31 C
Phnom Penh

មនុស្ស​​​ជាង​​​៦០​​​នាក់​​​នាំ​​​គ្នា​​​ប្រើ​​​អំពើ​​​ហិង្សា​​​នៅ​​​ខាងក្រៅ​​​ផែ​​​ស្ងួត​​​មួយ បន្ទាប់​​​ពី​​​​​​មនុស្ស​​​ម្នាក់​​​បាន​​​ស្លាប់​​​ដោយ​​​សារ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​បាន​​​ឲ្យដ​​​ឹង​​​កាល​​​ពីម្សិលមិញ​​​ថា មនុស្ស​​​ជាង​​​៦០​​​នាក់​​​បាន​​​នាំ​​​គ្នា​​​បង្ក​​​អំពើ​​​ហិង្សា​​​នៅ​​​ខាង​​​មុខ​​​ផែ​​​ស្ងួត​​​របស់​​​ក្រុមហ៊ុន​​​ដឹក​​​ជញ្ជូន​​​មួយ​​​ក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ពុធ បន្ទាប់​​​ពី​​​រថយន្ត​​​កុងទឺន័រ​​​របស់​​​ក្រុមហ៊ុន​​​នេះ​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ហេតុ​​​ការណ៍​​​គ្រោះថ្នាក់​​​ចរាចរណ៍ ដែល​​​បណ្តាល​​​ឲ្យ​​​មាន​​​មនុស្ស​​​ស្លាប់​​​។

​​​លោក ហេង កុសល នាយ​​​ប៉ុស្តិ៍​​​នគរ​​​បាល​​​សង្កាត់​​​ចោម​​​ចៅ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា នៅ​​​ម៉ោង​​​ប្រហែល​​​៥ល្ងាច​​​ កាល​​​ពី​​​ថ្ងៃ​​​ពុធ ក្បាល​​​កុង​​​ទឺន័រ​​​ដែល​​​បើក​​​បរ​​​ដោយ​​​បុគ្គលិក​​​ម្នាក់​​​របស់​​​ក្រុមហ៊ុន​​​ អាហរ័ណនីហរ័ណ​​​ តិច ស្រ៊ុន និង​​​ផែស្ងួត នៅ​​​ក្នុង​​​សង្កាត់​​​ចោម​​​ចៅ​​​បាន​​​បទ​​​ស្តាំ​​​សំដៅ​​​ចូល​​​ទៅ​​​ក្នុង​​​ផែ​​​ស្ងួតដែលស្ថិត​​​នៅ​​​​​​តាម​បណ្តោយ​​​​​ផ្លូវ​​​ជាតិ​​​លេខ​​​៤។

​​​​​​​​​លោក​​​ ហេង កុសល បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ពេល​​​ក្បាល​​​កុងទឺន័រ​​​បត់​​​ស្តាំ​​​ ម៉ូតូ​​​មួយ​​​គ្រឿង​​​បាន​​​បុក​​​ទៅ​​​នឹង​​​ផ្នែក​​​ខាង​​​ស្តាំ​​​របស់​​​ក្បាល​​​កុងទឺន័រ​​​នេះ​​​”។

អ្នកស្រី ទឹម សុលក្ខិណា អា​​យុ​​​២០​​​ឆ្នាំ ជា​​​អ្នក​​​បើក​​​បរ​​​ម៉ូត​​ូ​​​បាន​​​ខ្ទាត​​​ទៅ​​​ចិញ្ចើម​​​ផ្លូវ​​​ ហើយ​​​បោក​​​ក្បាល​​​នឹង​​​ថ្ម​​​រួច​​​ស្លាប់​​​ភ្លាមៗ។

លោក ហេង កុសល បាន​​​លើក​​​ឡើង​​​បន្ត​​​ថា កូន​​​ប្រុស​​​អាយុ​​​២​​​ឆ្នាំ​​​របស់​​​អ្នកស្រី សុលក្ខិណា និង​​​​​​ស្ត្រី​​​អ្នក​​​ដំណើរ​​​ម្នាក់​​​ទៀត​​​អាយុ​​​២០​​​ឆ្នាំ ដែល​​​គេ​​​មិន​​​ស្គាល់​​​អត្ត​​​សញ្ញាណ ក៏​​​រង​​​របួស​​​ដែរ​​​។ លោក​​​បាន​​​បន្ថែម​​​ថា ស្ត្រី​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​សុទ្ធ​​​តែ​​​ជា​​​កម្មការិនី​​​កាត់​​​ដេរ​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​​​​។ បន្ទាប់​​​មក​​​ អ្នក​​​បើក​​​បរ​​​កុងទឺន័រ​​​បាន​​​ចត​​​ក្បាល​​​កុង​​​ទឺន័រ​​​នេះ​​​នៅ​​​ក្នុង​​​បរិវេណ​​​ផែ​​​ស្ងួត​​​ រួច​​​គេច​​​ខ្លួន​​​បាត់​​​។

លោក​​​​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា នៅ​​​ម៉ោង​​​ប្រហែល​​​៧ល្ងាច​​​ មនុស្ស​​​ជាង​​​៦០​​​នាក់​​​បាន​​​នាំ​​​គ្នាយក​​​សព្វ​​​របស់​​​អ្នក​​​ស្រី សុលក្ខិណា ដាក់​​​នៅ​​​ខាង​​​មុខ​​​ខ្លោង​​​ទ្វារ​​​ចូល​​​​​​​​​ផែ​​​ស្ងួត​​​ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​តំណាង​​​ក្រុមហ៊ុន​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ហេតុ​​​ការ​​​ណ៍​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​នេះ ខណៈ​​​ក្មេង​​​ប្រុស​​​ និង​​​ស្ត្រី​​​ដែល​​​រង​​​របួស​​​ត្រូវ​​​បាន​​បញ្ជូន​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​ព្រះ​​​កុសមៈ។

នៅ​​​ពេល​​​គ្មាន​​​នរណា​​​ចេញ​​​មក​​​ ក្រុម​​​មនុស្ស​​​ទាំង​​​នេះ​​​បាន​​​ចាប់​​​ផ្តើម​​​គប់​​​ដុំ​​​​​​ថ្ម ហើយ​​​មន្ត្រី​​​​​​នគរ​​​បាល​​​ត្រូវ​​​បាន​​​​​​ហៅ​​​ឲ្យ​​​មក​​​កន្លែង​​​កើត​​​ហេតុ​​​នេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មាន​​​មន្ត្រី​​​នគរ​​​បាល​​​ពីរ​​​បី​​​នាក់​​​មក​​​ ប៉ុន្តែ ក្រុម​​​មនុស្ស​​​ពោរ​​​ពេញ​​​ទៅ​​​ដោយ​​​កំហឹង​​​មាន​​​ដល់​​​ទៅ​​​៦០​​​នាក់​​​ឯណោះ​​​ ហេតុ​​​ដូច្នេះ​​​យើង​​​មិន​​​អាច​​​រារាំង​​​ពួក​​​គេ​​​កុំ ឲ្យ​​​ប្រើ​​​​​​អំពើ​​​ហិង្សា​​​បាន​​​នោះ​​​​​​ទេ​​​​​​”។

លោក តាំង​​​ អាន នាយការិយាល័យ​​​នគរ​​​បាល​​​ចរាចរ​​​រាជធានី​​​ដែល​​​បាន​​​មក​​​ដល់​​​កន្លែង​​​កើត​​​ហេតុ​​​ដើម្បី ត្រួត​​​ពិនិត្យ​​ហេតុការណ៍​​​គ្រោះ​​​​​​ថ្នាក់​​​ចរាចរណ៍​​​​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា មន្ត្រី​​​នគរ​​​បាល​​​ខណ្ឌ​​​ម្នាក់​​​បាន​​​រង​​​របួសស្រាល​​​ ហើយ​​​ថា​​​ រថយន្ត​​​នគរ​​​បាល​​​ចំនួន​​​ពីរ​​​គ្រឿង​​​បាន​​​រង​​​ការ​​​ខូច​​​ខាត​​​ដោយសារ​​​ការ​​​គប់ដុំ​​​ថ្ម។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អំពើ​​​ហិង្សា​​​កើត​​​ឡើង​​​ព្រោះ​​​​​​គ្មាន​​​នរណា​​​ស្តាប់​​​យើង​​​”។ លោក​​​បាន​​​បន្ថែម​​​ថា គ្មាន​​​ការ​​​ចាប់ខ្លួន​​​នរណា​​​ម្នាក់​​​ឡើយ​​​។

លោក តាំង អាន បាន​​​លើក​​​ឡើង​​​ទៀត​​​ថា នគរ​​​បាល​​​នៅ​​​តែ​​​ព្យាយាម​​​​​​ដើម្បី​​​កំណត់​​​ថា តើ​​​នរណា​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ហេតុការណ៍​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​នេះ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា “យើង​​​មិន​​​ច្បាស់​​​ទេ​​​ថា តើ​​​នរណា​​​ខុស​​​ នរណា​​​ត្រូវ​​​”។

លោក​​​ ប៊ុន សុធា អ្នក​​​គ្រប់​​​គ្រង​​​ផែ​​​ស្ងួត​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ក្រុមហ៊ុន​​​យល់​​​ព្រម​​​ផ្តល់​​​ប្រាក់​​​សំណង​​​ដល់​​​គ្រួសារ​​​របស់​​​អ្នកស្រី សុលក្ខិណា។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​​​​”យើង​​​នឹង​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ហេតុ​​​ការណ៍​​​នេះ។ ក្រុមហ៊ុន​​​ធានា​​​រ៉ាប់រង​​​កំពុង​​​ចរចា​​​ប្រាក់​​​សំណង​​​ជាមួយ​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​​​​ហើយ​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា លោក សុធា បាន​​​បដិសេធ​​​មិន​​​ប្រាប់​​​ពីអត្តសញ្ញាណ​​​របស់​​​អ្នក​​​បើក​​​បរ​​​កុងទឺន័រ​​​នោះ​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “បន្ទាប់​​​ពី​​​កើត​​​ហេតុ​​​រួច​​​ គាត់​​​បាន​​​បើក​​​រថយន្ត​​​ចូល​​​ក្នុង​​​ផែ​​​ស្ងួត​​​មុន​​​ពេល​​​រត់​​​គេ​​ច​​​ខ្លួន​​​បាត់​​​។ ខ្ញុំ​​​មិន​​​ដឹង​​​ថា គាត់​​​រត់​​​ទៅ​​​ទី​​​ណា​​​នោះ​​​ទេ​​​”។

លោក សុធា បាន​​​លើក​​​​​​ឡើង​​​ទៀត​​​ថា ក្រុម​​​មនុស្ស​​​នៅ​​​ខាង​​​ក្រៅ​​​ផែ​​​ស្ងួត​​​បាន​​​បំផ្លិច​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិក្រុម​​​ហ៊ុន​​​ដោយ​​​គប់​​​ដុំ​​​ថ្ម និង​​​យក​​​សាំង​​​ដុត​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អ្នក​​​តវ៉ា​​​បាន​​​ដុត​​​ប៉ុស្តិ៍​​​យាម​​​របស់​​​យើង​​​ ហើយ​​​បាន​​​បំផ្លាញ​​​ប្រអប់​​​ភ្លើង​​​ដោយ​​​ធ្វើ​​​ឲ្យ​​​ក្រុមហ៊ុន​​​របស់​​​យើង​​​ងងឹត​​​ពេញ​​​មួយ​​​យប់។ យើង​​​នឹង​​​មិន​​​ដាក់​​​ពាក្យ​​​ប្តឹង​​​ពួកគេ​​​ឡើយ​​​ ព្រោះ​​​យើង​​​មិន​​​ចង់​​​មាន​​​​​​បញ្ហា​​​ណា​​​មួយ​​​បន្ថែម​​​ទៀត​​​​​​ឡើយ​​​”៕ស៊ុយ​​​ឈាង​​​

​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស