កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសបានទៅស្ថានទូតបារាំងនៅក្នុងរាជធានីភ្នំពេញដើម្បីចុះហត្ថលេខាលើលិខិតចូលរួមរំលែកទុក្ខមនុស្ស១២នាក់ដែលត្រូវក្រុមភេវរករបាញ់សម្លាប់កាលពីសប្តាហ៍មុននៅក្នុងទីក្រុងប៉ារីស។
លោក ហ៊ុន សែន បានទៅស្ថានទូតនេះនាពេលរសៀលដើម្បីចុះហត្ថលេខាលើលិខិតចូលរួមរំលែកទុក្ខ ហើយលោកបាននិយាយជាមួយលោក Jean-Claude Poimboeuf ឯកអគ្គ រដ្ឋទូតបារាំង។
លិខិតរបស់លោកនាយករដ្ឋមន្ត្រីមានខ្លឹមសារថា ការវាយប្រហារកាលពីថ្ងៃពុធសប្តាហ៍មុនដែលក្នុងនោះអ្នកកាសែតជនជាតិបារាំង និងអ្នកកាសែតនៅទស្សនាវដ្តី Charlie Hebdo ត្រូវបានក្រុមជ្រុលនិយមអីុស្លាមបាញ់សម្លាប់នោះ គឺជាការវាយប្រហារទៅលើសេរីភាពនៃការបញ្ចេញមតិ។
លិខិតរបស់លោក ហ៊ុន សែន មានខ្លឹមសារបន្ថែមថា “ប្រទេសកម្ពុជាសូមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការវាយប្រហារភេរវកម្មដ៏ព្រៃផ្សៃនៅប្រទេសបារាំងនាសប្តាហ៍មុននេះដែលបានបង្កឲ្យជនជាតិបារាំងស្លូតត្រង់បាត់បង់ជីវិត របួសជាច្រើននាក់ និងមានការតក់ស្លុតយ៉ាងខ្លាំងក្លា។ វាជាការវាយប្រហារដ៏ធ្ងន់ធ្ងរដល់តម្លៃមូលដ្ឋាននៃសេរីភាពបញ្ចេញមតិ និងសិទ្ធិ ប្រជាធិបតេយ្យ” ដែលក្នុងនោះលោកក៏បានរំលែកទុក្ខដល់ការសម្លាប់មនុស្សប្រាំនាក់ទៀតក្នុងការវាយប្រហារភេរវកម្មនេះដែរ។
លិខិតនេះបន្ថែមថា “ក្នុងនាមប្រជាជនកម្ពុជានិងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់ក្រុមគ្រួសារ និងជនរងគ្រោះដែលបានបាត់បង់ជីវិតនៅក្នុងអំពើហិង្សា ដ៏គួរឲ្យស្អប់ខ្ពើមនេះ និងសូមសម្តែងនូវសាមគ្គីភាព និងសមានចិត្តដ៏ជ្រាលជ្រៅជាមួយនឹងរដ្ឋាភិបាលនិងប្រជាជនបារាំង”។
នៅព្រឹកនោះ លោក ហោ ណាំហុង បានទៅស្ថានទូតនេះដើម្បីចុះហត្ថលេខាលើលិខិតស្រដៀងគ្នានេះ ដោយប្រាប់អ្នកយកព័ត៌មានខណៈលោកចាកចេញពីស្ថានទូតថា លោកមក “ដើម្បីបង្ហាញការចូលរួមរំលែកទុក្ខរបស់ប្រទេសកម្ពុជា និងសម្តែងនូវសាមគ្គីភាពរបស់ប្រទេសកម្ពុជាប្រឆាំងការសម្លាប់ដ៏ព្រៃផ្សៃនេះ”។
លោក ហោ ណាំហុង បានមានប្រសាសន៍នៅពេលលោកចាកចេញថា “នេះគឺជាការសម្លាប់ដ៏ព្រៃផ្សៃពីសំណាក់ក្រុមជ្រុលនិយមដែលបានសម្លាប់អ្នកកាសែតជនជាតិបារាំងនៅកាសែត Charlie Hebdo កាលពីថ្ងៃទី៧ ខែមករា”។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វុ៊ន ស៊ិនប៉ិចនៅពេលខាងមុខ ដែលបានចំណាយពេលវ័យជំទង់របស់ព្រះអង្គនៅក្នុងប្រទេសបារាំងនោះ ក៏បានយាងទៅស្ថានទូតនេះកាលពីម្សិលមិញដើម្បីសរសេរលិខិតចូលរួមរំលែកទុក្ខផងដែរ។
នៅក្នុងប្រទេសកម្ពុជា អ្នកកាសែត១៣នាក់ត្រូវបានសម្លាប់នៅពេលកំពុងបំពេញការងាររបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៩៤មក ហើយគ្មាននរណាម្នាក់ត្រូវបានយកមកផ្តន្ទាទោសចំពោះការសម្លាប់អ្នកកាសែតឡើយ។
កាលពីខែ ធ្នូ ឆ្នាំ២០១១ សន្តិសុខយាមឃ្លាំងម្នាក់នៅកម្មវិធីស្បៀងអាហារពិភពលោកក៏ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលប្រាំមួយខែបន្ទាប់ពីចែកចាយរូបថតដែលគាត់បានព្រីនចេញពីគេហទំព័រ K.I. Media ដែលបានចោទថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា រួមមានលោក ហ៊ុន សែន ពីបទក្បត់ជាតិ។
គេហទំព័រនេះដែលជារឿយៗធ្វើការអត្ថាធិប្បាយរិះគន់ គូររូបត្លុក និងរូបភាពចំអកមន្ត្រីរដ្ឋាភិបាលនោះ ត្រូវបានហាមឃាត់នៅក្នុងប្រទេសកម្ពុជា។
លោក មឿន ឈានណារិទ្ធ នាយកប្រតិបត្តិវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាប្រព័ន្ធផ្សព្វផ្សាយបានមានប្រសាសន៍ថា លោកចង់ឃើញលោក ហ៊ុន សែន និងលោក ហោ ណាំហុង ពង្រីកការការពារសេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា ថ្នាក់ដឹកនាំប្រទេសកម្ពុជាហាក់ដូចជាមិនយកចិត្តទុកដាក់ចំពោះការសម្លាប់អ្នកកាសែតក្នុងប្រទេសកម្ពុជាឡើយ។ ដូច្នេះសូមថ្នាក់ដឹកនាំប្រទេសកម្ពុជាយកចិត្តទុកដាក់ចំពោះអ្នកកាសែតកម្ពុជារបស់យើងផងដែលត្រូវបានសម្លាប់ និងគំរាមកំហែង”៕សារុន