33 C
Phnom Penh

ភ្លុក​ដំរី​ទម្ងន់​បី​តោន​​រក្សាទុក​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ​នៅឡើយ ខណៈ​ការ​ស៊ើបអង្កេត​​ជាប់គាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈ​ពេល​ជាង​៧ខែ​បន្ទាប់ពី​អាជ្ញាធរ​​រឹបអូស​បាន​ភ្លុក​ដំរី​ទម្ងន់​៣តោន ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ និង​ដែល​ជា​​​ចំនួន​ច្រើន​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​​​​របស់​កម្ពុជា​ ការ​ស៊ើបអង្កេត​នៅ​តែ​ជាប់​គាំង​​ ខណៈ​ទំនិញ​ខុស​ច្បាប់​ទាំង​នេះ​ត្រូវ​បាន​រក្សាទុក​នៅ​កន្លែង​ជួស​ជុល​​​នាវា​។

លោក គិន លី ​ប្រធាន​នាយកដ្ឋាន​​គយ និង​រដ្ឋាករ​ នៃ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ក្រុម​ហ៊ុន​ដែល​បញ្ជូន​ទំនិញ​នេះ​​ មិន​បាន​ឆ្លើយ​តប​ការ​ទំនាក់ទំនង​របស់​នាយករដ្ឋាន​លោក​ទេ។ លោក​មាន​ប្រសាសន៍​ថា ​លោក​កំពុង​​រង់ចាំ​ការ​ណែនាំពី​​ថ្នាក់​លើ​របស់​លោក​ មុនពេល​បញ្ជូន​ករណី​នេះ​ទៅ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ។

លោក​មាន​ប្រសាសន៍​ទៀត​ថា “ក្រុម​ហ៊ុន​មិន​បាន​ឆ្លើយ​តប​ទេ ​​ដូច្នេះ​ហើយ​យើង​នឹង​បញ្ជូន​ករណី​នេះ​​​ទៅ​តុលាការ​ ដើម្បី​ស៊ើបអង្កេត​បន្ត​”។ លោក​បាន​បន្ថែម​ទៀត​ថា ករណី​នេះ​មិន​អាច​បញ្ជូន​ទៅ​តុលាការ​បានទេ រហូត​ទាល់​តែ​លោក​​ទទួល​​បាន​បទបញ្ជា​ពី​ក្រសួង​ហិរញ្ញវត្ថុ និង​អគ្គនាយកដ្ឋាន​​គយ និង​រដ្ឋាករ​ជាមុន​សិន​។

កាលពី​ខែ​ឧសភា លោក ប៊ុន ជីវ ប្រធាន​រដ្ឋបាល​នៅ​​កំពង់ផែ​ក្រុង​ព្រះសីហនុ បាន​មាន​ប្រសាសន៍​ថា កំណត់​ត្រា​ដឹកជញ្ជូន​បាន​បង្ហាញ​ថា កុងតឺន័រ​ចំនួន​ពីរ​ដែល​​ផ្ទុក​ភ្លុក​ដំរី​ទាំង​នេះ​ ត្រូវ​បាន​បញ្ជូន​ដោយ​ក្រុម​ហ៊ុន​ដឹកជញ្ជូន​មួយ​ឈ្មោះ​ថា Olair Worldwide Logistics។ នៅ​ពេល​នោះ តំណាង​ក្រុម​ហ៊ុន​នេះ​​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​​ប្រព្រឹត្ត​ខុសទេ​​ ហើយ​បាន​អះអាង​ថា ក្រុម​ហ៊ុន​មួយ​ទៀត​បាន​ប្រើ​ប្រាស់​ឈ្មោះ​របស់​ខ្លួន​ដើម្បី​បញ្ជា​ទិញ​ភ្លុក​ទាំង​នេះ។

ក្រុម​ហ៊ុន Olair Worldwide Logistics មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​​​កាលពី​ម្សិលមិញ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ ហើយ​លេខ​ទូរស័ព្ទ​របស់​ក្រុម​ហ៊ុន​នេះ​ក៏​ទំនាក់ទំនង​មិន​ចូល​​ដែរ។

លោក អ៊ូច អនុត្តរោ ប្រធាន​កិច្ច​ការ​ច្បាប់​នៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ក្នុង​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ករណីនេះ​​នឹង​ត្រូវ​បញ្ជូន​ទៅសាលា​ដំបូង​ខេត្តព្រះសីហនុ ” ឆាប់ៗ”។

លោក​បាន​មាន​ប្រសាសន៍​ថា ជោគ​វាសនា​ចុង​ក្រោយ​នៃ​ភ្លុក​ដំរី​ទាំង​នេះ ដែល​មាន​ប្រភព​ដើម​ចេញ​ពី​ប្រទេស​កេនយ៉ា និង​មក​ដល់​ឆ្នេរ​កម្ពុជា​​កាត់​តាម​ប្រទេស​ម៉ាឡេស៊ី អាច​នឹង​ត្រូវ​​សម្រេច​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ផ្ទាល់ នៅ​ពេល​សំណុំរឿង​តុលាការ​​​ឈាន​ដល់​ការ​​ធ្វើ​សេចក្ដី​សម្រេច​។

លោក​បាន​​បន្ត​ថា ” ជា​ដំបូង​យើង​នឹង​បញ្ជូនវា​ទៅ​តុលាការ​ ហើយ​បើ​យើង​​ទទួល​បាន​សេចក្ដី​សម្រេច​ពី​តុលាការ​ថា ភ្លុក​ទាំង​នេះ​ជា​ទ្រព្យ​សម្បត្តិ​របស់​​រដ្ឋ អគ្គនាយកដ្ឋាន​នឹង​បញ្ជូន​សំណើ​ទៅ​សម្ដេច​នាយករដ្ឋមន្ត្រី​ជា​អ្នក​សម្រេច​ថា ត្រូវ​បញ្ជូន​ទៅ​កន្លែង​ណា​”។

កាលពី​ម្សិលមិញ លោក អ៊ូច អនុត្តរោ បាន​បដិសេធ​មិន​​ធ្វើ​អត្ថាធិប្បាយ​ទេជុំវិញ​ការ​លើក​ឡើង​របស់​លោក​កាលពី​ខែ​សីហា​​ដែល​ថា ភ្លុក​ដំរី​ជាង​៥០០​​​ដែល​បច្ចុប្បន្ន​​ត្រូវ​បាន​មន្ត្រី​ប្រហែល​៣០​នាក់​យាម​កាម​នេះ​ អាច​នឹង​ដាក់​តាំង​​នៅ​ក្នុង​សារមន្ទីរជាតិ៕ សុខុម​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស