ស្ថានីយវិទ្យុឯកជនថ្មីមួយដែលមានគោលដៅលើសហគមន៍ជនជាតិភាគតិចនៅតំបន់ភាគឦសានប្រទេស ត្រូវបានបើកដំណើរការជាផ្លូវការក្នុងក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការផ្សាយសាកល្បងកាលពីខែមុន។
លោក ក្លាន ឃឿង ប្រធានរដ្ឋបាល និងគណនេយ្យនៅស្ថានីយវិទ្យុនេះបានឲ្យដឹងថា វិទ្យុផ្កាព្រៃនឹងធ្វើការផ្សាយប្រចាំថ្ងៃជាភាសារបស់ជនជាតិដើមភាគតិចគ្រឹង ទំពូន និងចារ៉ាយ រួមទាំងមានផ្សាយកម្មវិធីជាភាសាអង់គ្លេស និងភាសាឡាវផងដែរ។
លោក ក្លាន ឃឿង ជាជនជាតិដើមភាគតិចចារ៉ាយមកពីខេត្តរតនគិរី បានលើកឡើងថា ស្ថានីយវិទ្យុនេះដែលក៏មានបំណងផ្សាយដល់ខេត្តស្ទឹងត្រែង ព្រះវិហារ កំពង់ចាម ក្រចេះ និងខេត្តមណ្ឌលគិរីដែរនោះ នឹងបកប្រែព័ត៌មាននយោបាយ និងសេចក្ដីរាយការណ៍នានាទាក់ទិនវិវាទដីធ្លីពីប្រព័ន្ធផ្សព្វផ្សាយធំៗនៅក្នុងប្រទេសកម្ពុជាទៅជាភាសារបស់ជនជាតិដើមភាគតិច។
លោកបានមានប្រសាសន៍ថា “ប្រភេទនៃព័ត៌មានទាំងអស់នេះ គឺពិតជាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋជនជាតិដើមភាគតិច ព្រោះពួកគាត់តែងតែមានវិវាទដីធ្លី ហើយដោយសារតែការផ្សាយអំពីបញ្ហានេះយើងអាចជួយពួកគាត់ឲ្យចេះពិចារណាថា តើពួកគាត់អាចធ្វើអ្វីបានក្នុងស្ថានភាពបែបនេះ”។
លោក លី ស៊ីផាញ់ ដែលជាស្វាមីរបស់លោកស្រី សួន សុភា នាយិការវិទ្យុផ្កាព្រៃនេះ និងដែលមានពាក់ព័ន្ធនៅក្នុងការបើកអាជីវកម្មថ្មីនេះដែរនោះ បានលើកឡើងថា វិទ្យុនេះមិនស្ថិតក្រោមឥទ្ធិពលនយោបាយ ឬរដ្ឋាភិបាលឡើយ។
លោក លី ស៊ីផាញ់ បានមានប្រសាសន៍ថា “ហេតុផលដែលយើងបង្កើតវិទ្យុនេះ ព្រោះយើងមើលឃើញពីសក្ដានុពលសម្រាប់ការអភិវឌ្ឍលើវិស័យនេះនៅក្នុងខេត្តរតនគិរី”។ លោកបានបន្ថែមថា ប្រាក់ចំណូលនឹងអាចទទួលបានតាមរយៈការផ្សាយពាណិជ្ជកម្មឲ្យអ្នករកស៊ីក្នុងមូលដ្ឋាន។
លោក លី ស៊ីផាញ់ បានលើកឡើងទៀតថា ស្ថានីយមានគោលដៅដូចអ្វីដែលបានរៀបរាប់ទាំងអស់ខាងលើនេះ គឺដើម្បីផ្ដល់ព័ត៌មាន និងចំណេះដឹងដល់យុវជននៅក្នុងសហគមន៍ជនជាតិដើមភាគតិច។
លោកបានមានប្រសាសន៍ថា “ក្រុមការងារសុទ្ធតែរស់នៅទីនេះអស់រយៈពេលជាង១០ឆ្នាំមកហើយ ហើយយើងឃើញថា យុវជននៅក្នុងក្រុមជនជាតិដើមភាគតិចខ្វះព័ត៌មាន និងការអប់រំ ហើយយើងចង់ឲ្យពួកគេមានចំណេះដឹងកាន់តែច្រើនជាងមុន”៕ ស៊ុយឈាង