40.3 C
Phnom Penh

លោក​​​ ហ៊ុន សែន ចង់​​​ឲ្យ​​​មាន​​​ការ​​​បញ្ចុះ​​​តម្លៃ​​​អគ្គិសនី​​​ដល់​​​អ្នក​​​ប្រើ​​​ប្រាស់​​​ដែល​​​ខ្សត់ខ្សោយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​ស្ថាប័ន​​​រដ្ឋ​​​នានា​​​ជួយ​​​បញ្ចុ​​​ះ​​​តម្លៃ​​​អគ្គិសនី​​​ដល់​​​អ្នក​​​ប្រើ​​​ប្រាស់​​​នៅ​​​ទូទាំង​​​ប្រទេស ហើយ​​​ស្នើ​​​ឡើង​​​នូវ​​​គម្រោង​​​មួយ​​​ដើម្បី​​​ទប់​​​ស្កាត់​​​ម្ចាស់​​​ផ្ទះ​​​កុំ​​​ឲ្យ​​​កិប​​​កេង​​​ពី​​​កម្មករ​​​ដោយ​​​ត​​​អគ្គិសនី​​​​​​ទៅ​​​ឲ្យ​​​អ្នក​​​ជួល​​​បន្ទប់​​​ដោយ​​​ផ្ទាល់​​​តែ​​​ម្តង​​​។

នៅ​​​ក្នុង​​​ពិធី​​​សម្ពោធ​​​ដាក់​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​ទំនប់​​​វារី​​​អគ្គិសនី​​​ស្ទឹង​​​ឫស្សី​​​ជ្រុំ​​​ក្រោម កម្លាំង​​​៣៣៨​​​មេហ្គាវ៉ាត់​​​នៅ​​​ក្នុង​​​ខេត្ត​​​កោះ​​​កុង​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ លោក ហ៊ុន សែន បាន​​​ស្នើ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​អគ្គិសនី​​​កម្ពុជា​​​(EdC)គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ​​​ ក្រសួង​​​រ៉ែ​​​ និង​​​ថាម​​​ពល​​​និង​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​ឲ្យ​​​ធ្វើ​​​ការ​​​រួម​​​គ្នា​​​ដើម្បី​​​ធានា​​​ឲ្យ​​​បាន​​​ថា ម្ចាស់​​​ផ្ទះ​​​នឹង​​​មិន​​​យក​​​ថ្លៃ​​​ភ្លើង​​​ខ្ពស់​​​ពី​​​កម្មករ​​​។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ​​​​​​​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​ម្ចាស់​​​ផ្ទះ​​​ផ្គត់​​​ផ្គង់​​​ភ្លើង​​​ដោយ​​​សម្ងាត់​​​ ហើយ​​​យក​​​ថ្លៃ​​​​​​ខុស​​​ពី​​​អ្វី​​​ដែល​​​​​​ពួក​​​គេ​​​បង់​​​មក​​​ឲ្យ​​​យើង យើង​​​នឹង​​​ចាប់​​​ផ្តើម​​​ត​​​អគ្គិសនី​​​​​​ទៅ​​​ឲ្យ​​​កម្មករ​​​ប្រើ​​​ដោយ​​​ផ្ទាល់​​​តែ​​​ម្តង”។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា យោង​​​តាម​​​គម្រោង​​​របស់​​​លោក​​​ កម្មករ​​​ណា​​​ដែល​​​ប្រើ​​​តិច​​​ជាង​​​៥០​​​គីឡូវ៉ាត់​​​ម៉ោង​​​ក្នុង​​​មួយ​​​ខែ​​​នឹង​​​ត្រូវ​​​បង់​​​ត្រឹម​​​តែ​​​៦១០​​​រៀល​​​ប៉ុណ្ណោះ​​​ក្នុង​​​មួយ​​​គីឡូវ៉ាត់​​​ម៉ោង​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “ប្រសិនបើ​​​ពួក​​​គាត់​​​ប្រើ​​​ត្រឹម​​​តែ​​​អំពូល​​​ពីរ​​​ និង​​​កង្ហារ​​​មួយ​​​ អគ្គិសនី​​​ដែល​​​ពួក​​​គាត់​​​ប្រើ​​​ប្រាស់​​​នឹង​​​មិន​​​លើ​​​សពី​​​៥០​​​គីឡូវ៉ាត់​​​ម៉ោង​​​ឡើយ​​​”។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​​​​​​​មិន​​​បាន​​​បញ្ជាក់​​​ថា តើ​​​កម្មករ​​​ណា​​​ដែល​​​លោក​​​បាន​​​សំដៅ​​​ទៅ​​​លើ​​​​​​ឲ្យ​​​ពិត​​​ប្រាកដ​​​នោះ​​​ទេ ប៉ុន្តែ លោក​​​បាន​​​ផ្តោត​​​លើ​​​កម្មករ​​​ដែល​​​រស់​​​នៅដោយ​​​ជួល​​​​​​បន្ទប់​​​​គេ​​​។ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ថា កម្មករ​​​ប្រហែល​​​១៥០.០០០នាក់​​​​​​មក​​​ពីបណ្តា​​​ខេត្ត​​​នានា​​​សព្វ​​​ថ្ងៃ​​​កំពុង​​​ជួល​​​បន្ទប់​​​ប្រហែល​​​៣០.០០០បន្ទប់​​​នៅ​​​ក្នុង​​​រាជ​​ធានី​​​ភ្នំពេញ​​​ដោយ​​​​​​ពួក​​​គាត់​​​​​​បាន​​​បង់ថ្លៃ​​​ភ្លើង​​​​​​ចន្លោះ​​​ពី​​​៨៥០រៀលដល់​​​២.៥០០​​​រៀល​​​ក្នុង​​​មួយ​​​គីឡូវ៉ាត់​​​ម៉ោង​​​។តម្លៃ​​​ភ្លើង​​​ដែល​​​រដ្ឋ​​​បាន​​​កំណត់​​​គឺ​​​ចាប់​​​ពី​​​៦១០​​​រៀល​​​ដល់​​​៨២០​​​រៀល​​​ក្នុង​​​មួយ​​​គីឡូវ៉ាត់​​​ម៉ោង​​​។

លោក​​​​​​មិន​​​បាន​​​ពន្យល់​​​ថា តើ​​​​​​ពេល​​​ណា​​​​​​​​​គម្រោង​​​នេះ​​​នឹង​​​ចាប់​​​ផ្តើម​​​ឡើយ​​​ ប៉ុន្តែ ថា​​​គម្រោង​​​នេះ​​​ក៏​​​នឹង​​​​​​ទៅ​​​ដល់​​​បណ្តា​​​ខេត្ត​​​នានា​​​ផង​​​ដែរ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ក្រៅ​​​ពី​​​រាជ​​​ធានី​​​ភ្នំពេញ​​​ គម្រោង​​​​​​នេះ​​​នឹង​​​ទៅដល់​​​បណ្តា​​​ខេត្ត​​​នានា​​​ដែល​​​អគ្គិសនី​​​ត្រូវ​​​បាន​​​ផ្គត់​​​ផ្គង់​​​ដោយ​​​រដ្ឋ​​​ និង​​​ដែល​​​ក៏​​​មាន​​​បន្ទប់​​​ជួល​​​ដែរ​​​នោះ”។

គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​លោក កែវ​​​ រតនៈ​​​ អគ្គនាយក​​​អគ្គិសនី​​​កម្ពុជា​​​ដើម្បី​​​សុំ​​​ការធ្វើ​​​​​​អត្ថាធិប្បាយ​​​បាន​​​​​​ឡើយ​​​។

តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ នៅ​​​ក្នុង​​​កិច្ច​​​សម្ភាសន៍​​​មួយ​​​ជា​​​មួយ​​​កាសែត​​​ដើម​​​អម្ពិល​​​ដែល​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​​​ម្សិលមិញ លោក កែវ រតនៈ​​​ បាន​​​លើក​​​ឡើង​​​ថា អគ្គិសនី​​​កម្ពុជា​​​មាន​​​គម្រោង​​​​​​ចំណាយ​​​ប្រាក់​​​ចំនួន​​​២លាន​​​ដុល្លារ​​​ ដើម្បី​​​ត​​​អគ្គិសនី​​​តាម​​​បន្ទប់​​​ជួល​​​នីមួយ​​​ទូទាំង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដោយ​​​ប្រើ​​​ខ្សែភ្លើង​​​ប្រមាណ៤០.០០០​​​ម៉ែត្រ​​​។ លោក​​​មិន​​​បាន​​​ប្រាប់​​​ថា ពេល​​​ណា​​​ការ​​​ងារ​​​នេះ​​​នឹ​​​ងចាប់​​​ផ្តើម​​​ឡើយ​​​។

លោក​​​បាន​​​ប្រាប់​​​កាសែត​​​នេះ​​​ថា “ទោះ​​​បី​​​ជា​​​ [លោក​​​នាយករដ្ឋ​​​មន្ត្រី ហ៊ុន សែន ]​​​​​​ ស្នើ​​​ឲ្យ​​​យើង​​​ធ្វើ​​​ក្នុង​​​ពេល​​​ឥឡូវ​​​នេះ​​​ក៏​​​ដោយ ​​​​​​តែ​​​យើង​​​ត្រូវ​​​ការ​​​ពេល​​​វេលា​​​ច្រើន​​​ដើម្បី​​​ទិញ​​​ខ្សែ​​​ភ្លើង​​​ និង​​​ខ្សែ​​​កាប​​​”។

អ្នក​​​ខ្លះ​​​បាន​​​ចោទ​​​សួរ​​​អំពី​​​លទ្ធផល​​​នៃ​​​គម្រោង​​​នេះ។ បន្ទប់​​​ជួល​​​ជា​​​ច្រើន​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​សុទ្ធ​​​តែ​​​ត្រូវ​​​បាន​​​ជួល​​​ដោយ​​​​​​កម្មករ​​​កាត់​​​ដេរ​​​ក្បែរ​​​រោង​​​ចក្រ ដែល​​​ពួកគាត់​​ធ្វើ​​​ការ​​​។ លោក អាត់​​​ ធន់ ដែល​​​ដឹក​​​នាំ​​​សហជីព​​​ឯករាជ្យ​​​ធំបំផុត​​​នៅ​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា កម្មករ​​​ភាគ​​​ច្រើន​​​ខ្វះ​​​ឯកសារ​​​ដែល​​​រដ្ឋ​​​តម្រូវ​​​ឲ្យ​​​មាន​​​​​​ដើម្បីអាច​​​ត​​អគ្គិសនី​​​បាន ព្រោះ​​​ថា ពួក​​​គាត់​​​ម្តង​​​រើ​​​ទៅ​​​នេះ​​​ម្តង​​​រើ​​​ទៅ​​​នោះ​​​។

លោក​​​ កែន លូ អគ្គលេខាធិការ​​​សមាគម​​​រោង​​​ចក្រ​​​​​​នៅ​​​កម្ពុជា ដែល​​​តំណាង​​​ឲ្យ​​​រោង​​​ចក្រ​​​នានា​​​បាន​​​យល់​​ស្រប​​​ថា ការ​​​ដំឡើង​​​ថ្លៃ​​​អគ្គិសនី​​​គឺ​​​ជា​​​រឿង​​​ប្រឈម​​​សម្រាប់​​​កម្មករ​​​ ប៉ុន្តែ លោក​​​​​​សង្ស័យ​​​ថា ម្ចាស់​​​ផ្ទះ​​​នឹង​​​មិន​​​ព្រម​​​ឲ្យ​​​រដ្ឋាភិបាល​​​តភ្លើង​​​ដោយ​​​ផ្ទាល់​​​ចូល​​​តាម​​​បន្ទប់​​​នីមួយ​​​ៗ​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​ដឹង​​​ឡើយ​​​ថា តើ​​​វា​​​អាច​​​ទៅ​​​រួច​​​ ឬក៏​​​អត់​​​នោះ​​​”៕ស៊ុយ​​​ឈាង​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស