33 C
Phnom Penh

សកម្ម​​​ជន​​​ព្រះ​​​សង្ឃដែល​​​ជា​​​គ្រូ​​​សូត្រ​​​ឆ្វេង​​​នៃ​​​វត្ត​​​សាមគ្គីរង្សី​​​ ត្រូវ​​​សាមណេរ​​​ចាក់​​​សម្លាប់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាមណេរ​​​មួយ​​​អង្គ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពីម្សិលមិញ បន្ទាប់​​​ពី​​​ប្រើ​​​កាំបិត​​​ចិត​​​បន្លែ​​​ចាក់​​​សម្លាប់​​​ភិក្ខុ​​​​​​​​​មួយ​​​អង្គ​​​នៅ​​​វត្ត​​​សាមគ្គីរង្សី​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ នេះ​​​បើ​​​យោង​​​តាម​​​ការ​​​លើក​​​ឡើង​​​របស់​​​នគរ​​​បាល​​​ និង​​​អ្នក​​​ស្នាក់​​​នៅ​​​ក្នុង​​​វត្ត​​​នេះ​​​​​​។Monk-front

វត្ត​​​ដែល​​​ស្ថិត​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​នេះ​​​បាន​​​ក្លាយ​​​ជា​​​កន្លែង​​​ស្នាក់​​​អាស្រ័យ​​​សម្រាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​ជួប​​​ការ​​​លំបាក​​​ដែល​​​ស្វែង​​​រក​​​កន្លែង​​​ជ្រក​​​កោន​​​នៅ​​​ក្នុង​​​រាជ​​​​​​ធានី​​​ភ្នំពេញ និង​​​ជា​​​កន្លែង​​​គង់​​​នៅ​​​​​​របស់​​​ព្រះ​​​សង្ឃ​​​​​​ខ្មែរ​​​ក្រោម​​​​​​ជា​​​ច្រើន​​​អង្គ ដែល​​​ធ្វើ​​​សកម្មភាព​​​នយោបាយ​​​យ៉ាង​​​សកម្ម​​​ រួ​​​ម​​​ទាំង​​​ព្រះ​​​សង្ឃ​​​​​​រងគ្រោះ​​​នៃ​​​ការ​​​ចាក់​​​សម្លាប់​​​កាល​​​ពីម្សិល​​​មិញ​​​ផង​​​។

លោក ជឹម សីុថា អធិការ​​​រង​​​នគរបាល​​​ខណ្ឌ​​​មាន​​​ជ័យ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សាមណេរខ្មែរ​​​​​​ក្រោម​​​មួួ​​​យ​​​អង្គ​​​ព្រះ​​​នាម​​​​​​ ចាន់ សុភ័ក្រ​​​ ព្រះ​​​ជន្ម​​​១៨​​​វស្សា ហៅ​​​ លី ទឹង បាន​​​ឈ្លោះ​​គ្នា​​​ជាមួយ​​​ព្រះ​​​តេជគុណ​​​ ថាច់​​​ ខាន់ ព្រះ​​​ជន្ម​​​៣៧​​​វស្សា​​​ ដែល​​​ត្រូវ​​​ជា​​​គ្រូ​​​សូត្រ​​​ឆ្វេង​​​នៃ​​​វត្ត​​​សាមគ្គីរង្សី នៅ​​​វេលា​​​ម៉ោង​​​ប្រហែល​​​៨​​​ព្រឹក​​​ម្សិលមិញ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​គ្រាន់​​​តែ​​​ទទួល​​​បាន​​​​​​ចម្លើយសារភាព​​​​​​ពី​​​ព្រះ​សង្ឃ​​​អង្គ​​​នេះ​​​ថា ព្រះ​​​តេជ​​​គុណ​​​ ថាច់ ខាន់ បានដាល់​​​លោក​​​មុន​​​ចំ​​​ថ្គាម​​​ខាង​​​ស្ដាំ។ មាន​​​ការ​​​ប្រឈម​​​មុខ​​​ដាក់​​​គ្នា​​​ ហើយ​​​សាមណេរ​​​អង្គ​​​នេះ​​​​​​ [ចាន់ សុភ័ក្រ] ក៏​​​ចាក់​​​ព្រះ​​​សង្ឃ​​​រង​​​គ្រោះ​​​​​​តែ​​​ម្តង​​​។ សាមណេរ​​​​​​អង្គ​​​នេះ​​​ថា លោក​​​​​​មិន​​​ដឹង​​​ថា លោក​​​ចាក់​​​ព្រះ​​​សង្ឃ​​​រង​​​គ្រោះទេ​​​ គឺ​​​លោក​​​​​​គ្រាន់​​​តែ​​​កាន់​​​កាំបិត​​​នៅ​​​ក្នុង​​​ដៃ​​​ប៉ុណ្ណោះ​​​”។

លោក​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ទៀត​​​ថា ព្រះតេជគុណ​​​ ថាច់​​​ ខាន់ បាន​​​សុគត​​​នៅ​​​ពេល​​​បន្តិច​​​ក្រោយ​​​មក​​​​​​ដោយសារ​​​តែ​​​របួស​​​ រួម​​​ទាំង​​​របួស​​​ចាក់​​​ក​​​ផង​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​ខ្មែរ​​​-សូវៀត​​​។

សាមណេរ​​​ ចាន់​​​ សុភ័ក្រ បាន​​​ភៀស​​​ខ្លួន​​​ចេញ​​​ពីវត្ត​​​សាមគ្គី​​​រង្សី​​​ បន្ទាប់​​​ពី​​​ការ​​​វាយ​​​តប​​​គ្នា​​​ ហើយ​​​នគរ​​​បាល​​​បាន​​​ចាប់​​​ខ្លួន​​​សាមណេរ​​​អង្គ​​​នេះ​​​នៅ​​​ផ្ទះ​​​មួយ​​​ក្បែរ​​​នោះ​​​ ដែល​​​លោក​​​​​​កំពុង​​​លាក់​​​ខ្លួន​​​​​​​។

លោក​​​ ជឹម ស៊ីថា បាន​​​មាន​​​ប្រសាសន៍​​​ថា “នគរ​​​បាល​​របស់​​​យើង​​​ និង​​​មន្ត្រី​​​មក​​​ពី​​​ក្រសួង​​​ធម្មការ​​​ និងសាសនា​​​បាន​​​ទៅដល់​​​ទី​​​នោះ ហើយ​​​ផ្សឹក​​​សាមណេរ​​​អង្គ​​​នេះ​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា នគរ​​​បាល​​​កំពុង​​សរសេរ​​​កំណត់​​​ហេតុ​​​ស្តី​​​ពី​​​ហេតុ​​​ការណ៍​​​នេះ ហើយ​​​នឹង​​​នាំ​​​ខ្លួន​​​សាមណេ​រ ចាន់ សុភ័ក្រ ទៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​​​​ធ្វើ​​​ការ​​​ចោទ​​​ប្រកាន់​​​នៅ​​​ថ្ងៃ​​​នេះ​​​។

ព្រះ​​​តេជគុណ ទីប ប៉ូលី  ព្រះ​​​ជន្ម​​​២៥​​​វស្សា​​​ ដែល​​​បាន​​​ឃើញ​​​ហេតុការណ៍​​​វាយ​​​តប​​​គ្នា​​​នេះ​​​​​​បាន​​​ច្រាន​​​ចោល​​​ការ​​​លើក​​​ឡើង​​​របស់​​​ជន​​​សង្ស័យ​​​ ដោយ​​​លោក​​​មាន​​​សង្ឃដីកា​​​ថា សាមណេរ​​​ ចាន់ សុភ័ក្រ បានដាល់​​​ព្រះ​​​សង្ឃរងគ្រោះ​​​មុន ហើយ​​​បន្ទាប់មក​​​បានដក​​​កាំបិត​​​ចេញ​​​។

ព្រះ​​​អង្គ​​​បាន​​​មាន​​​សង្ឃដីកា​​​ទៀត​​​ថា “សាមណេរ​​​អង្គ​​​នេះ​​​បាន​​​ដាល់​​​​​​ព្រះ​​​តេជគុណ ថាច់​​​ ខាន់ ហើយ​​​ព្រះ​​​តេជគុណ ថាច់ ខាន់ បាន​​​ព្យាយាម​​​ការ​​​ពារ​​​ខ្លួន​​​។ សាមណេរ​​​អង្គ​​​នេះ​​​បានដក​​​កាំបិត​​​ចេញ​​​ពី​​​ស្បង់ចីពរ​​​ ហើយ​​​បាន​​​ចាក់​​​លោក​​​ត្រូវ​​​ដៃ​​​ និង​​​ក​​​ ហើយ​​​​​​ឈាម​​​បាន​​​បាញ់​​​គ្រប់​​​កន្លែង​​​។ លោក​​​ [ថាច់ ខាន់] បាន​​​ព្យាយាម​​​រត់​​​គេច ប៉ុន្តែ បាន​​​ដួល​​​ទៅ​​​នឹង​​​ដី​​​ភ្លាមៗ​​​”។

ព្រះ​​​តេជគុណ សៀង សុវណ្ណារ៉ា ព្រះ​​​ចៅ​​​អធិការ​​​វត្ត​​​នេះ​​​បាន​​​មាន​​​សង្ឃដីកា​​​ថា ព្រះតេជគុណ​​​ ថាច់ ខាន់ បាន​​​ព្យាយាម​​​ទាញ​​​សាមណេរ​​​ ចាន់ សុភ័ក្រ​​​ ចូល​​​ក្នុង​​​បន្ទប់​​​របស់​​​លោក ដើម្បី​​​អប់រំ​​​ណែ​​​នាំ​​​ចំពោះ​​​ការ​​​​​​មិន​​​ស្តាប់​​​បង្គាប់ ហើយ​​​ពេល​​​នោះ​​​ការ​​​វាយ​​​តប់​​​គ្នា​​​ក៏​​​បាន​​​ផ្ទុះ​​​ឡើង។​​​

ព្រះ​​​អង្គ​​​បាន​​​មាន​​​សង្ឃដីកា​​​​​​ថា “ពីមុន​​​ សាមណេរ​​​អង្គ​​​នេះ​​​មិន​​​មែន​​​បែប​​​នេះ​​​ទេ​​​ លោក​​​ស្លូត​​​បូត​​​ និង​​​មិន​​​សូវ​​​មាត់​​​ក​​​ ប៉ុន្តែ ថ្មី​​​ៗ​​​នេះ​​​យើង​​​សង្កេត​​​ឃើញ​​​ថា លោក​​​ឆេវឆាវ”។

ព្រះ​​​តេជគុណ សៀង សុវណ្ណារ៉ា បាន​​​មាន​​​សង្ឃដីកា​​​បន្ត​​​ថា កាល​​​ពី​​​យប់​​​ថ្ងៃ​​​អាទិត្យ​​​ សាមណេរ​​​ ចាន់ សុភ័ក្រ បាន​​​ហែក​​​សេចក្តី​​​ប្រកាស​​​មួយ​​​បិទ​​​នៅ​​​ក្នុង​​​វត្ត​​​សាមគ្គី​​​រង្សី​​​ ដែល​​​សរសេរ​​​ដាស់​​​តឿន​​​ព្រះ​​​សង្ឃ​​​ឲ្យ​​​មាន​​​ការ​​​ប្រុង​​​ប្រយ័ត្ន​​​ចំពោះ​​​ជន​​​ស៊ីវិល​​​ម្នាក់​​​ដែល​​​​​​ដើរ​​​រៃអង្គាស​​​ដោយ​​​ប្រើ​​​ឈ្មោះ​​​វត្ត​​​នេះ​​​។ ព្រះ​​​តេជគុណ​​​បាន​​​មាន​​​សង្ឃដីកា​​​ទៀត​​​ថា នេះ​​​ជា​​​មូល​​​ហេតុ​​​ដែល​​​ព្រះ​​​តេជគុណ ថាន់​​​ ខាន់ ហៅ​​​សាមណេរ​​​អង្គ​​​នេះ​​​ទៅ​​​ស្តី​​​ឲ្យ​​​។

ព្រះ​​​តេជគុណ​​​បាន​​​មាន​​​សង្ឃដីកា​​​ថា ព្រះ​​​សង្ឃ​​​ដែល​​​សុគត​​​​​​​​​ គឺ​​​ជា​​អ្នក​​​តស៊ូ​​​មតិដើម្បីការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​​​ ដែល​​​ចូល​​​រួម​​​ហែ​​​ក្បួន​​​ជា​​​ញឹក​​​ញាប់​​​ជា​​​មួយ​​​អ្នក​​​ភូមិ​​​​​​ដែល​​​ស្នាក់​​​នៅ​​​ក្នុង​​​វត្ត​​​នេះ ដូច​​​ជា​​​ការ​​​ហែ​​​ក្បូន​​​ទៅ​​​កាន់​​​ស្ថាប័ន​​​នានា​​​របស់​​​រដ្ឋាភិបាល ដើម្បី​​​តវ៉ា​​​ក្នុង​​​វិវាទ​​​ដី​​​ធ្លី​​​ជា​​​ដើម​​​។

ព្រះ​​​តេជគុណ ថាច់ ហាសំអាង ព្រះ​​​គ្រូ​​​សូត្រ​​​ស្តាំ​​​នៅ​​​វត្ត​​​នេះ​​​បាន​​​មាន​​​សង្ឃដីកា​​​ថា ព្រះ​​​អង្គ​​​ជឿ​​​ថា ឃាតកម្ម​​​នេះ​​​មាន​​​ការ​​​រៀប​​​ចំ​​​ទុក​​​ជា​​​មុន​​​ គឺ​​​មិន​​​មែន​​​កើត​​​ឡើង​​​ដោយសារផ្ទុះ​​​​​​កំហឹង​​​អំឡុង​​​ការ​​​ប្រឈម​​​មុខ​​​ដាក់​​​គ្នា​​​នោះ​​​ទេ​​​។

ព្រះ​​​អង្គ​​​មាន​​​សង្ឃដីការ​​​ថា “វា​​​ជា​​​ឃាត​​​កម្ម​​​គ្រោង​​​ទុក​​​ ពីព្រោះ​​​សាមណេរ​​​អង្គ​​​នេះ​​​មាន​​​កាំបិត​​​រួចទុក​​​​​​ជា​​​ស្រេច​​​ ហើយ​​​មាន​​​បំណង​​​សម្លាប់​​​លោក​​​”។ ព្រះ​​​អង្គ​​​បាន​​​បន្ត​​​ថា សាមណេរ​​​ ចាន់ សុភ័ក្រ ហាក់​​​ដូច​​​ជា “ស្លូត​​បូត​​​” ហើយ​​​ឃាត​​​កម្ម​​​នេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​ព្រះ​​​សង្ឃ​​​ទាំង​​​អស់​​​​​​ដែល​​​គង់​​​នៅ​ក្នុង​​​​​វត្ត​​​សាមគ្គីរង្សី មាន​​​ការ​​​តក់​​​ស្លុត​​​យ៉ាង​​​ខ្លាំង​​​។

ព្រះ​​​អង្គ​​​បាន​​​បន្ត​​​ថា “​​​អាច​​​មាន​​​នរណា​​​ម្នាក់​​​​​​នៅ​​​ក្រៅ​​​វត្ត​​​​​​​​​​​​​​​ញុះញង់​​​ឲ្យ​​​សាមណេរ​​​អង្គ​​​នេះ​​​បង្ក​​​បញ្ហា​​​នៅ​​​ក្នុង​​​វត្ត​​​ ពីព្រោះ​​​បើ​​​វត្ត​​​នេះ​​​មាន​​​ឧប្បត្តិហេតុ​​​កើត​​​ឡើង​​​ ពួក​​​គេ​​​ [អាជ្ញាធរ]​​​​​​ អាច​​​បិទ​​​វត្ត​​​នេះ​​​ចោល​​​បាន​​​​​​”។

សូម​​​រំឭក​​​ថា ព្រះ​​​សង្ឃ​​​ខ្មែរ​​​ក្រោម​​​ពីរ​​​អង្គ​​​គង់​​​នៅ​​​វត្ត​​​សាមគ្គីរង្សី ​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​ ខណៈ​​​លោក​​​ព្យាយាម​​ដឹក​​​ជញ្ជូន​​​ទង់​​​ជាតិ​​​ទៅ​​​ចែក​​​ឲ្យ​​​អ្នក​​​ភូមិ​​​តវ៉ា​​​មក​​​ពី​​​ខេត្ត​​​ព្រះវិហារ​​​ដែល​​​ស្នាក់​​​នៅ​​​ក្នុង​​​វត្ត​​​នេះ​​​។ កាល​​​ពី​​​ថ្ងៃ​​​សុក្រ សាលា​​​ឧទ្ធរណ៍​​​បាន​​​ច្រាន​​​ចោល​​​សំណើ​​​សុំ​​​​​​ដោះ​​​លេង​​​នៅ​​​ក្រៅ​​​ឃុំ​​​សម្រាប់​​​ព្រះ​​​សង្ឃ​​​​​​​​​ទាំង​​​ពីរ​​​អង្គ​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ចូល​​​រួម​​​​​​ក្នុង​​អង្គការ​​​ទុច្ចរិត​​​៕សុខុម​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស