28 C
Phnom Penh

ការ​ដំឡើង​ប្រាក់​ខែ​សម្រាប់​មន្ត្រី​នគរ​បាល​​ និង​ទាហាន​​ដែល​មាន​ឋានន្តរសក្តិ​ទាប ​ត្រូវ​បាន​ប្រកាស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាលពី​ថ្ងៃ​ច័ន្ទ​ថា មន្ត្រី​នគរ​បាល និង​ទាហាន​ដែល​មាន​ឋានន្តរសក្តិ​ទាប​ នឹង​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ខែ​មុន​​​ចូល​ឆ្នាំ​ខ្មែរ នៅ​ពាក់​កណ្ដាល​ខែ​មេសា។

នៅឯ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ទំនប់​វារីអគ្គិសនី​ថ្មី​មួយ​នៅ​ក្នុង​ខេត្ត​កោះកុង លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ​មន្ត្រី​​នគរ​បាល​ជាតិ​​ដែល​មាន​ឋានន្តរសក្ដិ​ជាពលបាល​ត្រី នឹង​ទទួល​បាន​​ការ​ដំឡើង​ប្រាក់​ខែ​​ ៣៥,៣ ភាគរយ​ ពី​៤៧៣.០០០​រៀល​ [ប្រហែល​១១៨​,២៥​ដុល្លារ​] ​ក្នុង​មួយ​ខែ​ដល់​៦៤០.០០០​រៀល​ [ប្រហែល​១៦០​ដុល្លារ​] ក្នុង​មួយ​ខែ​ ចំណែក​ឯ​ទាហាន​ដែល​មាន​ឋានន្តរសក្តិ​ទាប​បំផុត នឹង​ទទួល​បាន​ការ​ដំឡើង​​ប្រាក់​ខែ​ពី​ ៣៥៥.០០០រៀល​ (ប្រហែល​៨៨,៧៥​ដុល្លារ​) ដល់​៥៣​៣.០០០​រៀល​ (ប្រហែល​១៣៣,២៥​ដុល្លារ​)។

ក្រុម​ទាំងពីរ​នេះ​ក៏​​ទទួល​បាន​របប​អង្ករ​ប្រចាំ​ខែ ​ផង​ដែរ​។ ការ​ដំឡើង​ប្រាក់​ខែ​នេះ​​​​​ធ្វើ​ឡើង​ស្រប​ពេល​​​នឹង​​ការ​ប្រកាស​​ដំឡើង​ប្រាក់​ខែ​សម្រាប់​មន្ត្រី​រាជការ​ស៊ីវិល ដែល​ទទួល​បាន​ប្រាក់​ខែ​ទាប​បំផុត ព្រមទាំង​គ្រូបង្រៀន​​ និង​បុគ្គលិក​ពេទ្យ​ផង​ដែរ​ ដែល​លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា នឹង​ចាប់​ផ្ដើម​ទទួល​ប្រាក់​ខែ​ថ្មី​របស់​ខ្លួន​នៅ​ខែ​មេសា។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “យើង​ត្រូវ​បង្កើត​​ប្រព័ន្ធ​ប្រាក់​ខែ​សម្រាប់​​បើក​ប្រាក់​ខែ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ នគរ​បាល ​និង​មន្ត្រី​រាជការ​ស៊ីវិល​ក្នុង​ពេល​​ជាមួយ​គ្នា​។ នៅ​ខែ​មេសា ប្រាក់​ខែ​​នឹង​ត្រូវ​បើក​ឲ្យ​មុន​ពេល​ចូល​ឆ្នាំ​ខ្មែរ។ បញ្ហា​សាច់​ប្រាក់​មិន​មែន​ជា​ឧបសគ្គ​សម្រាប់​យើង​ទេ​”៕ សុខុម​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស