29 C
Phnom Penh

សមាជិក​សភា​គណបក្ស​ប្រឆាំង​សុំ​ឲ្យ​រដ្ឋ​មន្ត្រី​​ជួយ​ការ​ពារ​អ្នក​ភូមិ​ដែល​មាន​វិវាទ ​ដីធ្លី​​ក្នុង​ខេត្ត​កោះ​កុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ លោក អេង ឆៃអ៊ាង សមាជិក​​​សភា​​​គណបក្ស​​​ប្រឆាំង​​​បាន​​​សរសេរ​​​លិខិតមួយ​ច្បាប់​​​​ផ្ញើ​​​ជូន​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​បរិស្ថាន​​​ជំរុញ​​​ឲ្យ​​​រូប​​​លោក​​​ធានា​​​ថា សន្តិសុខ​​​ក្រុមហ៊ុន​​​ចិន​​​ដែល​​​សាង​​​សង់​​តំបន់​​​​ទេស​​​ចរណ៍​​​ដែល​​​ចំណាយ​​​ទឹក​​​ប្រាក់​​​៣,៨ពាន់​​​លាន​​​ដុល្លារ​​​នៅ​​​ក្នុង​​​ខេត្ត​​​កោះ​​​កុង​​​មិន​​​បណ្តេញ​​​អ្នក​​​ភូមិ​​​ប្រហែល​​​៣០​​​គ្រួសារ​​​ចេញ​ពី​​​ផ្ទះ​​​សំបែង​​​របស់​​​ពួកគាត់​​​នៅ​​​ក្នុង​​​តំបន់​​​នោះ​​​។

ក្រុម​​​ហ៊ុន Union Development Group (UDG) របស់​​​ចិន​​​បាន​​​បណ្តេញ​​​អ្នក​​​ភូមិ​​​ប្រហែល​​​១.០០០គ្រួសាររួច​​​​មក​​​ហើយ​​​ ចាប់​​​តាំង​​​ពី​​​ក្រុមហ៊ុននេះ​​​បាន​​​ចាប់​​​ផ្តើម​​​ធ្វើការ​សាង​​​សង់​​​កាល​​​ពី​​​​​ឆ្នាំ​​​២០១០​​​។

នៅ​​​ពេល​​​ក្រុម​​​ហ៊ុន​​​នេះ​​​បាន​​​ចាប់​​​ផ្តើម​​​ចាក់ដីលើ​ផ្លូវ​​​ធំ​​​ឆ្ពោះ​​​ទៅ​​​កាន់​ភូមិ​​​របស់​​​ក្រុម​​​អ្នក​​​ភូមិ​​​កាល​​​ពី​​​ចុង​​​ខែ​​​មុន​​​ ជា​​​ការ​​​ព្យាយាម​​​ច្បាស់​​​ក្រឡែត​​​ដើម្បី​​​បង្ខំ​​​ឲ្យ​​​ពួក​​​គាត់​​​ចាក​​​ចេញមក ​​​​​​​ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​ដាក់​​​របាំង​​​ផ្លូវ​​​បិទ​​​ផ្លូវ​​​សាធារណៈ​​​នៅក្បែរ​​​នោះ​​​ដើម្បីដាក់​​​សម្ពាធ​​​ឲ្យ​រដ្ឋាភិបាល​​រារាំង​​​​ក្រុមហ៊ុន​​​នេះ។

ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​ប៉ះ​​​ទង្គិច​​​គ្នា​រយៈ​​​ពេល​​​​​​ខ្លី​​​ជា​​​មួយ​​​សន្តិសុខ​​​ក្រុមហ៊ុន​​​ UDG កាល​​​ពី​​​ថ្ងៃ​​​ពុធ ដោយ​​​ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​គប់​​​គ្រាប់​​​បែក​​​សាំង​​​ដាក់​​​រថយន្ត​របស់​ក្រុម​​​ហ៊ុន​​​នេះ ហើយ​​​សន្តិសុខ​​​ទាំង​​​នោះ​​​បាន​​​គប់​​​ដំ​​​ុថ្ម។

កាល​​​ពី​​​រសៀល​​​ម្សិល​​​មិញ លោក អេង ឆៃ​​​អ៊ាង ដែល​​​ជា​​​ប្រធាន​​​គណៈកម្មការ​​​សិទ្ធិ​​​​​​មនុស្ស​​​រដ្ឋសភា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​លោក​​​នឹង​ផ្ញើ​​​លិខិត​​​ទៅ​​​លោក សាយ​​​ សំអាល់ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​បរិស្ថាន​​​នៅ​​​រសៀល​​​នោះ​ ដោយ​​​ជំរុញ​​​ឲ្យ​​​រូប​​​លោក​​​ការ​​​ពារ​​​ក្រុម​​​អ្នក​​​ភូមិ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ល្ងាច​​​នេះ​​​ខ្ញុំ​​​នឹង​​​ផ្ញើ​​​លិខិត​​​ទៅ ប្រធាន​​​រដ្ឋ​​​សភា ហើយ​​​លិខិត​​​នេះ​នឹង​​​ត្រូវ​​​បញ្ជូនបន្ត​​​​ទៅ​​​លោក​​​រដ្ឋ​​​មន្ត្រី​​​ សាយ សំអាល់ នៅ​​​សប្តាហ៍​​​ក្រោយ​​​។ ទី១ លិខិត​​​នេះ​​​នឹង​​​សុំឲ្យ​​​លោក សាយ​​​ សំអាល់ ពិនិត្យ​​​មើល​​​សកម្មភាព​​​របស់​​​ក្រុម​​​ហ៊ុននេះ​​​​​​ក្នុង​ការ​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​ដោយ​​​​​​សន្តិវិធី​​​ ហើយ​​​ទី​​​២​​​ រារាំងក្រុមហ៊ុន​​​កុំ​​​ឲ្យ​​​ប្រើ​​​កម្លាំង​​​សន្តិសុខ​​​គាប​​​​សង្កត់​​​ និង​​​បណ្តេញ​​​ក្រុម​​​អ្នក​ភូមិ​ចេញ។

លោក អេង ឆៃអ៊ាង មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បញ្ជាក់​​​បាន​​​ទេ​​​កាល​​​ពីល្ងាច​​​ម្សិលមិញ ប៉ុន្តែ លោក ជា​​​ ប៉ូច សមាជិក​​​សភា​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ដែល​​​ជា​​​សមាជិក​​​គណៈកម្មការ​​​សិទ្ធិ​​​មនុស្ស​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លិខិត​​​នេះ​​​ត្រូវ​​​បាន​​​ផ្ញើ​​​ទៅហើយ​​​។

កាល​​​ពី​​​ថ្ងៃ​​​ពុធ លោក សាយ សំអាល់ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នឹង​​​បញ្ជូន​​​គណៈប្រតិភូ​​​ទៅ​​​ខេត្ត​​​កោះ​​​កុង​​​ដើម្បី​​​សើុប​​​អង្កេត​​​វិវាទ​​​នេះ​​​ ប៉ុន្តែ លោក​​​មិន​​​បាន​និយាយ​​​ថា តើ​​​ក្រុម​​​នេះ​​​នឹង​​​ធ្វើ​​​ដំណើរ​​​ទៅ​​​នៅ​​​ពេល​​​ណា​​​នោះ​​​ឡើយ​​​។

គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​លោក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ។ លោក សៅ សុភាព ប្រធាន​​​ខុទ្ទកាល័យ​​​របស់​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មិន​​​ទាន់​​​មាន​​​ការ​​​កំណត់​​​កាល​​​បរិច្ឆេទ​​​ធ្វើ​​​ដំណើរ​​​សម្រាប់​​​ក្រុម​​​នេះ​​​នៅ​​​ឡើយ​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “លោក​​​រដ្ឋ​​​មន្ត្រី​​​មិន​​​ទាន់​​​បាន​​​សម្រេច​​​នៅ​​​ឡើយទេ ពីព្រោះ​​​យើង​រង់​​​ចាំ​​​សាក​សួរ​អ្នក​​​ជំនាញ​​​របស់​ក្រសួង​​​​​​ថា តើ​​​ក្រុម​​​ហ៊ុន​​​នេះបាន​​​​យក​​​ដី​​​ទៅ​​​ចាក់​​​បិទ​​​ផ្លូវ​​​ដោយ​​​ចេតនាមែន​​​​ឬយ៉ាង​​​ណា”។

លោក សុភាព បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រសិនបើ​​​ក្រសួង​​​រក​​​ឃើញ​​​ថា ក្រុម​​​ហ៊ុន​​​ UDG ពិត​​​ជា​​​បាន​​​ធ្វើ​​​ដូច្នេះ​​​មែន រដ្ឋាភិបាល​​​​​​នឹង​​​​​ “ចាត់​​​វិធានការភ្លាម” ​​​ ប៉ុន្តែ លោក​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​លម្អិត​​​ឡើយ​​​​៕សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស