40.9 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​​ជ្រើស​តាំង​លោក សម រង្ស៊ី ​​ឲ្យ​ធ្វើ​ជា​ប្រធាន​ក្រុម​ភាគ​តិច​ជា​ផ្លូវ​ការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា សមាជិក​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជ្រើស​តាំង​លោក​​​ឲ្យ​ធ្វើ​ជា​ “មេដឹកនាំ​ក្រុម​ភាគ​តិច​ថ្មី” នៃ​រដ្ឋសភា​ជា​ផ្លូវ​ការហើយ​។

កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា លោក​ សម រង្ស៊ី និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមព្រៀង​គ្នា​បង្កើត​តំណែង​ថ្មី​នេះ​​ ដែល​មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​ ជា​ផ្នែក​នៃ​ “វប្បធម៌​​ពិភាក្សា​​គ្នា” ​ថ្មី​មួយ​រវាង​រដ្ឋាភិបាល​ និង​​គណបក្ស​ប្រឆាំង​។

កាលពី​ថ្ងៃ​អាទិត្យ លោក សម រង្ស៊ី បាន​ប្រឡប់​ពី​តំបន់​អឺរ៉ុប​មក​វិញ​បន្ទាប់់ពី​​​បំពេញ​ទស្សនកិច្ច​អស់​រយៈ​ពេល​ពីរ​សប្ដាហ៍​ ប៉ុន្តែ​​លោក​បាន​លើក​ឡើង​ថា ​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​​បាន​ត្រឡប់​មកពី​​​អឺរ៉ុប​ដូច​គ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ផ្ញើ​លិខិត​​ស្ដីពី​ការ​ជ្រើស​តាំង​នេះ​ជូន​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​រួច​ហើយ​កាលពី​ចុង​សប្ដាហ៍​មុន​។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “លោក​ កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​បញ្ចប់​​នីតិវិធី​រួច​ហើយ។ ឥឡូវ​នេះ​វា​កំពុង​ស្ថិត​ក្នុង​ដៃ​របស់​​ប្រធាន​សភា​។ យើង​​​​មាន​បុណ្យ​៧មករា ហើយ​បន្ទាប់​មក​ចុង​សប្ដាហ៍​ទៀត​ ខ្ញុំ​គិត​ថា អ្វី​​ៗ​​គ្រប់​យ៉ាង​នឹង​​មាន​​ការ​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ពីរ​បី​ថ្ងៃ​ក្រោយ​នេះ​”។

គណបក្ស​សង្គ្រោះ​ជាតិ​មាន​អាសនៈ​នៅ​ក្នុង​សភា​ចំនួន​៥៥​ ​ទល់​នឹង​​អាសនៈ​សភា​ចំនួន​៦៨​របស់​​គណបក្ស​ប្រជាជន​កម្ពុជា​​ ​ដោយ​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​នេះ​​ក្លាយ​ជា​គណបក្ស​​​ប្រឆាំង​ដែល​មាន​អាសនៈ​ច្រើន​បំផុត​នៅ​ក្នុង​សភា​ចាប់​តាំងពី​​មាន​ការ​ស្ដារ​លទ្ធិប្រជា​ធិបតេយ្យ​ឡើង​វិញ​​​កាលពី​​ឆ្នាំ​១៩៩៣​មក​៕ ស៊ុយឈាង​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស