋាន ដោយ​សង្ឃឹម​ថា ​នឹង​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាលឲ្យ​​បង្ខំ​ក្រុម​ហ៊ុន UDG បញ្ឈប់​សកម្មភាព​របស់​ខ្លួន​។

អ្នកស្រី​និយាយ​ទៀត​ថា “យើង​បាន​សម្រេច​ចិត្ត​បិទ​ផ្លូវ [ឆ្ពោះ​ទៅ​ផែ] ដោយ​សារ​តែ​​អភិបាល​ស្រុក​មិន​ព្រម​អន្តរាគមន៍​សម្អាត​ផ្លូវ​ ដែល​អ្នកភូមិ​ប្រើ​ប្រាស់​រាល់​ថ្ងៃ​”។

អ្នក​ស្រី​និយាយ​ថា នៅ​ពេល​រថយន្ត​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន UDG បង្ហាញ​វត្តមាន​កាលពី​ម្សិលមិញ ​ដើម្បី​ចាក់​អាចម៍​ដី​បន្ថែម​បិទ​ផ្លូវ​ចូល​ទៅ​កាន់​ភូមិ អ្នកភូមិ​បាន​ប្រមូល​ផ្ដុំគ្នា​​ឃាត់​រថយន្ត​ទី២​មិន​ឲ្យ​ចាក់​អាចម៍ដី​ ហើយ​នៅ​ពេល​នោះ​ សន្តិសុខ​ប្រហែល​៣០​នាក់​ដែល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​នេះ ក៏​បាន​ចូល​​អន្តរាគមន៍។ ​អំឡុង​ពេល​​​ប្រើ​ហិង្សា​ដាក់គ្នា អ្នកភូមិ​បាន​គប់​គ្រាប់​បែក​សាំង​ទៅ​លើ​រថយន្ត​ទាំង​នោះ ហើយ​សន្តិសុខ​បាន​គប់ដុំថ្ម​ទៅ​លើ​អ្នកភូមិ។ អ្នកស្រី​បាន​បន្ត​​ថា “អ្នកភូមិ​បួន​នាក់​បាន​រងរបួស​ស្រាលអំឡុង​ពេល​ប៉ះទង្គិច​គ្នាជាមួយ​សន្តិសខុ ដែល​ប្រើ​ដុំថ្ម​គប់​ទៅ​លើ​អ្នកភូមិ”។

លោក ខែម ចណ្ឌី អភិបាល​ស្រុក​គិរីសាគរ​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​អ្នកភូមិ​​ឲ្យ​ឈប់​បិទ​ផ្លូវ​ចូលទៅភូមិ ប៉ុន្តែមិន​បាន​ផល។ មុន​ពេល​បង្វែរ​សំណួរ​​បន្ថែម​ទៀត​ទៅ​ក្រសួង​បរិស្ថាន លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​ទាន់​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ​ទេ ពីព្រោះ​ខ្ញុំ​កំពុង​​រង់ចាំ​បញ្ជា​ពី​ថ្នាក់​ដឹកនាំ​កំពូល”។

លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​មាន​​ប្រសាសន៍​ថា លោក​នឹង​បញ្ជូន​ក្រុម​ការ​ងារ​មួយ​ក្រុម​ទៅ​កាន់​តំបន់​នោះ ដើម្បី​ព្យាយាម​ដោះ​ស្រាយ​វិវាទ​នេះ ប៉ុន្តែ​មិន​បាន​មាន​ប្រសាសន៍​ថា បញ្ជូន​ទៅ​ពេល​ណា​ឲ្យ​ប្រាកដ​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា “ក្រុម​ហ៊ុន UDG បាន​ចាក់​ដី​បិទ​ផ្លូវ ប៉ុន្តែ​យើង​ក៏​ទទួល​បាន​ពាក្យ​បណ្ដឹង​ដែរ​ថា អ្នកភូមិ​កំពង់​បិទ​ផ្លូវ។ ករណី​នេះ​មាន​ភាព​ស្មុគ​ស្មាញ ហើយ​យើង​កំពុង​​ដោះ​ស្រាយ​រឿង​នេះ​”៕ សុខុម​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស