26 C
Phnom Penh

តុលាការ​បើក​សវនា​ការ​ជំនុំជម្រះ​រឿង​ក្តី​មនុស្ស​ប្រាំ​នាក់​មាន​គម្រោង​ជួញដូរ​ស្ត្រី​ខ្មែរ ទៅ​ប្រទេស​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ដំបូង​រាជធានី​​ភ្នំពេញ​បាន​បើក​សវនាការ​ជំនុំជម្រះ​រឿងក្តី​​ជនជាតិ​ចិន​ពី​រនាក់​​ និង​​ស្ត្រី​ជនជាតិ​ខ្មែរ​បី​នាក់ ដែល​ជាប់​ចោទ​ពីបទ​ជួញដូរ​មនុស្ស​កាលពី​ថ្ងៃ​ច័ន្ទ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​​កាលពី​ខែ​ឧសភា ពីបទ​សម្រប​សម្រួល​ឲ្យ​មាន​ការ​រៀប​ការ​រវាង​ស្ត្រី​ខ្មែរ និង​កូន​កម្លោះ​ក្នុង​ប្រទេស​ចិន​។

ចុង​ចោទ​ទាំង​នេះ​គឺ​ឈ្មោះ លី ស៊ីគីង អាយុ​៣២​ឆ្នាំ និង​ វ៉ាង ហ៊ូហ្គូ អាយុ​៤៩​ឆ្នាំ ជា​ជន​ជាតិ​ចិន​ និង​ ឈុន លីដា អាយុ​២៧​ឆ្នាំ សុខ ឃីម អាយុ​៥៩​ឆ្នាំ និង​ ដូយ សំអូន អាយុ​៥៧​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​ត្រូវ​បាន​​​ចាប់​ខ្លួន​នៅ​ផ្ទះ​ជួល​របស់​ ឈុន លីដា ក្នុង​ខណ្ឌ​ទួលគោក បន្ទាប់ពី​នគរ​បាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ទទួល​បាន​​ព័ត៌មាន​ពី​អ្នក​ជិត​ខាង​។

អំឡុង​ការ​ឆ្មក់​ចូល​ផ្ទះ​នោះ នគរ​បាល​បាន​រក​ឃើញ​​​ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ​ពីរ​នាក់ ព្រម​ទាំង​ស្ត្រី​ប្រាំ​នាក់​ទៀត​​អាយុ​ពី​១៩​ឆ្នាំ ដល់​២១​ឆ្នាំ ដែល​នគរ​បាល​ជឿថា នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ចិន។

ទោះ​ជាយ៉ាង​ណា​ លោក ប៊ុន គង់ មេធាវី​របស់​ជនជាតិ​ចិន​​​ទាំង​ពីរ​នាក់នេះ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​កាលពី​ម្សិលមិញ ដោយ​លើក​ឡើង​ថា តាមពិត​ពួកគេ​​ស្វែងរក​ប្រពន្ធ​ឲ្យ​លោក ស៊ីគីង តែ​ប៉ុណ្ណោះ​។ លោក ប៊ុន គង់ បាន​មាន​ប្រសាសន៍​ថា “ហ៊ូហ្គូ បាន​ស្គាល់ លីដា ហើយ​បាន​សុំ​ឲ្យ​នាង​​រក​ប្រពន្ធ​ឲ្យ​គាត់​។ នៅ​​ពេល​ពួកគេ​បាន​​ទៅ​ផ្ទះ​របស់​ លីដា ដើម្បី​មើល​ស្ត្រី​ទាំង​នោះ ពួកគេ​​ត្រូវ​បាន​ចាប់​ខ្លួន​តែ​ម្ដង​”។

តាម​ការ​សាកសួរ​ អ្នកស្រី សុខ ឃីម និង​​អ្នកស្រី សំអូន បាន​និយាយ​ថា ពួកគាត់​ត្រូវ​ជា​ម្ដាយ និង​សាច់​ញាតិ​របស់​ លីដា ដែល​បាន​ទៅ​លេង​ផ្ទះ​របស់​នាង​ ស្រាប់តែពួកគាត់​​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទីនោះ​តែម្តង។ អ្នកស្រី សំអូន បាន​និយាយ​ថា “ខ្ញុំ​​សូម​ស្បថ​ថា វា​ជាលើក​ទី​១​ហើយ​​ដែល​ខ្ញុំ​បាន​មក​រាជ​ធានី​ភ្នំពេញ។ ខ្ញុំ​គ្មាន​កំហុស​ទេ​”។ សវនាការ​​គ្រោង​បន្ត​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា៕ សារុន​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស