អាជ្ញាធរអប្សរាបានទទួលស្គាល់កាលពីថ្ងៃព្រហស្បតិ៍ថា ប្រាក់រាប់លានដុល្លារដែលខ្លួនបានទទួលជាថ្នូរនឹងដីដែលជួលឲ្យពាណិជ្ជករ សុខ គង់ សម្រាប់សង់សណ្ឋាគារនៅជិតឧទ្យានបុរាណអង្គរ មិនទាន់ត្រូវបានបង់ទៅឲ្យក្រសួងហរិញ្ញវត្ថុនៅឡើយទេ ដោយសារ “បញ្ហាបច្ចេកទេសទូទាត់គណនេយ្យ”។
សមាជិកសភាគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ កាលពីខែមុនបានចោទអាជ្ញាធរនេះពីបទកេងបន្លំប្រាក់រាប់លានដុល្លារ ដែលប្រមូលបានពីការលក់សំបុត្រចូលទស្សនាអង្គរ ព្រមទាំងការជួលមិនប្រក្រតីនូវដីធ្លីដ៏មានតម្លៃនេះទៅឲ្យលោក សុខ គង់ ក្នុងតម្លៃថោក ដែលមិនទាន់បានបង់នេះ។
លោក សុន ឆ័យ បានមានប្រសាសន៍ថា ផ្ទៃដីទំហំ២៦ហិកតានៅបុរីវប្បធម៌ និងទេសចរណ៍ខេត្តសៀមរាប ត្រូវបានជួលសម្រាប់រយៈពេល៧០ឆ្នាំទៅឲ្យក្រុមហ៊ុនលោក សុខ គង់ ក្នុងតម្លៃ៩លានដុល្លារ ជាតួលេខដែលលោកបានពណ៌នាថាជា”ចំនួនលុយតិចតួចណាស់”។ លោកក៏បានមានប្រសាសន៍ដែរថា ចំនួនលុយនេះមិនទាន់ត្រូវបានបង់នៅឡើយទេ។
ក្នុងសេចក្តីបំភ្លឺដែលចុះហត្ថលេខាដោយលោក ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរជាតិអប្សរា អាជ្ញាធរអប្សរាបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន Sokha Hotels Group របស់លោក សុខ គង់ តាមពិតទៅ បានបង់ប្រាក់ឈ្នួលដីនេះហើយ ប៉ុន្តែថា អាជ្ញាធរនេះខ្លួនឯងមិនបានបញ្ជូនប្រាក់នោះទៅរដ្ឋាភិបាល។
សេចក្តីបំភ្លឺបានឲ្យដឹងថា “ប្រាក់ឈ្នួលដី ដែលមិនទាន់បានបង់ចូលថវិកាជាតិនោះ ពុំមានបាត់បង់បន្តិចណាឡើយ គឺគ្រាន់តែជាបញ្ហាបច្ចេកទេសទូទាត់គណនេយ្យ ទឹកប្រាក់នេះ នឹងប្រាកដជាបង់ចូលថវិកាជាតិនៅពេលក្រោយ”។
សេចក្តីបំភ្លឺរបស់អាជ្ញាធរអប្សារាមិនបានពន្យល់ថា បច្ចុប្បន្នប្រាក់នោះនៅទីណាទេ ហើយក៏មិនបញ្ជាក់ថាថ្លៃឈ្នួលមានទឹកប្រាក់ប៉ុន្មានដែរ។ លោក សុន ឆ័យ បានមានប្រសាសន៍កាលពីខែមុនថា លោក ប៊ុន ណារិទ្ធ បានប្រាប់លោកថា ថ្លៃឈ្នួលគឺ៩លានដុល្លារ។
យ៉ាងណាក៏ដោយ សេចក្តីបំភ្លឺនេះបដិសេធការអះអាងរបស់លោក សុន ឆ័យ ដែលថាដីនោះត្រូវបានជួលទៅឲ្យលោក សុខ គង់ ក្នុងតម្លៃថោក ដោយសារទំនាក់ទំនងរបស់គាត់នឹងឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលទទួលខុសត្រូវអាជ្ញាធរអប្សរា។
អាជ្ញាធរអប្សរាបាននិយាយថា “ការជួលដីនេះទៀតសោតពុំមែនប្រព្រឹត្ត ឡើងក្នុងលក្ខណៈសម្ងាត់ លាក់លៀម និងគ្មានការចូលរួមពីស្ថាប័នដទៃឡើយ ពីព្រោះយើងបានធ្វើការផ្សព្វផ្សាយជាសាធារណៈ ជាលក្ខណៈជាតិ និងអន្តរជាតិ ជាពិសេសគឺមានការជ្រោមជ្រែងពីអង្គការ យូណេស្កូ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង រីឯការកំណត់ថ្លៃជួលដីទៀតសោត ក៏មានការចូលរួមពីអ្នកជំនាញការអចលនទ្រព្យអន្តរជាតិដែរ “។
លោក ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរជាតិអប្សរា មិនអាចទាក់ទងបានទេកាលពីថ្ងៃព្រហស្បតិ៍។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា លោកយល់ថា បញ្ហានេះត្រូវបានដោះស្រាយហើយ។
លោកបានមានប្រសាសន៍ថា “យើងបានធ្វើការបំភ្លឺជាលាយលក្ខណ៍អក្សររួចហើយ ប្រសិនបើគាត់មិនទទួលយកទេ គឺស្រេចតែគាត់”។
លោក សុខ គង់ ដែលជាជនជាតិវៀតណាម ប៉ុន្តែកើតនៅក្នុងប្រទេសកម្ពុជា រកស៊ីមានបានលេចមុខល្បីល្បាញអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ដោយប្រកបមុខជំនួញនាំចេញនាំចូលទៅមករវាងប្រទេសកម្ពុជានិងប្រទេសវៀតណាម៕មានិត