មន្ត្រីតុលាការមួយរូបបានលើកឡើងថា កាលពីម្សិលមិញសាលាដំបូងរាជធានីភ្នំពេញបានចាប់ផ្ដើមសាកសួរអតីតសាមណេរអាយុ១៨ឆ្នាំ ដែលជាប់ចោទពីបទចាក់សម្លាប់ភិក្ខុសង្ឃមួយអង្គឲ្យសុគតនៅវត្តសាមគ្គីរង្សី កាលពីថ្ងៃច័ន្ទ។
អតីតសាមណេរ ចាន់ សុភ័ក្ត្រ ត្រូវបានចោទប្រកាន់ពីបទធ្វើគតព្រះតេជគុណ ថាច់ ខាន់ ព្រះជន្ម៣៧ព្រះវស្សា គ្រូសូត្រឆ្វេងនៅវត្តនេះ នឹងកាំបិតចិតបន្លែអំឡុងពេលឈ្លោះគ្នានៅវត្តក្នុងខណ្ឌមានជ័យនេះកាលពីព្រឹកថ្ងៃច័ន្ទ។
ព្រះរាជអាជ្ញារង ជា មេ៉ត បានមានប្រសាសន៍ថា “យើងបានសាកសួរជននេះហើយ ប៉ុន្តែយើងមិនទាន់ធ្វើការចោទប្រកាន់ទេ។ យើងនឹងបន្តសាកសួរជននេះនៅថ្ងៃស្អែក ហើយបន្ទាប់មកនឹងបញ្ជូនជននេះទៅឲ្យចៅក្រមស៊ើបសួរ” មុនពេលលោកបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀត។
ទោះជាយ៉ាងណា លោក ជួន ណារិន ស្នងការរងរាជធានីភ្នំពេញបានលើកឡើងផ្ទុយពីលោក ជា ម៉េត ដោយមានប្រសាសន៍ថា ព្រះរាជអាជ្ញារងរួបនេះបានធ្វើការចោទប្រកាន់អតីតសាមណេរ ចាន់ សុភ័ក្ត្រ ដែលត្រូវបានចាប់ផ្សឹករួចហើយ។ លោកបានលើកឡើងថា “ជនសង្ស័យត្រូវបានចោទប្រកាន់ដោយព្រះរាជអាជ្ញារង ដែលបានបញ្ចប់ការសាកសួរ និងចោទប្រកាន់ជននេះពីបទមនុស្សឃាតដោយចេតនា”។
លោក ជឹម ស៊ីថា អធិការរងនគរបាលខណ្ឌមានជ័យ ដែលកំពុងឃុំខ្លួនអតីតសាមណេរ ចាន់ សុភ័ក្ត្រ ក៏បានមានប្រសាសន៍ដែរថា អតីតសាមណេររូបនេះត្រូវបានចោទប្រកាន់កាលពីម្សិលមិញ។ លោកមានប្រសាសន៍ថា “ព្រះរាជអាជ្ញាបានបញ្ចប់ការសាកសួរ ហើយបានចោទប្រកាន់ជននេះ”។។
កាលពីថ្ងៃច័ន្ទ ទាំងព្រះចៅអធិការ និងគ្រូសូត្រស្ដាំនៅវត្តសាមគ្គីរង្សី ដែលមានព្រះសង្ឃខ្មែរកម្ពុជាក្រោមជាច្រើនអង្គ ដែលសកម្មខាងនយោបាយ រួមទាំងព្រះតេជគុណ ថាច់ ខាន់ ផង បានមានសង្ឃដីកាថា អតីតសាមណេរ ចាន់ សុភ័ក្ត្រ មានចរិតស្លូតបូត។ ព្រះតេជគុណទាំងពីរបានលើកឡើងថា ព្រះអង្គជឿថា អតីតសាមណេរនេះត្រូវបានភាគីទី៣ញុះញង់ឲ្យធ្វើគតភិក្ខុរងគ្រោះ ដើម្បីឲ្យអាជ្ញាធរមានលេសបិទវត្តនេះចោល។
កាលពីម្សិលមិញ សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានចេញសេចក្ដីថ្លែងការណ៍អំពីករណីនេះកាលពីម្សិលមិញ ហើយក៏បានលើកឡើងដែរថា ទង្វើរបស់អតីតសាមណេរ ចាន់ សុភ័ក្ត្រ គឺជាផែនការរៀបចំទុកជាមុន។
សេចក្ដីថ្លែងការណ៍នេះមានខ្លឹមសារដូច្នេះថា “សមាគមសុំថ្លែងអំណរគុណ ដែលអាជ្ញាធរបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីហេតុការណ៍នេះកើតឡើង [ប៉ុន្តែ] បន្ទាប់ពីសមាគមរបស់យើងអង្កេតតាមដាន និងសិក្សាពីករណីនេះ យើងរកឃើញថា មានការសមគំនិត ហើយប្រាកដជាមានមេខ្លោងនៅពីក្រោយឃាតកម្មនេះ”។
ទោះជាយ៉ាងណា លោក ជឹម ស៊ីថា បានមានប្រសាសន៍ថា នគរបាលជឿថា មិនជាប់ពាក់ព័ន្ធភាគីទី៣ទេ ហើយថា អតីតសាមណេរ ចាន់ សុភ័ក្ត្រ ប្រព្រឹត្តអំពើមនុស្សឃាតនេះ “ដោយសារតែអ្នកទាំងពីរ [ព្រះសង្ឃ] ឈ្លោះគ្នាជាញឹកញាប់”៕ សុខុម