30.1 C
Phnom Penh

តុលា​ការ​​​ដោះ​លែង​​​ស្ត្រី​​​ម្នាក់​​​ដែល​​​ចាក់​​​ប្លន់​​​អ្នក​​​រត់ម៉ូតូ​ឌុប​​​នៅ​​​ខេត្ត​​​ស្វាយ​​​រៀង ​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​បណ្តោះ​​​អាសន្ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​តុលាការ​​​ម្នាក់​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលថា ស្ត្រី​​​អាយុ​​​២០ឆ្នាំម្នាក់​​​មក​​​ពី​​​ខេត្ត​​​ស្វាយ​​​រៀង​​​ដែល​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​កាលពី​​​ខែមុន​​​ពីបទ​​​ចាក់​​​ប្លន់អ្នក​​​រត់​​​ម៉ូតូឌុប​​​ម្នាក​់នោះ​​​​​ ត្រូវ​​​បាន​​​ដោះ​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​កាល​​​ពី​​​ថ្ងៃសុក្រ។

យោង​​​តាម​​​នគរ​​​បាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា  ខុន ស្រីឌី ជា​​​កម្មការិនី​​​រោងចក្រ​​​កាត់​​​ដេរ បាន​​​ប៉ុនប៉ង​​​ប្លន់​​​ រិន ភិរម្យ​​​ អាយុ​​​១៧ឆ្នាំ កាលពី​​​ថ្ងៃទី​​​២៥ ខែ​​​ធ្នូ បន្ទាប់ពីនាង​​​​​​​ចាញ់ល្បែង​​​​​​អស់​​​ប្រាក់​​​ដែល​​ទុក​​​សម្រាប់​​​រៀប​​​ការ​​​នៅពេល​​​ខាងមុខ​​​។នៅពេល​​​អ្នក​​​រត់​​​ម៉ូតូឌុប​​​តដៃ នាង​​​បាន​​​ចាក់​​​មួយ​​​កាំបិត​​​ត្រង់​​​ពោះ ដែលកាំបិត​​​នោះ​​​នាង​​​បានទិញ​​​ពី​​​ផ្សារ​​​កាលពី​​​ព្រឹក​​​ថ្ងៃនោះ។

កាល​ពី​​​ថ្ងៃទី​​​​​​២៧ ខែ​​​ធ្នូ សាលា​ដំបូង​​​ខេត្ត​​​ស្វាយ​​​រៀង​​​​​​បាន​​​ចោទ​​​ប្រកាន់​​​ ស្រីឌី ​​ពីបទ​​​ប្លន់​​​និង​មាន​​​ទាំងការ​​​​ប្រើ​​​អំពើ​​​ហិង្សាផង។

លោក ហ៊ឹង​​​ ប៊ុនជា ព្រះ​​​រាជ​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​​​​បានមាន​​​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា ប៉ុន្តែ​​​នាង​​​ត្រូវ​​​បាន​​តុលា​ការ​​​ដោះ​លែង​​ឲ្យ​​​នៅក្រៅ​​​ឃុំ​​​កាលពី​​​ថ្ងៃសុក្រ​​​​​​បន្ទាប់ពី​​​ក្រុម​​​គ្រួសារ​​​​​​របស់​​​នាង​​​បាន​​​បង់​​​ប្រាក់​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ។

លោក ហ៊ឹង​​​ ប៊ុនជា បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​សម្រេច​​​​​​ដោះលែង​​​នាង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​កាល​​​ពី​​​រសៀល​​​ថ្ងៃសុក្រ​​​ ពីព្រោះ​​​ក្រុម​​​គ្រួសារ​​​របស់​​​នាង​​​​​​បាន​​​បង់​​​ប្រាក់​​​​​​៤លាន​​​រៀល ហើយ​​​ដោយ​​​សារ​​​នាង​នឹង​​​ត្រូវ​​រៀប​ការ​​​នៅ​​​ថ្ងៃទី​​​១៥ ខែ​​​មករា”។ លោក​​​បាន​​​សង្កត់​​​ធ្ងន់​​​ថា តុលាការ​​​កំពុង​​​ធ្វើការ​​​ស៊ើប​​​អង្កេត​​​ ស្រីឌី នៅឡើយ។

លោក កែវ សុថា នាយ​​​ការិយាល័យ​​​នគរបាល​​​ព្រហ្ម​ទណ្ឌកម្រិត​​​ស្រាល​​​ខេត្ត​​​​​​ ដែលបានដឹកនាំ​​​ការ​​​ស៊ើប​​​អង្កេត​​​​​​ករណី​​​នេះ​​​បាន​​​​​សម្តែង​​​ការ​​​ខក​​​ចិត្ត​​​​​​ចំពោះ​​​សេចក្តី​​​សម្រេច​​​របស់​​​តុលាការ​​​ ដោយ​លើកឡើង​​​​ថា ជន​​​សង្ស័យ​​​រូបនេះ បាន​​​សារភាព​​​ចំពោះ​​​ឧក្រិដ្ឋនេះ​​​ភ្លាម​​​ៗ​​​បន្ទាប់ពី​​​ការ​​​ចាប់​ខ្លួន។ លោក​​​បានមាន​​​ប្រសាសន៍ថា “​​​តើឯណាទៅ​​​យុត​​​្តិធម៌សម្រាប់​​​ក្រុម​​​គ្រួសារ​​​ជន​​​រង​គ្រោះ?”​។​

យោងតាម​​​លោក សុថា បាន​​​ឲ្យ​​​ដឹងថា ​​​ភិរម្យ​​​ កំពុង​​​សម្រាក​​​ព្យាបាល​មុខ​របួស​​​នៅ​​​មន្ទីរ​ពេទ្យ​​​បង្អែក​​​ខេត្ត​​​នៅឡើយ។

លោក ប្រាក់ សារ៉ន អ្នកសម្រប​​​សម្រួល​​​នៅ​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដ​​​ហុក​​​ប្រចាំខេត្ត​​​ស្វាយ​​​រៀង​​​បាន​​​មាន​​​ប្រសាសន៍​ថា ឪពុក​ម្តាយ ស្រីឌី ​​​បាន​​​ដាក់ពាក្យបណ្តឹង​​​​​​មក​​​អង្គការ​​​របស់លោក​​​​​​បន្ទាប់​ពី​​​នាង​​​ត្រូវបាន​​​ចាប់​ខ្លួន​​​ ដោយ​​​លើកឡើង​​ថា កូន​ស្រី​​​របស់​គាត់​​​បានចាក់​​​ ភិរម្យ​​​​​​ បន្ទាប់ពី​​​ជន​​​នេះ​​​បាន​​​ប៉ុនប៉ង​​​រំលោភ​នាង​​​តែប៉ុណ្ណោះ។

លោក សារ៉ន បាន​​​មាន​​​ប្រសាសន៍​ថា “ឪពុកម្តាយ​​​ជន​​​សង្ស័យ​​​រូបនេះ​​​បាន​​​អះ​​​អាង​​​ថា កូនស្រី​​​របស់​គាត់​​​​​​បាន​​​តដៃ​​​ដើម្បី​​​ការ​​​ពារ​​​ខ្លួន​​​តែ​​​ប៉ុណ្ណោះ។ ពួកគាត់​​​មាន​​​គម្រោង​​​ដាក់ពាក្យ​​​បណ្តឹង​​​ទៅ​​​​​​តុលាការ​​​​​​ ប្តឹង​​​អ្នក​​​រត់​​ម៉ូតូ​​​ឌុប​​​រូបនេះ​នៅ​ពេល​​​ឆាប់ៗ​​​​​តាម​​​ដែល​​​អាច​​​ធ្វើ​​​ទៅបាន”។

លោក សារ៉ន បាន​​​មាន​​​ប្រសា​សន៍​ថា ឪពុកម្តាយ​​​ ស្រីឌី ក៏បាន​​​បដិ​សេធ​​​ការ​​​ដែលថា កូនស្រី​​​របស់​​​គាត់​​​បាន​​​លេង​​​ល្បែង​​​ចាញ់​​​អស់​​​ប្រាក់​​​ដែល​​​ក្រុមគ្រួសារ​​​កូនកម្លោះ​​​បាន​​​ផ្តល់ឲ្យ​​​ទុក​​​សម្រាប់រៀប​​​ការ​​​ផង​​​ដែរ ហើយ​​​បាន​​​អះ​​​អាងថា នាង​​​បាន​​​ទិញ​​​កាំបិត​​​នោះ​​​ដើម្បី​​​ទុក​​​ធ្វើ​​​ម្ហូប​​​តែ​​​ប៉ុណ្ណោះ។ ក្រុមគ្រួសារ ស្រីឌី មិន​អាច​​​ទាក់ទង​​​បាន​​​ទេកាល​ពីម្សិល​មិញ៕សារុន​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស