40.6 C
Phnom Penh

នគរបាល​ចាប់​ខ្លួន​មនុស្ស​បី​នាក់​ពាក់​ព័ន្ធ​ការ​ជួញដូរ​គ្រឿង​ញៀន​ដាច់​ដោយ​ឡែក​ពីគ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា មនុស្ស​​​បី​​​នាក់​​​រួម​​​ទាំង​​​​​​ជន​​​ជាតិ​​​អង់​​​គ្លេស​​​ម្នាក់​​​ផង​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពាក់​ព័ន្ធ​​គ្រឿង​​​ញៀន​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​ចំនួន​​​ពីរ​​​ក្នុង​​​ខេត្ត​​​ព្រះ​​​សីហនុ​​​ និងខេត្ត​​​​ស្ទឹង​​​ត្រែង​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​។

​​​លោក​​​ ឡុង​​​ គឹមហួ មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ក្រុង​​​ព្រះ​​​សីហនុ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា  កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ នគរ​​​បាល​​​បាន​​​ឆ្មក់​​​ចូល​​​បន្ទប់​​​ជួល​​​របស់​​​លោក ដេវីដ រីដឺ អាយុ​​​៦៦​​​ឆ្នាំ​​​ ជា​ជន​ជាតិ​អង់គ្លេស​ និង​​​មិត្ត​​​ស្រីរបស់​​​ខ្លួន ឈ្មោះ លឹម សារ៉ុន អាយុ​​​៣៤​​​ឆ្នាំ​​​នៅ​​​ផ្ទះ​​​សំណាក់​​​ Power House ស្ថិ​ត​​​ក្នុង​​​សង្កាត់​​​លេខ​​​៤​​​ ក្រុង​​​ព្រះ​​​សីហនុ​​​។

លោក​​​ គឹមហួ បាន​​​​​​មាន​​​ប្រសាសន៍​​​ថា នគរ​​​បាល​​​បាន​​​រក​​​ឃើញ​​​ថ្នាំ​​​ញៀន​​​​​​ប្រភេទ​​​​មេតំ​ហ្វេតាមីនបួន​​​កញ្ចប់​​​តូច​​​ទម្ងន់​​​៧៧,៨ក្រាម​​ និង​​​បំពង់​​​សម្រាប់​​​ជក់​​​​​​ផង​​​ដែរ​​​។

លោក​​​បាន​​​បន្ថែម​​​ថា នគរបាល​​​​​សម្ងាត់​​​បាន​​​ទិញ​​​ថ្នាំ​​​មេតំហ្វេតាមីន ពី​​​អ្នក​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ពី​​​រ​​​លើក​​​ផ្សេង​​​គ្នា​​​ក្នុង​​​តម្លៃ​​​១៥០​​​ដុល្លារ​​​ រយៈ​​​ពេល​​​ពី​​រ​​​ខែ​​​ មុន​​​ពេល​​​សម្រេច​​​ចាប់​​​ខ្លួន​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍។ លោក​​​បាន​​​មានប្រសាសន៍​​​ថា “យើង​​​​​​បាន​​​ចំណាយ​​​ពេល​​​ជា​​​ច្រើន​​​ដើម្បី​​​ឃ្លាំ​​​មើល​​​ពួក​​​គេ។

លោក គឹមហួ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក រីដឺ ដែល​​​ជា​​​ជន​​​ចូល​​​និវត្តន៍​​​ ហើយ​​​បាន​​​មក​​​រស់​នៅ​​​​​​ក្នុង​​​ក្រុង​​​ព្រះ​​​សីហនុ​​​រយៈ​​​ពេល​​​ប្រាំ​​​មួយ​​​ឆ្នាំ​​​មក​​​ហើយ​​​នោះ បាន​​​អះ​​​អាង​​​ថា ថ្នាំ​​​ញៀន​​​នេះ​​​ជា​​​របស់​​​ លឹម សារ៉ុន ។

លោក គឹមហួ បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គេ​​​ទាំង​​​ពីរ​​​ត្រូ​​​វ​​​បាន​​​បញ្ជូន​​​ទៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​ព្រះ​​​សីហនុ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ហើយ​​​ពួ​​​ក​​​គេ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ចែក​​​ចាយ​​​ និង​​​ប្រើ​​​ប្រាស់​​​ថ្នាំ​​​ញៀន”។ លោក​​​បាន​​​បន្ថែម​​​ថា ឥឡូវ​​​នេះ​​​ពួក​​​គេ​​​កំពុង​​​ត្រូវ​​​ឃុំ​​​ខ្លួន​​​បណ្តោះ​​​​​​អាសន្ន​​​។

​​​លោក នូ ហួ នាយ​​​នគរបាល​​​​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​ខេត្ត​​​ស្ទឹង​ត្រែង​បាន​​​មាន​​​ប្រសាសន៍​​​ថា នៅ​​​ក្នុង​​​ករណី​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ទៀត នគរ​​​បាល​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​បាន​​​ចាប់​​​ខ្លួន​​​បុរស​​​ម្នាក់​​​ក្នុង​​​ក្រុង​​​ស្ទឹង​​​ត្រែង​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ បន្ទាប់​​​ពី​​​ជន​​​នេះ​​​បាន​​​ជួញ​​​ដូរ​​​ថ្នាំ​​​មេតំ​ហ្វេតាមីន​​​ចំនួន​​​៣.៩៩២​​​គ្រាប់​​​ ឆ្លង​​​កាត់​​​ព្រំ​​​ដែន​​​ពី​​​ប្រទេស​​​ឡាវ។

លោក នូ ហួ បាន​​​មានប្រសាសន៍​​​ថា នគរ​​​បាល​​​បាន​​​ចាប់​​​ផ្តើម​​​សើុប​​​អង្កេតលោក​​​ សេក ភក្តី អាយុ​​​៣០​​​ឆ្នាំ​​​រយៈ​​​ពេល​​​ប្រាំ​​​មួយ​​​ខែ​​​មក​​​ហើយ​​​ បន្ទាប់​​​ពី​​​ពួក​​​គេ​​​ចាប់​​​ផ្តើម​​​សង្ស័យ​​​លើ​​​រូប​​​គាត់​​​ពី​​​បទ​​​ជួញ​​​ដូរ​​​ថ្នាំ​​​ញៀន។

លោ​​ក​​​បាន​​​មានប្រសាសន៍​​​ថា “ដំបូង​​​គាត់​​​បាន​​​ជួញ​​​ដូរ​​​សាច់​​​សត្វ​​​ព្រៃទេ​​​ ហើយ​​​បន្ទាប់​​​មក​​​បាន​​​ប្តូរ​​​ទៅ​​​ជួញ​​​ដូរ​​​ថ្នាំ​​​ញៀន​​​វិញ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ភក្តី ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​នៅ​​​ចម្ការ​​​របស់​​​សាច់​​​ញាតិគាត់​​​ក្នុង​​​សង្កាត់​​​ស្ទឹង​​​ត្រែង។

លោក នូ ហួ បាន​​​មានប្រសាសន៍​​​ថា ភក្តី ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ជួញ​​​ដូរ​​​ថ្នាំ​​​ញៀន​​​កាល​​​ពីថ្ងៃ​​​សៅរ៍ ហើយ​​​កំពុង​​​ត្រូវ​​​ឃុំ​​​ខ្លួន​​​បណ្តោះ​​​អាសន្ន​​​នៅ​​​ពន្ធនាគារ​​​ខេត្ត​​​៕សារុន​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស