នគរបាលខេត្តកំពង់ចាមកំពុងស្វែងរកចាប់ខ្លួនបុរសអាយុ៣៤ឆ្នាំម្នាក់ពីបទបង្ករបួសស្នាម បន្ទាប់ពីស្ត្រីម្នាក់ដែលធ្វើការនៅហាងខារ៉ាអូខេមួយបានដាក់ពាក្យបណ្តឹងដោយចោទប្រកាន់បុរសរូបនេះថា បានវាយដំលើរូបនាងយ៉ាងធ្ងន់ធ្ងរ និងបង្ខំរួមភេទ។
លោក ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា លោក ជឿន ហេង ត្រូវបានចោទប្រកាន់ពីបទវាយដំស្ត្រីម្នាក់អាយុ២៨ឆ្នាំ កាលពីថ្ងៃពុធ សប្តាហ៍មុន នៅកន្លែងធ្វើការរបស់នាងក្នុងក្រុងកំពង់ចាម។
លោកបានមានប្រសាសន៍ដោយលើកឡើងពីការដែលលោកទទួលបានពាក្យបណ្តឹងពីស្ត្រីរូបនេះកាលពីថ្ងៃសៅរ៍ថា “យើងកំពុងស្វែងរកជនដៃដល់រូបេនះ ប៉ុន្តែ ឥឡូវនេះជននេះកំពុងរត់គេចខ្លួននៅឡើយ” ។ ឥឡូវនេះយើងស្គាល់អត្តសញ្ញាណជននេះហើយ ហើយយើងនឹងរាយការណ៍ទៅតុលាការ។
លោក ប៉ែន រ័ត្ន បានបន្ថែមថា លោក ជឿន ហេង ធ្លាប់ធ្វើជាអ្នកគ្រប់គ្រងឲ្យឧកញ៉ា លី ឈុនអួន ហើយគាត់បានលាឈប់ពីការងាររយៈពេលប្រហែលមួយឆ្នាំមកហើយ។
នៅក្នុងបទសម្ភាសថតជាខ្សែអាត់វីដេអូជាមួយគេហទំព័រព័ត៌មានដើមអម្ពិល ស្ត្រីរូបនេះបានចោទប្រកាន់លោក ជឿន ហេង ដែលជាអតីតមិត្តប្រុសរបស់នាងពីបទវាយដំលើរូបនាង បន្ទាប់ពីនាងបានបដិសេធមិនព្រមមកសប្បាយជាមួយគាត់ និងមិត្តភក្តិរបស់គាត់នៅក្លឹបនោះ។
នាងបាននិយាយនៅក្នុងវីដេអូឃ្លីបនោះថា “ដោយសារខ្ញុំចង់ចេញពីបន្ទប់ ហើយខ្ញុំចេះតែនិយាយពាក្យនេះដដែលៗ គាត់បានវាយខ្ញុំរហូតដល់ខ្ញុំមើលទៅដូចនេះ។ គាត់បានប្រើដៃនិងជើងវាយនិងទាត់ធាក់ផ្ទៃមុខ និងក្បាលរបស់ខ្ញុំ។ ឥឡូវនេះក្បាលរបស់ខ្ញុំហើមយ៉ាងខ្លាំង”។
នៅក្នុងច្បាប់ចម្លងនៃពាក្យបណ្តឹងដែលបានចុះផ្សាយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក Fresh News នាងក៏បានចោទប្រកាន់លោក ជឿន ហេង ពីបទអូសនាងចូលទៅក្នុងរថយន្ត ហើយចាប់រំលោភផងដែរ៕សារុន