34 C
Phnom Penh

អតីត​​​ព្រះ​​​សង្ឃ​​​កម្ពុជា​​​ក្រោម​​​បី​​​នាក់​​​​​​ត្រូវ​​​សាលា​​​ឧទ្ធរណ៍​​​សម្រេច​​​ច្រាន​​​ចោល​​​សំណើ​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​​​ព្រះ​​​សង្ឃ​​​ខ្មែរ​​​ក្រោម​​​បី​​​អង្គ​​​ដែល​​​​​​ត្រូវ​​​បាន​​​អាជ្ញាធរ​​​ចាប់​​​ផ្សឹក​​​​​​​​​ដាក់​​​ពន្ធនាគារ​​​អំឡុង​​​ពេល​​​ចាប់​​​ខ្លួន​​​​​​សកម្ម​​​ជន​​​ និង​​​ឥស្សរជន​​​គណបក្ស​​​ប្រឆាំង​​​ជា​​​បន្ត​​​បន្ទាប់​​​កាល​​​ពី​​​ចុង​​​ឆ្នាំ​​​មុន​​​ ត្រូវ​​​បាន​​​សាលា​​​​​​ឧទ្ធរណ៍​​​សម្រេច​​​ច្រាន​​​ចោល​​​សំណើ​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ខណៈ​​​អ្នក​​​គាំទ្រ​​​ពួក​​​គេ​​​រាប់​​​រយ​​​​​នាក់​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​តុលាការ​​​​​ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​ដោះ​​​លែង​​​ពួក​​​គេ​​​។cam-front-photo

អន្ទិត​​​ សឿង ហៃ អាយុ​​​២៨​​​ឆ្នាំ ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១១​​​ ខែ​​​វិច្ឆិកា អំឡុង​​​ពេល​​​តវ៉ា​​​​​​ដោយ​​​សន្តិវិធី​​​មួយ​​​​​​​​​នៅ​​​ខាង​​​ក្រៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ប្រឆាំង​​​ការ​​​ចាប់​​​ខ្លួន​​​ស្ត្រី​​​សកម្ម​​​ជន​​​ដី​​​ធ្លី​​​ប្រាំ​​​ពីរ​​​នាក់​​​​​​មក​​​ពី​​​តំបន់​​​បឹង​​​កក់​​​ រាជ​​​ធានី​​​ភ្នំពេញ​​​។ រួម​​​ជា​​​មួយ​​​អ្នក​​​ត​​​វ៉ា​​​បី​​​នាក់​​​ទៀត​​​ គាត់​​​ត្រូវ​​​បាន​​​តុលាការ​​​ផ្តន្ទា​​​ទោស​​​នៅ​​​ថ្ងៃ​​​បន្ទាប់​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​ ពី​​​បទ​​​រារាំង​​​មន្ត្រី​​​សាធារណៈ។

នៅ​​​ក្នុង​​​ហេតុ​​​ការណ៍​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១២​​​ ខែ​​​វិច្ឆិកា​​​ អន្ទិត​​​ ឃិត​​​ វណ្ណៈ អាយុ​​​២៦​​​ឆ្នាំ និង​​​អន្ទិត សាង កុសល អាយុ​​​១៩​​​ឆ្នាំ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​និង​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ “ចូល​​​រួម​​​ជា​​​មួយ​​​អង្គការ​​​ឧក្រិដ្ឋ​​​កម្ម​​​” ដោយ​​​សារ​​​តែ​​​​​​ការ​​​យួរ​​​បាវ​​​ដង​​​ទង់​​​ជាតិ​​​ និង​​​ព្យាយាម​​​ចូល​​​រួម​​​ជាមួយ​​​អ្នក​​​ភូមិ​​​មក​​​ពី​​​ខេត្ត​​​ព្រះវិហារ​​​ដែល​​​មាន​​​គម្រោង​​​ហែក្បួន​​​ទៅ​​​កាន់​​​រដ្ឋ​​​សភា និង​​​ភូមិ​​​គ្រឹះ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ដើម្បី​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​​​​​​​​​​ចំពោះ​​​វិវាទ​​​ដី​​​ធ្លី​​​របស់​​​ពួក​​​គាត់​​​។

ប្រជា​​​ពល​​​រដ្ឋ​​​ជាង​​២០០នាក់​​​ រួម​​​ទាំង​​​ព្រះ​​​សង្ឃ​​​ប្រហែល​​​២០​​​អង្គ​​​ផង​​​ បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ នៅ​​​លើ​​​ផ្លូវ​​​ខាង​​​ក្រៅ​​​សាលា​​​​​​ឧទ្ធរណ៍​​​ ដោយ​​​ស្រែក​​​ថា ការ​​​​​​ឃុំ​​​ខ្លួន​​​នេះ​​​គឺ​​​ [អយុត្តិធម៌]​​​ ហើយ​​​ថា អ្នក​​​ទាំង​​​បី​​​គ្មាន​​​កំហុស​​​ទេ ​​​ចំណែក​​​ឯបណ្តា​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ស្រុក​​​ក៏​​​បាន​​​ថ្កោល​​​ទោស​​​ការ​​​​​​បន្ត​​​ឃុំ​​​​​​ខ្លួន​​​ពួកគេ​​​ដែរ​​​។

លោក​​​ស្រី សម សុគន្ធា មេធាវី​​​ការពារ​​​អន្ទិត ឃិត វណ្ណៈ និង​​​អន្ទិត សាង​​​ កុសល បាន​​​មាន​​​ប្រសាសន៍​​​ថា សាលា​​​ឧទ្ធរណ៍​​​បាន​​​ច្រាន​​​ចោល​​​សំណើ​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​របស់​​​កូនក្តី​​​​​​លោក​​​ស្រី ដោយ​​​ហេតុ​​​ផល​​​មក​​​សំអាង​​​ថា វា​​​គឺ​​​ជា​​​សំណុំ​​​រឿង​​​​​​ព្រហ្មទណ្ឌ ហើយ​​​កំពុង​​​សើុប​​​អង្កេត​​​​​​នៅ​​​ឡើយ​​​។

លោក​​​ស្រី​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា សំណុំ​​​រឿង​​​ក្តី​​​របស់​​​កូនក្តី​​​ខ្ញុំ គឺ​​​ជា​​​បទ​​​មជ្ឈិម ហើយ​​​មាន​​​ [ចំណុច] សង្ស័យ​​​ជា​​​ច្រើន​​​​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​នេះ​​​។ ផ្អែក​​​តាម​​​​​​ច្បាប់​​​ កូន​​​ក្តី​​​របស់​​​ខ្ញុំ​​​គួរ​​​តែ​​​ទទួល​​​បាន​​​ការ​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​”។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា គ្មាន​​​ភ័ស្តុ​​​តាង​​​ដាក់​​​ ដើម្បី​​​បន្ទុក​​​លើ​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ចូល​​​រួ​​​ម​​​ជាមួ​​​យ​​​សមាគម​​​ទុច្ចរិត​​​​​​ទេ ពីព្រោះ​​​​​​បុរស​​​ទាំង​​​ពីរ​​​នេះ​​​គ្រាន់​​​តែ​​​មាន​​​ទង់​​​ជាត​​ិ​​​ខ្មែរ​​​ និង​​​ទង់​​​ព្រះ​​​ពុទ្ធ​​​សាសនាប៉ុណ្ណោះ ​​​​​​នៅ​​​ពេល​​​ត្រូវ​​​ចាប់​​​ខ្លួន​​​។ លោក​​​ស្រី​​​បាន​​​បន្ត​​​ថា “ទាំង​​​នេះ​​​មិន​​​មែន​​​ជា​​​អាវុធ​​​របស់​​​សមាគមទុច្ចរិត​​​ទេ”។

នៅ​​​ក្នុង​​​សវនាការ​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ សាលា​​​​​​ឧទ្ធរណ៍​​​ក៏​​​បាន​​​ច្រាន​​​ចោល​​​សំណើ​​​សុំ​​​នៅ​​​ក្រៅឃុំ​​​របស់​​​អន្ទិត​​​ សឿង​​​ ហៃ​​​ ដែរ។ មេធាវីរបស់​​​គាត់​​​ឈ្មោះ ជិន លីដា បាន​​​មាន​​​ប្រសាសន៍​​​ថា ចៅក្រម​​​សាលា​​​​​​​​​​​​ដំបូង​​​​​​បាន​​​បិទ​​​សំណុំ​​​រឿង​​​របស់​​​គាត់​​​​​​ទៅ​​​ហើយ​​​ ដូច្នេះ​​​គាត់​​​នៅ​​​តែ​​​ត្រូវ​​​ឃុំ​​​ខ្លួន​​​រង់​​​ចាំ​​​បណ្តឹង​​​ឧទ្ធរណ៍​​​។

អន្ទិត​​​ សឿង​​​ ហៃ ដែលកាល​​​ពី​​​ឆ្នាំ​​​មុន​​​បាន​​​ដុត​​​ទង់​​​ជាតិ​​​វៀតណាម​​​ នៅ​​​ខាង​​​ក្រៅ​​​ស្ថាន​​​​​​ទូត​​​វៀតណាម​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា បាន​​​ថ្កោល​​​ទោស​​​តុលាការ​​​នេះ​​​ថា ជា​​​”តុលាការ​​​អាយ៉ង​​​យួន”។ គាត់​​​និយាយ​​​ថា “តុលាការ​​​នេះ ស្ថិត​​​នៅ​​​ក្រោម​​​សម្ពាធ​​​ពី​​​ប្រទេស​​​យួន​​​”។

លោក អំ សំអាត អ្នកគ្រប់​​​គ្រង​​​បច្ចេក​​​ទេស​​​សើុប​​​អង្កេត​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ក៏​​​ជឿ​​​ដែរ​​​ថា អន្ទិត​​​ទាំង​​​បី​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ជា​​​ការ​​​សង​​​សឹក​​​ចំពោះ​​​ហេតុ​​​ការ​​​ណ៍​​​ដុត​​​បំផ្លាញ​​​ទង់​​​ជាតិ។ លោ​​​ក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “នេះ​​​​​​ជា​​​បញ្ហា​​​នយោបាយ”។

ចៅ​​​ក្រុម​​​ជំនុំជម្រះ​​​ សេង ស៊ីវុត្ថា មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​ ចំណែក​​​ឯ​​​ព្រះ​​​រាជ​​​អាជ្ញា​​​អម​​​​សាលា​​​​​​ឧទ្ធរណ៍​​​​​​ ស យស់​​​ថាវរៈ​​​ ​​​បាន​​​បដិសេធ​​​មិន​​​​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​តែម្តង​​​៕សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស