41.3 C
Phnom Penh

ស្ថានីយ​វិទ្យុ​ដែល​ផ្ដោត​លើ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​​ត្រូវ​បាន​បើក​ដំណើរ​ការ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានីយ​វិទ្យុ​ឯកជន​ថ្មីមួយ​​ដែល​​មាន​គោលដៅ​លើ​សហគមន៍​ជនជាតិ​ភាគតិច​​នៅ​តំបន់​ភាគឦសាន​​ប្រទេស ត្រូវ​បាន​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​ក្នុង​ក្រុង​បានលុង ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​អាទិត្យ​ បន្ទាប់ពី​ការ​ផ្សាយ​សាកល្បង​​កាលពី​ខែមុន​។

លោក​ ក្លាន ឃឿង ប្រធាន​រដ្ឋបាល និង​​គណនេយ្យ​​នៅ​ស្ថានីយ​វិទ្យុ​នេះ​​បាន​ឲ្យ​ដឹង​ថា វិទ្យុ​ផ្កាព្រៃ​​នឹង​ធ្វើ​ការ​ផ្សាយ​ប្រចាំ​ថ្ងៃ​ជា​ភាសា​របស់​ជនជាតិ​ដើមភាគ​តិច​​គ្រឹង ទំពូន និង​ចារ៉ាយ រួម​ទាំង​មាន​ផ្សាយ​កម្មវិធី​ជា​ភាសា​អង់គ្លេស​ និង​ភាសា​ឡាវ​​ផង​ដែរ​។

លោក ក្លាន ឃឿង ជា​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​មកពី​ខេត្ត​រតនគិរី បាន​លើក​ឡើង​ថា ​ស្ថានីយ​វិទ្យុ​នេះ​ដែល​ក៏មាន​បំណង​ផ្សាយ​ដល់​​​ខេត្ត​ស្ទឹងត្រែង ព្រះវិហារ កំពង់​ចាម ក្រចេះ និង​ខេត្ត​មណ្ឌលគិរី​ដែរ​នោះ នឹង​​បក​​ប្រែ​ព័ត៌មាន​នយោបាយ​ និង​សេចក្ដី​រាយការណ៍​នានា​ទាក់​ទិន​វិវាទ​ដីធ្លី​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ធំៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​​ជា​ភាសា​របស់​ជនជាតិ​ដើម​ភាគតិច​។

លោក​បាន​មាន​ប្រសាសន៍​ថា “ប្រភេទ​នៃ​ព័ត៌មាន​ទាំង​អស់​នេះ​​ គឺ​ពិត​ជាមាន​សារៈសំខាន់​សម្រាប់​​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច ព្រោះ​ពួកគាត់​​តែង​តែ​មាន​វិវាទ​ដីធ្លី​ ហើយ​ដោយ​សារ​តែ​​​ការ​ផ្សាយ​អំពី​បញ្ហា​នេះ​​​យើង​​អាច​ជួយ​ពួកគាត់​​ឲ្យ​ចេះ​ពិចារណា​​ថា តើ​ពួកគាត់​អាច​ធ្វើ​អ្វី​បាន​ក្នុង​ស្ថានភាព​បែប​នេះ​”។

លោក លី ស៊ីផាញ់ ដែល​ជា​ស្វាមី​របស់​លោកស្រី សួន សុភា នាយិការ​វិទ្យុ​ផ្កាព្រៃ​នេះ និង​​ដែល​មាន​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​បើក​អាជីវកម្ម​​​ថ្មី​នេះ​ដែរ​នោះ បាន​លើក​ឡើង​ថា វិទ្យុ​នេះ​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​​ ឬ​រដ្ឋាភិបាល​​ឡើយ​។

លោក​​ លី ស៊ីផាញ់ បាន​មាន​ប្រសាសន៍​ថា “ហេតុ​ផល​ដែល​យើង​បង្កើត​វិទ្យុ​នេះ​ ព្រោះ​​យើង​មើល​ឃើញ​ពី​សក្ដានុពល​សម្រាប់​ការ​អភិវឌ្ឍ​លើ​វិស័យ​នេះ​នៅ​ក្នុង​ខេត្ត​រតនគិរី​”។ លោក​បាន​បន្ថែម​ថា ប្រាក់​ចំណូល​នឹង​អាច​ទទួល​បាន​តាម​រយៈ​​ការ​ផ្សាយ​​ពាណិជ្ជកម្ម​ឲ្យ​អ្នក​រកស៊ី​​​ក្នុង​មូលដ្ឋាន​។

លោក​ លី ស៊ីផាញ់ បាន​លើក​ឡើង​ទៀត​ថា ​ស្ថានីយ​មាន​គោលដៅ​ដូច​អ្វី​ដែល​បាន​រៀប​រាប់​ទាំង​អស់​ខាង​លើ​នេះ គឺ​ដើម្បី​ផ្ដល់​ព័ត៌មាន​ និង​ចំណេះ​ដឹង​ដល់​យុវជន​​នៅ​ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគតិច។

លោក​បាន​មាន​ប្រសាសន៍​ថា “ក្រុម​ការ​ងារ​សុទ្ធតែ​រស់​នៅ​ទីនេះ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ ហើយ​យើង​ឃើញ​ថា យុវជន​នៅ​ក្នុង​ក្រុម​ជនជាតិ​ដើមភាគ​តិច​ខ្វះ​ព័ត៌មាន​ និង​ការ​អប់រំ​ ហើយ​យើង​ចង់​ឲ្យ​ពួកគេ​មាន​ចំណេះ​ដឹង​កាន់​តែ​ច្រើន​ជាង​មុន​”​៕ ស៊ុយឈាង​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស