មន្ត្រីតុលាការម្នាក់បាននិយាយថា កាលពីម្សិលមិញសាលាដំបូងខេត្តពោធិ៍សាត់បានចោទប្រកាន់បុរសបីនាក់ពីបទប្រើអំពើហិង្សាដោយចេតនា ដោយជាប់ពាក់ព័ន្ធនៅក្នុងការវាយតប់គ្នារវាងក្រុមបដិបក្ខពីរក្រុម ដែលបានបណ្ដាលឲ្យអ្នកចូលរួមម្នាក់ស្លាប់។
ជនសង្ស័យទាំងបីនាក់នេះឈ្មោះ អាន រិទ្ធ អាយុ២០ឆ្នាំ ឡាត ឡុញ អាយុ៣៣ឆ្នាំ និង ឡេះ ពូ អាយុ២៥ឆ្នាំត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃច័ន្ទ បន្ទាប់ពី ចាន់ ភារ៉ា អាយុ២១ឆ្នាំ ត្រូវបានវាយរហូតដល់ស្លាប់នៅកន្លែងរាំអំឡុងបុណ្យដាលាន ក្នុងស្រុកក្រគរ កាលពីយប់ថ្ងៃ
អាទិត្យ។
លោក ពង្ស ច័ន្ទសុយុទ្ធារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានមានប្រសាសន៍កាលពីម្សិលមិញថា លោកបានចោទប្រកាន់ជនសង្ស័យទាំងនេះពីបទប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ លោក ច័ន្ទសុយុទ្ធារ៉ា បានបន្ថែមថា “យើងបានបញ្ជូនពួកគេទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្ត។ ពួកគេប្រឈមការជាប់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ”។
លោក កែវ សុគន្ធា ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា ជនសង្ស័យទាំងនេះបានសារភាពកាលពីថ្ងៃអង្គារចំពោះការសម្លាប់នោះ ដែលបានកើតឡើងបន្ទាប់ពីក្រុមមួយប្រដាប់ដោយអាវុធអំឡុងជម្លោះនោះ បណ្ដាលឲ្យក្រុមមួយទៀតរត់គេចខ្លួន។
ចាន់ ភារ៉ា ត្រូវបានក្រុមប្រដាប់ដោយអាវុធឡោមព័ទ្ធ ហើយកាប់ត្រូវមួយពូថៅចំក្បាលយ៉ាងដំណំបណ្ដាលឲ្យស្លាប់។
លោក សុគន្ធា បានមានប្រសាសន៍ថា “ពួកគេបានសារភាពថា ពួកគេពិតជាបានប្រព្រឹត្តអំពើនេះមែន ព្រោះពួកគេមិនពេញចិត្តនៅពេលបុរសទាំងនេះចូលក្នុងតំបន់របស់ខ្លួនដោយគ្មានការអនុញ្ញាត”។ លោកបានបន្ថែមថា នគរបាលកំពុងស្វែងរកជនសង្ស័យប្រាំនាក់ទៀត៕ សារុន