34 C
Phnom Penh

ព្រះ​​​អង្គ​​​ម្ចាស់ នរោត្តម រណឫទ្ធិ អញ្ជើញ​​​លោក កឹម សុខា ត្រឡប់​​​មក​​​កាន់​​​​​​គណបក្ស​​​ហ្វុ៊នសិុនបិុច​​​វិញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ព្រះ​​​អង្គ​​​ម្ចាស់ នរោត្តម រណឫទ្ធិ បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​លោក កឹម សុខា អនុ​​​ប្រធាន​​​គណបក្ស​​​ប្រឆាំង​​​វិល​​​ត្រឡប់​​​មក​​​កាន់​​​គណបក្ស​​​ហ្វុ៊នសិុនបិុច​​​វិញ​​​មុន​​​ពេល​​​ព្រះ​​​អង្គ​​​បាន​​​ដាស់​​​តឿន​​​​​​ដល់​​​ស្ត្រី​​​នានា​​​កុំ​​​ឲ្យ​​​ជឿ​​​ជាក់​​​ព្រះ​​​អង្គ​​​​​​ ព្រោះ​​​ថា​​​អាច​​​មាន​​​​​​គ្រោះ​​​ថ្នាក់​​​ដោយសារ​​​តែ​​​ព្រះ​​​អង្គ​​​។

ពេល​​​មាន​​​បន្ទូល​​​អំឡុង​​​ពិធី​​​ជួប​​​ជុំ​​​ដ៏​​​ពិសេស​​​មួយ​​​របស់​​​អ្នក​​​​​​គាំទ្រ​​​គណបក្ស​​​ហ្វុ៊នសិុនបិុច​​​នៅ​​​បរិវេណ​​​ប៊ីឡាញ​​​ក្នុង​​​រាជ​​​ធានី​​ភ្នំពេញ ដែល​​​ត្រូវ​​​បាន​​​​​​ធ្វើ​​​ឡើង​​​ដើម្បី​​​ប្រាប់​​​ឲ្យ​​​ដឹង​​​ពី​​​ការ​​​វិល​​​ត្រឡប់​​​​​​របស់​​​ព្រះ​​​អង្គ​​​ទៅ​​​ធ្វើ​​​ជា​​​ប្រធាន​​​គណបក្ស​​​រាជា​​​និយម​​​វិញ​​​ក្នុង​​​ពេល​​​ឆាប់ ព្រះ​​​អង្គ​​​ម្ចាស់ រណឫទ្ធិ​​​ បាន​​​​​​បដិសេធ​​​ថា ការវិល​​​ត្រឡប់​​​របស់​​​ព្រះ​​​អង្គ​​​មិន​​​​​​មែន​​​មាន​​​បំណង​​​បំបែក​​​សំឡេង​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ឡើយ​​​។

ព្រះ​​​អង្គ​​ម្ចាស់ រណឫទ្ធិ បាន​​​ប្រាប់​​​អ្នក​​​គាំទ្រ​​​របស់​​​ព្រះ​​​អង្គ​​​ដែល​​​បាន​​​មក​​​ជួប​​​ជុ​​​ំ​​​គ្នា​​​ថា “យើង​​​មាន​​​គោល​​​ដៅ​​​តែ​​​មួយ​​​គត់​​​ គឺ​​​ដើរ​​​តាម​​​សម្តេចឪ [នរោត្តម សីហនុ]​​​​​​​​​​​​​​​ ដើម្បី​​​បម្រើ​​​ជាតិ​​​”។

ព្រះ​​​អង្គ​​​ម្ចាស់​​​បាន​​​មាន​​​បន្ទូល​​​បន្ថែម​​​ថា “សូម​​​ ឯកឧត្តម កឹម សុខា កុំ​​​ព្រួយ​​​បារម្ភ​​​អី​​​។ ហើយ​​​ប្រសិន​​​បើ​​​ឯកឧត្តម​​​គឺ​​​ជា​​​បុគ្គល​​​ម្នាក់​​​ដែល​​​មាន​​​ឆន្ទៈ​​​បម្រើ​​​ជាតិ​​​ ហេតុ​​​អ្វី​​​បាន​​​ជា​​​មិន​​​មក​​​ជួប​​​ខ្ញុំ​​​?។ អ្នក​​​រាជា​​​និយម​​​មាន​​​ចិត្ត​​​ទូលាយ​​​។ ប្រសិន​​​បើ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចង់​​​​​​មក​​​ សូម​​​អញ្ជើញ​​​មក​​​ យើង​​​ស្វាគមន៍​​​ជា​​​និច្ច​​​”។

លោក​​​ កឹម សុខា ដែល​​​ធ្លាប់​​​ជា​​​សមាជិកព្រឹទ្ធសភា​​​របស់​​​គណបក្ស​​​ហ្វុ៊នសិុនបិុច​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៩៩​​​ដល់​​​ឆ្នាំ​​​២០០២​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​ទាក់​​​ទិន​​​​​​នឹង​​​ការ​​​អញ្ជើញ​​​របស់​​​ព្រះ​​​អង្គ​​​ម្ចាស់​​​ រណឫទ្ធិ បាន​​​ឡើយ​​​។

ពេល​​​មាន​​​បន្ទូល​​​ទៅ​​​កាន់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​បន្ទាប់ពី​​​សុន្ទរកថា​​​របស់​​​ព្រះ​​​អង្គ ព្រះ​​​អង្គ​​​ម្ចាស់​​​ រណឫទ្ធិ បន្ទាប់​​​មក​​​បាន​​​លើក​​​ឡើង​​​អំពី​​​ភាព​​​ខ្លាំង​​​ផ្លូវ​​​ភេទ​​​របស់​​​ព្រះ​​​អង្គ​​​ ដើម្បី​​​ជា​​​ការ​​​ដាស់​​​តឿន​​​មួួយ​​​ដល់​​​អ្នក​​​រិះ​​​គន់​​​ទាំង​​​ឡាយ​​​ណា​​​ដែល​​​គិត​​​ថា ព្រះ​​​អង្គ​​​​​​គ្មាន​​​សមត្ថភាព​​​ក្នុង​​​ការ​​​ដឹក​​​នាំ​​​គណបក្ស​​​ហ្វុ៊នសិុនបិុច​​​ឲ្យ​​​ទទួល​​​បាន​​​ជោគ​​​ជ័យ​​​ឡើង​​​វិញ​​​។

​​ព្រះអង្គ​​​ម្ចាស់​​​បាន​​​មាន​​​បន្ទូល​​​ថា “សម្តេច​​​ក្រុម​​​ព្រះ​​​ត្រឡប់​​​មក​​​វិញ​​​ហើយ​​​ ។ ឯកឧត្តម ឯកឧត្តម​​​​​​​​​មួយ​​​ចំនួន​​​មើល​​​មក​​​ខ្ញុំ​​​ថា​​​មានអាយុ​​​៧១​​​ឆ្នាំ​​​ទៅ​​​ហើយ​​​ ប៉ុន្តែ ខ្ញុំ​​​ចង់​​​​​​ប្រាប់​​​ដល់​​​ស្ត្រី​​​នានា​​​ថា កុំ​​​ជឿ​​​ជាក់​​​មក​​​លើ​​​តា​​​អាយុ​​​៧១​​​ឆ្នាំ​​​នេះ​​​ឲ្យ​​​សោះ​​​ ហើយ​​​កុំ​​​ចង់​​​សាក​​​​​​ប្រយ័ត្ន​​​មាន​​​គ្រោះ​​​ថ្នាក់”។

នៅ​​​ក្នុង​​​សន្និសីទ​​​កាសែត​​​មួយ​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​នេះ​​​ ព្រះ​​​អង្គ​​​ម្ចាស់​​​ក៏​​​បាន​​​អួត​​​អាង​​​អំពី​​​ភាព​​​ខ្លាំង​​​របស់​​​ព្រះ​​​អង្គ​​​ដែរ​​​ថ្វី​​​បើ​​​ព្រះ​​​អង្គ​​​មាន​​​ព្រះជន្ម​​​​​​ច្រើន​​​យ៉ាង​​​​​​នេះ​​​ក៏​​​ដោយ​​​ ដោយ​​​ព្រះ​​​អង្គ​​​បាន​​​ប្រៀប​​​ធៀប​​​ព្រះ​​​កាយ​​​របស់​​​ព្រះ​​​អង្គ​​​​​​ទៅ​​​នឹង​​​រថយន្ត​​​ដ៏​​​ចាស់​​​មួយ​​​ថា “នៅ​​​តែ​​​អាច​​​បើក​​​បរ​​​បាន​​​យូរ​​​​” ដដែល​​​ ហើយ​​​ព្រះ​​​អង្គ​​​បាន​​​អំពាវ​​​នាវ​​​ដល់​​​អ្នក​​​កាសែត​​​ជា​​​ស្ត្រី​​​​​​ឲ្យ​​​មក​​​ចូល​​​រួម​​​ឲ្យ​​​បាន​​​កាន់​​​តែ​​​ច្រើន​​​នៅ​​​​​​ក្នុង​​​ព្រឹត្តិការ​​​ណ៍​​​សន្និសីទកាសែត​​​ផ្សេង​​​ៗ​​​របស់​​​គណបក្ស​​​ហ្វុ៊នសិុនបិុច​​​នា​​​ថ្ងៃ​​​អនាគត​​​។

លោក សម រង្ស៊ី ដែល​​​បាន​​​ត្រឡប់​​​ពី​​​ប្រទេស​​​បារាំង​​​មក​​​វិញ​​​កាល​​​ពីម្សិលមិញ បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌មាន​​​នៅ​​​អាកាស​​​យាន​​​ដ្ឋាន​​​ថា លោក​​​មិន​​​បារម្ភ​​​​​​​​​ចំពោះ​​​ការ​​​អំពាវ​​​នាវ​​​របស់​​​ព្រះ​​​អង្គ​​​ម្ចាស់​​​ រណឫទ្ធិ​​​ ឲ្យ​​​នរ​​​ណា​​​ម្នាក់​​​​​​នៅ​​​ក្នុង​​​បក្ស​​​របស់​​​លោក​​​ចុះ​​​ចូល​​​​​​ជាមួយ​​​ព្រះ​​​អង្គ​​​នោះ​​​ឡើយ​​​។

លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​ជឿ​​​ជាក់​​​ថា ពល​​​រដ្ឋ​​​ខ្មែរ​​​យល់​​​យ៉ាង​​​ច្បាស់​​​ថា មាន​​​តែ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​តែ​​​មួយ​​​គត់​​​ដែល​​​អាច​​​នាំ​​​ការ​​​ផ្លាស់​​​ប្តូរ​​​ជូន​​​កម្ពុជា​​​បាន​​​”។

ព្រះអង្គ​​​ម្ចាស់ រណឫទ្ធិ ​​​នឹង​​​ត្រូវ​​​ជ្រើស​​​តាំង​​​ជា​​​ប្រធាន​​​គណបក្ស​​​ហ្វុ៊នសិុនបិុច​​​ឡើង​​​វិញ​​​​​​​​​នៅ​​​សមាជ​​​បក្ស​​​ដ៏​​​ពិសេស​​​មួយ​​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​​សប្តាហ៍​​​ក្រោយ ពោល​​​គឺ​​​ប្រាំបី​​​ឆ្នាំ​​​ បន្ទាប់​​​ពី​​​ព្រះ​​​អង្គ​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​តំណែង​​​ជា​​​ប្រធាន​​​គណបក្ស​​​នេះ​​​។

ព្រះអង្គ​​​ម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន ជា​​​សមាជិក​​​នៃ​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​បក្ស​​​ដែល​​​បាន​​​រិះ​​​គន់​​​ការ​​​វិល​​​ត្រឡប់​​​របស់​​​ព្រះ​​​អង្គ​​​ម្ចាស់ រណឫទ្ធិ ថាជា “គ្រោះ​​​ភ័យ​​​”​​​​​​​​​ បាន​​​លើក​​​ឡើង​​​ថា វា​​​មិន​​​មែន​​​ជា​​​រឿង​​​ថ្មី​​​ទេ​​​សម្រាប់​​​ព្រះ​​​អង្គ​​​ដែល​​​អួត​​​អាង​​​អំពី​​​រឿង​​​ផ្លូវ​​​ភេទ​​​។

ព្រះអង្គ​​​ម្ចាស់​​​ សិរីរ័ត្ន បាន​​​មាន​​​បន្ទូល​​​ដោយ​​​សំដៅ​​​ទៅ​​​លើ​​​រឿង​​​រកាំ​​​រកូស​​​នៅ​​​​​ក្នុង​​​គ្រួសារ​​​​​​របស់​​​ព្រះ​​​អង្គ​​​ម្ចាស់ រណឫទ្ធិ ដែល​​​កើត​​​ឡើង​​​ស្រប​​​ពេល​​​ដែល​​​​​​ព្រះ​​​អង្គ​ជួប​​​បញ្ហា​​​មួួ​​​យ​​​ចំនួន​​​​​ក្នុង​​​ពាក់​​​កណ្តាល​​​ទសវត្សរ៍​​​ឆ្នាំ​​​២០០០​​​ថា “បញ្ហា​​​នេះ​​​ហើយ​​​ដែល​​​ធ្វើ​​​ឲ្យ​​​ព្រះ​​​អង្គ​​​មាន​​​បញ្ហា​​​កាល​​​ពី​​​លើ​​​ក​​​មុន​​​”។

ប៉ុន្តែ ព្រះ​​​អង្គ​​​ម្ចាស់ សិរីរ័ត្ន​​​ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ព្រះ​​​អង្គ​​​នឹង​​​មិន​​​ប្រឆាំង​​​ចំពោះ​​​ការ​​​វិល​​​ត្រឡប់​​​របស់​​​ព្រះ​​​អង្គ​​​ម្ចាស់​​​ រណឫទ្ធិ មក​​​ធ្វើ​​​ជា​​​មេ​​​ដឹក​​​នាំ​​​គណបក្ស​​​ហ្វុ៊នសិុនបិុច​​ឡើង​​​វិញ​​​​ឡើយ ដោយសារ​​​មេ​​​ដឹក​​​នាំ​​​បច្ចុប្បន្ន​​​របស់​​​គណបក្ស​​​នេះ​​​កំពុង​​​ត្រៀម​​​ខ្លួន​​​​​​ចាក​​​ចេញ​​​ហើយ​​​។

ព្រះ​​​អង្គម្ចាស់​​​បាន​​​​​​មាន​​​បន្ទូល​​​ថា “យើង​​​ទទួល​​​យក​​​ការ​​​ស្នើ​​​របស់​​​ព្រះ​​​អង្គ​​​ម្ចាស់​​​ នរោត្តម អរុណរស្មី និង​​​លោក ញឹក​​​ ប៊ុនឆៃ ដែល​​​យាង​​​ព្រះ​​​អង្គ​​​ម្ចាស់ រណឫទ្ធិ​​​ ​​​មក​​​ដឹក​​​នាំ​​​គណបក្ស​​​នេះ​​​វិញ​​​ ដោយ​​​មាន​​​ការ​​​ផ្តល់​​​យោបល់​​​ពី​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន។ យើង​​​នឹង​​​ធ្វើ​​​តាម​​​ដូច្នោះ​​​”៕ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស