26 C
Phnom Penh

និស្សិត​​​ពេទ្យ​​​នាំ​​​គ្នា​​​តវ៉ា​​​ទាមទារ​​​ឲ្យ​​​មាន​​​ការ​​​បញ្ចុះ​​​ថ្លៃ​​​បង់​​​សម្រាប់​​​ការ​​​ប្រឡង​​​ចេញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

និស្សិត​​​ពេទ្យ​​​ប្រហែល​​​៥០​​​នាក់​​​ មក​​​ពី​​​សាកលវិទ្យាល័យ​​​វិទ្យាសាស្ត្រ​​​សុខាភិបាល​​​​​​គ្រប់គ្រង​​​ដោយ​​​រដ្ឋ​​​បាន​​​នាំ​​​គ្នា​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​សាលា​​​ពេទ្យ​​​នេះ​​​កាល​​​ពីម្សិលមិញ ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​មានការ​​​បញ្ចុះ​​​ថ្លៃ​​​​​​បង់​​​សម្រាប់​​​ការ​​​ប្រឡង​​​ចេញ ដែល​​​ពួក​​​គេ​​​សព្វ​​​ថ្ងៃ​​​ត្រូវ​​​បង់​​​១២៥​​​ដុល្លារ​​​នោះ​​​។

ក្រសួង​​​សុខាភិបាល​​​​​បាន​​​ចាប់​​​ផ្តើម​​​ឲ្យ​​​និស្សិត​​​ពេទ្យ​​​មានការ​​​ប្រឡង​​​ចេញ​​​ជា​​​លើក​​​ដំបូង​​​កាល​​​ពី​​​ខែ​​​មេសា​​​ឆ្នាំ​​​២០១៤​​​ ជា​​​ផ្នែក​​​នៃ​​​ការ​​​ខិត​​​ខំប្រឹង​​​ប្រែង​​​មួយ​​​ដើម្បី​​​ធ្វើ​​​កំណែទម្រង់​​​វិស័យ​​​សុខាភិបាល​​​នៅ​​​កម្ពុជា​​​។

លោក ឆុង រស្មី និស្សិត​​​ពេទ្យ​​​ឆ្នាំ​​​ទី​​​៨ ដែល​​​កំពុង​​​ត្រៀម​​​ខ្លួន​​​​​​ប្រឡង​​​ចេញ​​​ដើម្បី​​​ក្លាយ​​​​ជា​​​គ្រូ​​​ពេទ្យ​​​​​​​​​ព្យាបាល​​​ជំងឺ​​​ទូទៅ​​​បាន​​​លើក​​​ឡើង​​​ថា អ្នក​​​ដែល​​​មិនទាន់​​​ប្រឡង​​​ចេញ​​​មិន​​​សប្បាយ​​​ចិត្ត​​​ឡើយ​​​ ព្រោះ​​​ថា ពួក​​​គេ​​​ត្រូវ​​​បង់​​​ថ្លៃ​​​ប្រឡង​​​ដែល​​​ខ្ពស់​​​បែប​​​នេះ​​​ ដើម្បី​​​ក្លាយ​​​ជា​​​គ្រូពេទ្យ​​​ ហើយ​​​​​​ឥឡូវ​​​កំពុង​​​តែ​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​បញ្ចុះ​​​ថ្លៃ​​​​​​ចុះ​​​មក​​​ត្រឹម​​​៧៥​​​ដុល្លារ​​​។

លោក​​​បាន​​​និយាយ​​​ថា “ប្រសិនបើ​​​ក្រសួង​​​សុខាភិបាល​​​ និង​​​រដ្ឋាភិបាល​​​ចង់​​​ធ្វើ​​​ឲ្យ​​​វិស័យ​​​សុខាភិបាល​​​មាន​​​គុណ​​​ភាព​​​ ពួកគេ​​​ត្រូវ​​​តែ​​​ប្រើ​​​ប្រាស់​​​ថវិកា​​​ជាតិ​​​មក​​​គាំទ្រ​​​វិស័យ​​​នេះ​​​។ ពួក​​​គេ​​​មិន​​​ត្រូវ​​​ប្រមូល​​​ប្រាក់​​​ពី​​​យើង​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​ការ​​​អប់​​​រំ​​​របស់​​​យើង​​​បាន​​​ប្រសើរ​​​នោះ​​​ឡើយ​​​”។

លោក ហេង តៃគ្រី រដ្ឋលេខាធិការ​​​ក្រសួង​​​សុខាភិបាល​​​ និង​​​ជា​​​ប្រធាន​​​ក្រុមប្រឹក្សា​​​វេជ្ជ​​​សាស្ត្រ​​​កម្ពុជា​​​​​​បាន​​​បដិសេធ​​​មិន​​​​​​ធ្វើ​​​អត្ថាធិប្បាយ​​​លើ​​​បញ្ហា​​​នេះ​​​ឡើយ​​​។

លោក​​​ រស្មី ដែល​​​មាន​​​អាយុ​​​២៨​​​ឆ្នាំ​​​បាន​​​លើក​​​​​​ឡើង​​​ទៀត​​​ថា អ្នក​​​ដែល​​​កំពុង​​​សិក្សា​​​ដើម្បី​​​ក្លាយ​​​ជា​​​គ្រូពេទ្យ​​​ព្យាបាល​​​ជំងឺ​​​ទូទៅ​​​បាន​​​ចំណាយ​​​ប្រាក់​​​ប្រហែល​​​១.០០០ដុល្លារ​​​ក្នុង​​​មួយ​​​ឆ្នាំ​​​សម្រាប់​​​បង់​​​ថ្លៃ​​​សាលា​​​ ហើយ​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​មក​​​វិញ​​​ទាប​​​នៅ​​​ពេល​​​ពួក​​​គេ​​​បញ្ចប់​​​ការ​​​សិក្សា ដែល​​​ជា​​​ហេតុ​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​​​​ត្រូវ​​​ប្រមូល​​​ប្រាក់​​​មក​​​វិញ​​​ឲ្យ​​​ស័ក្តិសម​​​​​​នឹង​​​អ្វី​​​ដែល​​​ពួក​​​គេ​​​បាន​​​ចំណាយ​​​តាម​​​រយៈ​​​ការ​​​ប្រព្រឹត្តិ​​​អំពើ​​​ពុក​​​រលួយ។ លោក​​​បាន​​​និយាយ​​​ថា “គ្រូពេទ្យ​​​នឹង​​​ក្បត់​​​ឧត្តម​​​គតិ​​​របស់​​​ខ្លួន​​​​​​ ព្រោះ​​​ពួក​​​គេ​​​បាន​​​ចំណាយ​​​ពេល​​​វេលា​​​យូរ​​​ក្នុង​​​ការ​​​សិក្សា​​​ ហើយ​​​ក៏​​​ចំណាយ​​​ប្រាក់​​​អស់​​​ច្រើន​​​ដែរ​​​។ នៅ​​​ពេល​​​ប្រឡង​​​ចេញ​​​រួច​​​​​​ ​​ខ្ញុំ​​​នឹង​​​ប្រមូល​​​ប្រាក់​​​នោះ​​​ត្រឡប់​​​មក​​​វិញ​​​”។

លោក អឹុង ព្រហស្បតិ៍ ប្រធាន​​​ស្តីទី​​​នៃ​​​គណៈកម្មការ​​​សុខភាព​​​កម្ពុជា ជា​​​អង្គការ​​​ធ្វើ​​​ការ​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​វិស័យ​​​សុខាភិបាល​​​មាន​​​ភាព​​​ប្រសើរ​​​ឡើង​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ប្រឡង​​​ចេញ​​​ចាំ​​​បាច់​​​ត្រូវ​​​តែ​​​​​​ធានា​​​ឲ្យ​​​បាន​​​ថា ​​​​​​និស្សិត​​​ពេទ្យ​​​​​​ដែល​​​​​​ប្រឡង​​​ចេញ​​​ទៅ​​​​​​មាន​​​ចំណេះ​​​​​​ដឹង​​​​​​ប្រកប​​​ដោយ​​​ស្តង់​​​ដារ​​​ខ្ពស់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​ការ​​​ប្រឡង​​​​​​មាន​​​ការ​​​រៀប​​​ចំ​​​ត្រឹម​​​ត្រូវ​​​ នោះ​​​គឺ​​​ជា​​​រឿង​​​ល្អ​​​។ ប៉ុន្តែ ប្រសិនបើ​​​និស្សិត​​​ផ្តល់​​​ប្រាក់​​​សំណូក​​​ដើម្បីប្រឡង​​​ជាប់ នោះ​​​គឺ​​​ជា​​​គុណវិបត្តិ​​”។

លោក អឹុង ព្រហស្បតិ៍ បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា ប្រសិន​​​បើ​​​ថ្លៃ​​​បង់​​​សម្រាប់​​​ការ​​​ប្រឡង​​​ចេញ​​​ប្រមាណ​​​១២៥​​​ដុល្លារ​​​នេះ​​​ ត្រូវ​​​បាន​​​យក​​​ទៅ​​​បន្ថែម​​​ពី​​​លើ​​​ប្រាក់ខែ​​​សម្រាប់​​​បុគ្គលិក​​​នៅ​​​សាលា​​​ពេទ្យ​​​នេះ​​​វិញ អ៊ីចឹង​​​វា​​​ប្រហែល​​​ជា​​​អាច​​​ធានា​​​បាន​​​ថា គ្រូពេទ្យ​​​នឹង​​​មិន​​​យក​​​សំណូក​​​​​​​​​ដើម្បី​​​ជួយ​​​ឲ្យ​​​និស្សិត​​​ប្រឡង​​​ជាប់​​​ឡើយ​​​។

និស្សិត​​​ពេទ្យ​​​ដែល​​​នាំ​​​គ្នា​​​តវ៉ា​​​កាល​​​ពីម្សិលមិញ ក៏​​​ទាម​​​ទារ​​​ឲ្យ​​​មានការ​​​ដំឡើង​​​​​​​​​អាយុ​​​សម្រាប់​​​​​​អ្នក​​​ដែល​​​មាន​​​បំណង​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​មន្ទីរ​​​ពេទ្យ​​​របស់​​​រដ្ឋ​​​ផង​​​ដែរ​​​។

បច្ចុប្បន្ន​​​ គ្រូពេទ្យ​​​ដែល​​​ប្រឡង​​​ចេញ​​​មិន​​​អាច​​​ដាក់​​​ពាក្យ​​​ទៅ​​​បម្រើ​​​ការ​​​តាម​​​មន្ទីរ​​​ពេទ្យ​​​រដ្ឋ​​​បាន​​​ទេ ប្រសិនបើ​​​ពួក​​​គេ​​​មាន​​​អាយុ​​​លើស​​​ពី​​​៣០​​​ឆ្នាំ។ និស្សិត​​​ពេទ្យ​​​ទាំង​​​នេះ​​​ចង់​​​ឲ្យមាន​​​ការ​​​ដំឡើង​​​អាយុ​​​ដល់​​​៣៥​​​ឆ្នាំ​​​។ លោក​​​ អឹុង ព្រហស្បតិ៍ បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​ដែល​​​ដឹង​​​អំពី​​​មូល​​​ហេតុ​​​នៅ​​​ពី​​​ក្រោយ​​​បញ្ហា​​​នេះ​​​ឡើយ​​​។ វា​​​គួរ​​​តែ​​​មាន​​​ការ​​​ដំឡើង​​​អាយុ​​​ដល់​​​យ៉ាង​​​តិច​​​៤០​​​ឆ្នាំ​​​”៕ស៊ុយឈាង (រាយការណ៍បន្ថែម​​​ដោយ​​​ Alex Consiglio)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស