38 C
Phnom Penh

គណ​បក្ស​ប្រជា​ជន​កម្ពុជា​រំឭក​ខួប​៣៦​ឆ្នាំ​ចាប់​តាំង​ពី​វៀត​ណាម​ បាន​បណ្តេញ​ ប៉ុល ពត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ លោក ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹក​នាំ​ការ​ប្រារព្ធពិធី​រំឭក​ខួប​លើក​ទី​៣៦នៃ​ថ្ងៃ​ដែល​កង​ទ័ព​វៀត​ណាម​ និង​អ្នក​​ផ្តាច់ខ្លួន​ខ្មែរ​ក្រហមមួយ​ក្រុម​ផ្តួល​រំលំ​​របប​ ប៉ុល ពត​ ហើយ​បាន​បង្កើត​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា។front

លោក ហេង សំរិន ដែល​វៀត​ណាម​បាន​លើក​បន្តុប​​ជា​​ប្រមុខ​រដ្ឋ​ក្នុង​ឆ្នាំ​១៩៧៩​ បាន​ចូល​រួម​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​កាន់​អំណាច​ដទៃទៀត​​ដែលបាន​ឡើង​កាន់​អំណាច​ក្រោម​របប​ថ្មីនោះ រួមមាន​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ជាដើម។

ទោះ​ជាយ៉ាងណា លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជា​ជន​កម​្ពុជា​​បាន​អវត្តមាន​ពី​ពិធី​នោះ ដែល​តាម​ទម្លាប់​លោក​បាន​ចូលរួម​ជា​អធិបតីដែរ។ លោក ជា ស៊ីម អាយុ​​៨២ឆ្នាំ​​មាន​បញ្ហា​សុខ​ភាព​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ។

ក្រុម​មន្ត្រី​គណបក្ស​ប្រជា​ជន​កម្ពុជាមិន​អា​ច​ទាក់​ទង​សុំអត្ថាធិប្បាយ​បានទេ​អំពី​អវត្ត​មាន​មេដឹក​នាំ​គណបក្ស​របស់ខ្លួន​ ប៉ុន្តែលោក ញឹក​ ប៊ុនឆៃ អគ្គលេខា​ធិការ​គណបក្ស​ហ្វុ៊នស៊ិនប៉ិច​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះដែរ​បានមាន​ប្រសាសន៍​ថា លោក ជា​ ស៊ីម “មិន​ទាន់​មាន​សុខ​ភាព​មាំទាំ” អាច​ចូលរួម​បាន​ឡើយ​។​ លោក​បានមាន​ប្រសាសន៍ថា “​លោក​មាន​ជំងឺ ហើយ​វា​លំបាក​សម្រាប់​លោក​ក្នុងការ​អាន​សុន្ទរ​កថាណាស់”។

លោក​​ ញឹក ប៊ុនឆៃ ដែល​ឥឡូវ​នេះ​​ជា​ទីប្រឹក្សា​​រដ្ឋាភិបាល​មាន​ឋានៈស្មើ​ឧប​នាយក​រដ្ឋ​មន្ត្រី​ ជា​ឧត្តម​សេនីយ៍​យោធា​ម្នាក់​ក្នុង​ចំណោម​ឧត្តម​សេនីយ៍យោធា​កំពូលៗ​របស់​​គណបក្ស​ហ្វុ៊នស៊ិន​ប៉ិចអំឡុង​សង្គ្រាម​ស៊ីវិល​ក្នុង​​ទសវត្សរ៍ឆ្នាំ​១៩៨០ នៅពេល​គណបក្ស​នេះ​មាន​សម្ពន្ធ​ភាព​ជាមួយ​​ខ្មែរក្រហម​ក្នុង​ការ​វាយ​ប្រហារ​ការ​កាន់​កាប់​របស់​វៀត​ណាម។

នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ គណបក្ស​រាជា​និយម​​ដែល​ពេល​នោះ​មាន​អំណាច​​បាន​តវ៉ា​ប្រឆាំង​នឹង​ការ​កំណត់​យក​ថ្ងៃ​នេះ​ជា​ថ្ងៃ​បុណ្យ​ជាតិ។ ហើយ​សូម្បី​ក្នុង​ឆ្នាំ​២០០៤ លោក ញឹក ប៊ុនឆៃ បាន​មាន​ប្រសាសន៍​ថា លោក​ចាត់ទុក​ថ្ងៃ​៧ មករា ជា​​ ” ថ្ងៃដែល​វៀតណាម​ឈ្លាន​ពាន​ប្រទេស​កម្ពុជា​”។

ទោះ​ជាយ៉ាង​ណា កាលពី​ម្សិល​មិញ​លោក​បាន​ចូល​រួម​រំឭក​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​បាន​ជូន​កម្រងផ្កា​លោក​ ហេង សំរិន និង​លោក ហ៊ុន សែន។

លោក ញឹក ប៊ុនឆៃ បាន​មាន​ប្រសាសន៍​បន្ទាប់​ពី​ពិធី​ថា “ខ្ញុំ​ទទួល​ស្គាល់​ថា វៀតណាម​បាន​ជួយ​វាយ​ប្រហារ​ និង​ផ្ដូល​រំលំ​របប​ ប៉ុល ពត។ ប្រសិន​បើ​យើង​មិន​ទទួល​ស្គាល់​រឿង​នេះ វា​មាន​ន័យ​ថា យើង​គាំទ្រ​ខ្មែរ​ក្រហម​”។

នៅ​ក្នុង​សុន្ទរ​កថា​របស់​លោក​ លោក ហេង សំរិន បាន​និយាយ​ការ​ពារ​កេរ​ដំណែល​ថ្ងៃ​​៧ មករា ដែល​នៅ​តែ​ត្រូវ​បាន​រិះគន់​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​ថ្ងៃ​ដែល​រំឭក​ដល់​ការ​ចាប់​ផ្ដើម​ការ​កាន់​កាប់​ប្រទេស​កម្ពុជា​របស់​កងទ័ព​វៀត​ណាម​រយៈពេល​ដ៏​​យូរ។

លោក ហេង សំរិន បាន​និយាយ​ទៅ​កាន់​អ្នក​ចូល​រួម​ថា “សត្រូវ​​តែ​មួយ​គត់​​នៃ​ស្មារតី​៧ មករា គឺ​របប​ប្រល័យ​ពូជ​សាសន៍​​ ប៉ុល ពត។ ហេតុដូច្នេះ​ហើយ​អ្នក​ដែល​ប្រឆាំង​ស្មារតី​៧មករា គឺ​អ្នក​ស្រឡាញ​់​របប​ប្រល័យពូជ​សាសន៍ ប៉ុល ពត និង​ជាអ្នក​​​ប្រឆាំង​ការ​រីកចម្រើន​របស់​​ប្រទេស​​ជាតិ”។

លោក ហេង សំរិន ក៏​បាន​និយាយ​ការ​ពារ​ការ​កាន់​កាប់​ប្រទេស​កម្ពុជា​យូរ​អង្វែង​របស់​កង​ទ័ព​វៀតណាម​ផង​ដែរ ដោយ​ពន្យល់​ថា វា​ចាំបាច់​ណាស់​ក្នុង​ការ​ធានា​ថា ប៉ុល​ ពត មិន​អាច​ត្រឡប់​មក​កាន់​អំណាចវិញ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​មិន​មាន​ការ​តស៊ូ​របស់​ប្រជាជន​កម្ពុជា ការ​គាំទ្រ​របស់​វៀតណាម​​នឹង​មិន​មាន​ឡើយ​។ ការ​គាំទ្រ​នេះ​គឺ​ជា​ការ​រួម​ចំណែក​រំដោះ​ប្រជាជន​កម្ពុជា​ពី​ឃាតករ និង​ការ​ពារ​ការ​រស់​ឡើង​វិញ​របស់​ប្រទេស​កម្ពុជា ដោយ​​ប្រឆាំង​ចំពោះ​ការ​ព្យាយាម​របស់​ក្រុម​ ប៉ុល ពត ក្នុង​ការ​ត្រឡប់​មក​វិញ”។

លោក​ ហេង សំរិន បាន​មាន​ប្រសាសន៍​ថា កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម​ត្រូវ​បាន​បញ្ជូនទៅ​ប្រទេស​របស់​ខ្លួន​ជា​បណ្ដើរៗ​ចាប់​​ពី​ឆ្នាំ​១៩៨២ ហើយ​ត្រូវ​បាន​​បញ្ជូន​ទៅវិញ​​អស់​ទាំង​ស្រុង​​នៅ​ខែ​កញ្ញា ឆ្នាំ​១៩៨៩ នៅ​ពេល​កង​ទ័ព​កម្ពុជា​មាន​សមត្ថភាព​ការ​ពារ​បាន​ដោយ​ខ្លួន​ឯង”។​ លោក​បាន​បន្ថែម​ថា “ហេតុ​ដូច្នោះ​​ហើយ អ្នក​ដែល​ជា​មនុស្ស​មិន​ល្អ​ត្រូវ​ឈប់​​​​ប្រឌិត​ប្រវត្តិសាស្ត្រ ដែល​បង្ក​ឲ្យ​មានជាតិ​និយម​ជ្រុល និង​ការ​សងសឹករវាង​ប្រទេស​ទាំងពីរ​”។

លោកស្រី មូរ សុខហួរ ប្រធាន​កិច្ច​ការ​សាធារណៈ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បដិសេធ​មិន​និយាយ​អំពី​​ការ​ជំទាស់​របស់​​គណបក្ស​ប្រឆាំង​នេះ​ទៅ​នឹង​ការ​រំឭក​​ថ្ងៃ​៧មករាឡើយ​។ លោកស្រី​បាន​​មាន​ប្រសាសន៍​ថា​ យើង​បាន​និយាយ​ពីបញ្ហា​នេះ​គ្រប់​គ្រាន់​អស់​​ហើយ”៕ សារុន (រាយ​ការណ៍​បន្ថែម​ដោយ Alex Willemyns និង វណ្ណ រើន)​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស